ក្រសួង​រៀបចំដែនដី បន្តសហការ​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកស្ទួយ​ជីវភាពពលរដ្ឋ​ក្នុងមូលដ្ឋាន​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រសួង​រៀបចំដែនដី បន្តសហការ​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកស្ទួយ​ជីវភាពពលរដ្ឋ​ក្នុងមូលដ្ឋាន​

ក្រសួង​រៀបចំដែនដី បន្តសហការ​ជាមួយ​ក្រសួងស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​លើកស្ទួយ​ជីវភាពពលរដ្ឋ​ក្នុងមូលដ្ឋាន​

ភ្នំពេញ ៖ ការលើក​កម្ពស់​ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ​នៅក្នុងមូលដ្ឋាន​ ក៏ជា​សមរភូមិ​មួយរបស់​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់​ ដោយក្រសួង នឹង​បន្ត​កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយបណ្ដា​ក្រសួង ​និងស្ថាប័ននានា​ដែលពាក់ព័ន្ធ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅ​របស់ពលរដ្ឋ​ឱ្យកាន់តែប្រសើរជាងមុន។

Advertisement

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា គ្រាមុន​ ក្រសួងដែនដី​ បានផ្ដោតលើការងារ​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប៉ុន្តែមកដល់បច្ចុប្បន្ន​នេះ ក្រសួង​បានបន្ថែមការងារ​ថ្មីមួយទៀត​ទៅតាមអ្វីដែលជា​តម្រូវការរបស់ប្រជាពលរដ្ឋ ។​ ជាក់ស្ដែង ​ក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានក្រុមការងារ​មួយដែលទទួល​បន្ទុក​ការងារ​ចិញ្ចឹមសត្វសម្រាប់ជាជំនួយដល់បង​ប្អូនប្រជាពលរដ្ឋ ទាំងផ្នែកផ្តល់ពូជចិញ្ចឹម បច្ចេកទេសចិញ្ចឹម និងថែទាំ។

ឯកឧត្តម​បន្តថា ៖

«កន្លងមក​សម្ដេច​អគ្គមហា​សេនា​បតីតេជោ​ ហ៊ុន សែន ធ្លាប់​បាន​ណែនាំឱ្យ​កែប្រែសក្ដានុពល​ទឹកដីរបស់​កម្ពុជា​ឱ្យ​មានគុណតម្លៃ ដើម្បីកែប្រែជីវភាពរបស់ប្រជាជនកម្ពុជា​នៅក្នុងមូលដ្ឋាន ដូច្នេះហើយ​ក្នុងនាមជាថ្នាក់ដឹកនាំក្រសួង​ដែនដី ត្រូវ​ធ្វើម៉េច​ដើម្បីឆ្លើយ​តបទៅនឹង​ទស្សនវិស័យរបស់សម្ដេច​ ។ ក្រសួងដែនដី​មានក្រុមការងារជាច្រើនទទួល​បន្ទុកលើការងារ​ផ្សេងៗគ្នា ក្នុងនោះក៏មាន​ក្រុមការងារ​ទទួល​បន្ទុករៀបចំដែនដី ដូចជា​ការ​រៀបចំភូមិឋានរបស់​ប្រជាពលរដ្ឋ​ឱ្យ​មានរបៀប​រៀប​រយ​ និងមានសណ្ដាប់​ធ្នាប់​»។

ដោយឡែក ការងារ​កសិកម្ម​ដែលជា​ប្រភពចំណូល​សំខាន់របស់​ពលរដ្ឋ​ក្នុងមូលដ្ឋាន​ ក៏ត្រូវបានថ្នាក់ថដឹកនាំយកចិត្តទុកដាក់ដែរ ដោយក្រសួងរៀបចំដែនដី ​សហការ​ជាមួយក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ, ក្រសួងធនធាន​ទឹក និងឧត្តុនិយម​, ក្រសួងសាធារណការ​ និងដឹកជញ្ជូន, ក៏ដូចជា​ក្រសួង​អភិវឌ្ឍន៍ជនបទជាដើម ។

ឯកឧត្តមបញ្ជាក់​ថា ៖

« ការងារទាំង​នេះ ត្រូវតែរួមគ្នា​ធ្វើ​ទើប​អាច​សម្រេច​បាន ដោយមិនធ្វើ​តែម្នាក់​ឯង​នោះឡើយ ដូច្នេះហើយទើប​ត្រូវ​មានកិច្ចសហការ​ និងធ្វើការងារ​រួមគ្នា​ ដើម្បីឱ្យការរស់នៅរបស់ពលរដ្ឋ​កាន់តែប្រសើរ​។ ជា​ជំហាន​ដំបូង យើង​ត្រូវ​រួមគ្នារៀបចំ​លើដី​សម្បទានសង្គម​កិច្ច​ជាមុន ដោយ​ធ្វើយ៉ាង​ណា​ឱ្យ​បងប្អូនពលរដ្ឋ​ជាអតីត​យុទ្ធជន​រស់​នៅ និង​មានជីវភាព​ល្អប្រសើរ​ ។ ក្រៅពីការ​រៀបចំផ្ទះសម្បែង និង​ភូមិឋាន​បានល្អ ក្រសួងក៏ត្រូវ​យកចិត្តទុកដាក់​លើ​រចនាសម្ព័ន្ធ ដូចជា​សាលា​រៀន មន្ទីរពេទ្យ​ក្នុងសហគមន៍​ផងដែរ។ »។​

នៅក្នុងឱកាសជាមួយគ្នានវ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ​ក៏បានណែនាំឱ្យមន្ត្រីដែលជាថ្នាក់ដឹកនាំក្រសួង​ដែនដី រៀបចំថវិកា​ ហើយបង្វែរទិស​ពីគម្រោង​ផ្សេងៗ មក​ផ្ដោតលើគម្រោង​ដីសម្បទាន​សង្គម​ ដែលបង្ហាញពី​ការ​យកចិត្តទុកដាក់​ចំពោះអតីតយុទ្ធជន​របស់​កម្ពុជា ដែលជាអ្នកមានគុណ​ក្នុងកិច្ចការពារ​ជាតិ​របស់​យើង៕

លោក អ៊ិច ណែត | Mr. Ich Neth

លោក អ៊ិច ណែត | Mr. Ich Neth

ជីវប្រវត្តិ: បានបញ្ចប់​ការ​សិក្សា​ផ្នែកទំនាក់ទំនង​សង្គម និងសារព័ត៌មាន​​នៃសាលា​បច្ចេកទេស​ដុន​បូស្កូ ខេត្តព្រះ​សីហនុ និងមានបទពិសោធន៍​ក្នុងវិស័យ​សារព័ត៌មាន​១៣ឆ្នាំ ។ បច្ចុប្បន្នជា​អ្នកយកព័ត៌មាន​សេដ្ឋកិច្ច និងអចលនទ្រព្យ​ ឱ្យសារព័ត៌មាន AMS Economy ។​

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា