កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាស្ពានយុទ្ធសាស្ត្រតភ្ជាប់រវាងបញ្ហាពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបែបបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍

ភ្នំពេញ៖ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី ៦ កំពុងស្វែងរកធុរកិច្ចថ្មី ក្រុមហ៊ុនបច្ចេកវិទ្យា និងនវានុវត្តជនដែលមានសមត្ថភាព និងចំណាប់អារម្មណ៍ក្នុងការបង្កើតដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីបំពេញចន្លោះខ្វះខាតក្នុងសង្គមជាក់ស្តែង និងអភិវឌ្ឍផលិតផល ឬសេវាកម្មរបស់ខ្លួនឱ្យមានសក្តានុពលក្នុងការរុញចូលទីផ្សារ។ កម្មវិធីនេះបើកទទួលពាក្យជាផ្លូវការហើយ ដើម្បីស្វែងរកម្ចាស់ជ័យលាភីធុរកិច្ចថ្មី ដែលនឹងទទួលបានប្រាក់ទុនវិនិយោគដោយមិនយកភាគហ៊ុនសរុប៨០លានរៀល។

Advertisement

កញ្ញា សួន សុកាវណ្ណី អ្នកដឹកនាំកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៦ បានលើកឡើងថា កម្មវិធីនេះមិនត្រឹមតែជាកម្មវិធីពន្លឿនអាជីវកម្មធម្មតានោះទេ ប៉ុន្តែវាជាស្ពានយុទ្ធសាស្ត្រដែលតភ្ជាប់រវាងបញ្ហាប្រឈមពិតប្រាកដក្នុងទីផ្សារ ទៅនឹងដំណោះស្រាយបច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍។

កញ្ញាបានបញ្ជាក់ថា ៖

« ឆ្លងកាត់បទពិសោធន៍ ៥ រដូវកាលកន្លងមក ក្រុមការងារបានរចនាម៉ូដែលគាំទ្រឱ្យកាន់តែមានភាពស៊ីជម្រៅ ផ្តោតលើការណែនាំពីអ្នកជំនាញ និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលសំខាន់ៗ។ រដូវកាលទី៦នេះ នឹងក្លាយជាកាតាលីករដ៏មានឥទ្ធិពលក្នុងការជួយធុរកិច្ចថ្មីកម្ពុជាឱ្យបំប្លែងចំណោទបញ្ហាទៅជាឱកាសអាជីវកម្មប្រកបដោយចីរភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់ក្នុងទីផ្សារជាក់ស្តែង»។

លោក សន ប៊ុនឡុង គណៈប្រធាននាយកវិនិយោគ និងជាសហស្ថាបនិកក្រុមហ៊ុន We Gro Up Co., Ltd (WeMoney Mobile) និងជាជ័យលាភីឯកកម្មវិធី «នវានុវត្តន៍បញ្ច្រាស» រដូវកាលទី៥ បានចែករំលែកថា៖

«ការចូលរួមក្នុងកម្មវិធីបានជួយឱ្យយើងកែលម្អយុទ្ធសាស្ត្រអាជីវកម្ម ស្វែងយល់កាន់តែស៊ីជម្រៅពីតម្រូវការអតិថិជន និងពង្រឹងផលិតផលឱ្យកាន់តែសមស្របទៅនឹងទីផ្សារ។ ការតម្រង់ទិសពីអ្នកជំនាញ និងឱកាសក្នុងការកសាងបណ្តាញទំនាក់ទំនង បានរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿនភាពរីកចម្រើនរបស់ក្រុមហ៊ុនយើង»។

ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”  បានថ្លែងថា៖​

«កម្មវិធីនវានុវត្តន៍បញ្ច្រាសរដូវកាលទី៦ ត្រូវបានបង្កើតឡើងក្នុងគោលបំណង ផ្តល់ឱកាសដល់ក្រុមធុរកិច្ចថ្មី ដើម្បីការចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារជាក់ស្តែងតាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងនវានុវត្តន៍, ផ្តល់ជាចំណេះដឹង និងជំនាញសំខាន់ៗដល់ក្រុមធុរកិច្ចថ្មី ដើម្បីអភិវឌ្ឍផលិតផល ឬ សេវាកម្មប្រកបដោយសក្តានុពលគ្រប់គ្រាន់សម្រាប់ចូលទៅកាន់ទីផ្សារ និង ផ្សារភ្ជាប់ជាមួយនឹងបណ្តាញតួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធអេកូឡុស៊ីធុរកិច្ចថ្មី»។

សូមជម្រាបថា​​ នវានុវត្តន៍បញ្ច្រាស គឺជាកម្មវិធីពន្លឿនអាជីវកម្មដ៏ធំប្រចាំឆ្នាំមួយក្រោមការរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” (ម.ធ.ត.) ព្រមទាំងកិច្ចសហការរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងសហគ្រិនខ្មែរ។ ផ្តើមចេញពីអំឡុងឆ្នាំ២០២១ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» បានគាំទ្រធុរកិច្ចថ្មីសរុបចំនួន ៤១ ក្រុម ដោយក្នុងនោះ ២៣ ក្រុមនៅតែបន្តប្រតិបត្តិការយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន និងបានផ្តល់ទុនវិនិយោគដោយមិនយកភាគហ៊ុនសរុបប្រមាណ ៦៨៣ លានរៀល ដើម្បីគាំទ្រការអភិវឌ្ឍដំណោះស្រាយប្រកបដោយនវានុវត្តន៍នៅកម្ពុជា។

ខុសពីកម្មវិធី​​ពន្លឿនអាជីវកម្មទូទៅ កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ផ្តោតលើការចាប់ផ្តើមពីបញ្ហាទីផ្សារជាក់ស្តែង (Market Challenges) មុននឹងអភិវឌ្ឍដំណោះស្រាយ។ តាមរយៈម៉ូដែលគាំទ្រដែលភ្ជាប់រវាងអ្នកសម្របសម្រួលបញ្ហាប្រឈម (Challenge Curators) អ្នកជំនាញ (Domain Experts) និងក្រុមធុរកិច្ចថ្មី កម្មវិធីមានគោលបំណងជួយឱ្យអ្នកចូលរួមអាចយល់ដឹងស៊ីជម្រៅពីបញ្ហា កំណត់ដំណោះស្រាយដែលមានសក្តានុពល និងត្រៀមខ្លួនសម្រាប់ការចូលទីផ្សារប្រកបដោយប្រសិទ្ធភាព។

សម្រាប់រដូវកាលថ្មីនេះ កម្មវិធីមានចំណោទបញ្ហាទីផ្សារសំខាន់ៗចំនួន ៤ ៖ (១) ដំណោះស្រាយឌីជីថលសម្រាប់ការភ្ជាប់ទីផ្សារ និងខ្សែច្រវាក់តម្លៃកសិកម្ម, (២) ឧបករណ៍បច្ចេកវិទ្យាក្នុងការធ្វើទីផ្សារ និងជំរុញការលូតលាស់អាជីវកម្ម, (៣) ដំណោះស្រាយហិរញ្ញវត្ថុឌីជីថលសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និង (៤) ដំណោះស្រាយឌីជីថល ឬ ឧបករណ៍បច្ចេកវិទ្យាសម្រាប់អាជីវកម្មទេសចរណ៍។

ក្នុងអំឡុងពេលកម្មវិធីដំណើរការ ក្រុមចូលរួមនឹងទទួលបានអត្ថប្រយោជន៍ជាច្រើន រួមមាន ៖ ទុនវិនិយោគដោយមិនយកភាគហ៊ុន (Equity-free Investment), ការបណ្តុះបណ្តាល និងការតម្រង់ទិសពីអ្នកជំនាញ (Domain Experts), ការផ្សារភ្ជាប់ជាមួយអ្នកតម្រង់ទិសផ្នែកអាជីវកម្ម និងផ្នែកបច្ចេកទេស, សហការិយាល័យធ្វើការ (Co-working Space), ឥណទានបច្ចេកវិទ្យាក្លោដ AWS (Cloud Credits) រហូតដល់ទៅ ១០,០០០ ដុល្លារអាមេរិក, ការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ និងវិនិយោគិន ,​ការគាំទ្រផ្នែកបច្ចេកទេស និងការគាំទ្រហេដ្ឋារចនាសម្ព័ន្ធផ្សេងៗរួមមាន៖ ការសាកល្បងការទូទាត់    ប្រាក់ឌីជីថល (Digital Payment Sandbox), CamDX, CamDigiKey, Khmer OCR, Semantic Search,ការចុះឈ្មោះអាជីវកម្មតាមប្រព័ន្ធអនឡាញ និងថ្នាលឌីជីថលធុរកិច្ចថ្មីកម្ពុជា(Startup Cambodia)៕

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

លោក ញ៉ែម សុផល | Mr. NHEM SOPHAL

ជីវប្រវត្តិ: លោក ញ៉ែម សុផល ចាប់ផ្តើមអាជីពសារព័ត៌មាននៅឆ្នាំ១៩៩៣និងធ្លាប់មានបទពិសោធន៍ជិត៣០ឆ្នាំក្នុងវិស័យសារព័ត៌មាន ផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វប្បធម៌ សង្គម និង បកប្រែភាសាអង់គ្លេស ។ ធ្លាប់បម្រើការក្នុងស្ថាប័នសារព័ត៌មានធំៗជាច្រើន ដូចជា ស្ថានីយទូរទស្សន៍ កាសែត ទស្សនាវដ្តី និងគេហទំព័រ ដោយទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈទាំងនៅក្នុងស្រុកនិងក្រៅប្រទេស។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស។បច្ចុប្បន្នជាអ្នកយកព័ត៌មានជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនិង​ផ្សព្វផ្សាយនៅ AMS Economy ៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា