សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

សង្គ្រាម​នៅ​អ៊ីរ៉ង់ ​កំពុង​បង្កវិបត្តិ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មាន​ដល់​កសិករ​អា​មេរិក​

បរទេស ៖ យោង​តាម​របាយការណ៍​របស់​ Financial ​Times ​ដែល​ត្រូវ​បាន​ដក​ស្រង់​មក​ផ្សាយ​បន្ត​ដោយ​កាសែត​ ​RT ​បាន​ឱ្យ​ដឹង​ថា​ ​ដោយសារតែភ្លើងសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមកសិករ​ជនជាតិ​អាមេរិក​​ដែល​ជា​​អ្នក​ផលិតសម្រាប់ផ្គត់ផ្គង់​ទីផ្សារ​គ្រាប់​ធញ្ញជាតិ​បាន​ធ្លាក់​ចូល​ទៅក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាងធ្ងន់ធ្ងរ​បំផុត​មិន​ធ្លាប់​មានក្នុង​រយៈពេល​ ៤០ឆ្នាំចុងក្រោយ​មក​នេះ​។​​ ​វិបត្តិ​ស្ថិត​នៅ​ត្រង់​ថា ​ជម្លោះ​នៅតែ​បន្ត​ជាមួយ​ប្រទេស​អ៊ីរ៉ង់​បាន​បណ្តាល​ធ្វើឱ្យ​ប្រេង​ម៉ាស៊ូត ​និង​ជី​ក​សិ​កម្ម​សំខាន់​ៗបន្ត​ឡើង​ថ្លៃ​ឥត​ឈប់ឈរ​ រួមផ្សំជាមួយ​បញ្ហា​អាកាសធាតុ ​និង​ចំណូល​កសិកម្ម​ថយចុះ​​ជា​ច្រើន​ឆ្នាំ​ធ្វើឱ្យជីវភាពធ្លាក់ចុះ​។

​សម្ពាធ​សេដ្ឋកិច្ច​ថ្មី​ចុងក្រោយ​នេះ​បាន​កើតឡើង​បន្ទាប់ពី​យោធា​អាមេរិក​ ​សហការជាមួយ​អ៊ីស្រាអែល​ វាយប្រហារលើ​ប្រទេស​អ៊ីរ៉ង់​នាចុង​ខែ​កុម្ភៈ ​ដែល​នាំឱ្យ​ទីក្រុង​តេហរ៉ង់​សម្រេច​បិទ​ការ​ដឹកជញ្ជូន​ពាណិជ្ជកម្ម​ស្ទើរ​ទាំងស្រុង​តាម​ច្រក​សមុទ្រ​ ​Hormuz​ ដែល​ប៉ះពាល់​ដល់​ចំណុច​បេះដូង​នៃ​កសិកម្ម​អាមេរិក​ ជាពិសេ កសិករ​ដែល​​បង្ក​បង្កើនផលដំណាំ​ពោត​ បាន​ចំណាយកាន់តែច្រើនលើ​ប្រតិបត្តិការ​ដំណាំ។

​លោក​ ​John ​Hansen ​ប្រធាន​សហជីព​កសិករ ​Nebraska ​បាន​លើកឡើងថា ​កំឡុងពេល​មានវិបត្តិ ជី​ដែល​មាន​សារធាតុ​ភូសហ្វ័រ ​(​Phosphorus) សម្រាប់​ប្រើប្រាស់​ក្នុង​រដូវ​ដាំដុះ​ឥឡូវ​នេះ​មាន​តម្លៃ​លើស​ពី​ ​៩០០​ដុល្លារ​ក្នុង​មួយ​តោន ​​កើនឡើង​ពី ៤៧០​ដុល្លារ​ក្នុង​មួយ​តោន​កាលពី​មួយ​ទសវត្សរ៍​មុន​ ហើយតម្លៃ​ថាមពល​ក៏​បាន​កើនឡើង​ដូចគ្នា។

​ទិន្នន័យ​ពី​ទីភ្នាក់ងារ​ព័ត៌មាន​ថាមពល​សហរដ្ឋ​អាមេរិក​ ​(​EIA​)​ បាន​បង្ហាញ​​ថា ​តម្លៃ​ប្រេង​ម៉ាស៊ូត​ជា​មធ្យម​នៅ​ទូទាំង​ប្រទេស​បាន​កើនឡើង​ដល់​ប្រហែល​ ៥​,​៤៥​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​ កើន​ឡើង​ពី​ ៣​,​៨១​ដុល្លារ​ក្នុង​មួយ​ហ្គាឡុង​មុនពេល​សង្គ្រាម​ចាប់ផ្តើម​។ ​តំណាង​វិស័យ​នេះ​ បាន​បញ្ជាក់​ថា​ កសិករ​ជា​ច្រើន​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹងទទួលការខាតបង់រហូតដល់២​ឆ្នាំ​ខាង​មុខ​ ​ដោយសារតែ​ភាព​មិន​ប្រាកដប្រជា​នៃ​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ​នឹង​សង្គ្រាម​។

​ការ​ព្យាករណ៍​ពី​អ្នក​សេដ្ឋកិច្ច​នៃ​សហព័ន្ធ​កសិដ្ឋាន​អាមេរិក​ ​American Farm ​Bureau Federation ​បានបង្ហាញ​ថា ​កសិករ​ដាំ​ដំណាំ​សំខាន់​ៗ​ចំនួន​៩​នៅ​សហរដ្ឋ​អាមេរិក​​នឹង​ខាតបង់​ប្រមាណ​ ​៣១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៦ ​ប្រសិនបើ​គ្មាន​ជំនួយ​ពី​រដ្ឋាភិបាល​​ ​ហើយ​ការ​ខាតបង់​នេះ​នឹង​បន្តកើនឡើង​ដល់​ ៣២​ពាន់​លានដុល្លារ​ក្នុង​ឆ្នាំ​២០២៧​។

​ក​សិករ​អាមេរិក​ បាន​បន្ទោស​លើ​តម្រូវការ​នៅ​បរទេស​ដែល​ធ្លាក់​ចុះ​ ​ពិសេស​សម្រាប់​សណ្តែក​សៀង​អាមេរិក​នៅក្នុង​ប្រទេស​ចិន ​ដោយសារតែ​ជម្លោះ​ពាណិជ្ជកម្ម​​ពាក់ព័ន្ធ​នឹង​ទីក្រុង​វ៉ាស៊ីនតោន​។ ​ដូច្នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​សម្ពាធ​សេដ្ឋកិច្ច​ដែល​កំពុង​កើនឡើង​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ស្នើសុំ​សភា​ជាតិបញ្ចេញនូវ​កញ្ចប់​ជំនួយបន្ទាន់​បន្ថែម​ចំនួន​ ​១១​ពាន់​លាន​ដុល្លារ​សម្រាប់​វិស័យ​នេះ​ ​បន្ទាប់ពី​វិធានការ​សង្គ្រោះ​រាប់​ពាន់​លាន​ដុល្លារទើបតែធ្វើឡើង​កាលពីប៉ុន្មានខែ​មុន​៕

ជាមួយនឹងការធ្លាក់ចុះនូវតម្រូវការទិន្នផលកសិកម្ម តម្លៃថ្លៃផលិតកសិកម្មកើនឡើងខ្ពស់ អ្នក​វិភាគបាន​ព្រមាន​ថា​ រូបភាពទាំងអស់នេះ ​អាច​ធ្វើឱ្យ​អតិផរណា​សម្រាប់​អ្នក​ប្រើប្រាស់កាន់តែ​អាក្រក់​ទៅ​ៗ ​ខណៈពេលបច្ចុប្បន្ន​ វាមាន​កម្រិត​ខ្ពស់​ជាង​គោលដៅ​​ដែល​ធនាគារ​កណ្តាល​អាមេរិក​បានកំណត់រហូតដល់២ភាគរយរួចទៅហើយនោះ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា