ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ស្ថាប័នចំនួន ៣ រួមដៃគ្នារៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីកាត់បន្ថយចំណាយថ្លៃដើម

ឧត្តរមានជ័យ ៖ សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានសហការជាមួយក្រុមហ៊ុន ខ្មែរ ដ្រូន ថេកណូឡូជី (Khmer Drone Technology Co., Ltd.) និងទទួលបានការគាំទ្រថវិកាពី សហគ្រិនខ្មែរ (Khmer Enterprise) បានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល ដើម្បីជួយកាត់បន្ថយចំណាយថ្លៃដើមជូនសហគមន៍ស្វាយឆ្លាតវៃក្នុងខេត្តឧត្តរមានជ័យ រយៈពេល ៣ថ្ងៃ ផ្តោតសំខាន់លើការបន្ថយការប្រើប្រាស់ថ្នាំគីមី ជី និងទឹក ពី ២០% ទៅ ៣០% ព្រមទាំងបើកផ្លូវឱ្យមានគំរូហិរញ្ញប្បទាន “ភាគីទីបី” ដើម្បីពង្រីកវិសាលភាពលើផ្ទៃដីជាង ១០០ ហិកតា ក្រោមការចូលរួមពីសិក្ខាកាមជាយុវជនក្នុងមូលដ្ឋានសរុប ៣៧នាក់ នារី ចំនួន១៤នាក់។

Advertisement

សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) សហការជាមួយស្ថាប័នពាក់ព័ន្ធចំនួន២ ដូចជម្រាបជូនខាងលើនេះ បានរៀបចំ «វគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាដ្រូនកសិកម្មឌីជីថល» រយៈពេល ៣ថ្ងៃ នៅសាលាស្រុកត្រពាំងប្រាសាទ ស្ថិតក្នុងភូមិទួលតាសេក ខេត្តឧត្តរមានជ័យ ដោយបានបង្រៀនកសិករខ្នាតតូច និងយុវជនសហគ្រិនក្នុងមូលដ្ឋានឱ្យចេះបញ្ជាដ្រូនកសិកម្មកម្រិតឧស្សាហកម្ម សម្រាប់ការបាញ់ថ្នាំច្បាស់លាស់ ការបាចជី និងការតាមដានសុខភាពដំណាំ។

សម្រាប់អ្នកចូលរួមបានស្វែងយល់ពីបច្ចេកវិទ្យាដ្រូនកសិកម្មមួយចំនួនរួមមានដូចជា ការចេះរៀបចំផែនការផ្លូវហោះហើរ, ការកំណត់កម្រិតបរិមាណបាញ់ថ្នាំ និងជី ជាពិសេស ការតាមដានសុខភាពដំណាំតាមរយៈ (NDVI) ដែលតាមរយៈបច្ចេកវិទ្យានេះអាចជួយកាត់បន្ថយការប្រើប្រាស់ថ្នាំគីមី ជី និងទឹកបានពី ២០% ទៅ ៣០% អាចកាត់បន្ថយថ្លៃដើមផលិតកម្មបានពី ១៥% ទៅ ២០% និងជួយឱ្យកសិកររក្សាបាននូវគម្លាតនៃការបាញ់ថ្នាំគីមីដោយដៃផ្ទាល់នៅនឹងចម្ការទៀតផង។

លោក ទ្បេង សុខលី ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បានថ្លែងថា៖ កសិកម្មច្បាស់លាស់ (precision agriculture) មិនមែនជាជម្រើសដ៏ស្មុគស្មាញដែលធ្លាប់តែប្រើប្រាស់សម្រាប់តែចម្ការអាជីវកម្មធំៗទៀតនោះទេ ប៉ុន្តែវាក៏សំខាន់សម្រាប់កសិករខ្នាតតូចផងដែរ។

អ្នកជំនាញរូបនេះអះអាងថា ៖

«តាមរយៈការដាក់ឱ្យប្រើប្រាស់ដ្រូនកម្រិតសហគ្រាស និងការភ្ជាប់ទំនាក់ទំនងរវាងអ្នកបញ្ជាដ្រូនជានិស្សិត / យុវជន ដែលទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ទៅកាន់សហគមន៍កសិករខ្នាតតូច យើងកំពុងបង្កើតការងារជនបទប្រកបដោយចីរភាព ព្រមទាំងកែលម្អប្រាក់ចំណេញ និងភាពធន់ទៅនឹងបម្រែបម្រួលអាកាសធាតុដែលជាភាពប្រឈមរបស់កសិករផងដែរ»។

លោកបញ្ជាក់ថា ការនាំយកបច្ចេកវិទ្យាដ្រូនមកប្រើប្រាស់ គឺជាកាតាលិករដ៏សំខាន់ក្នុងការចូលរួមកាត់បន្ថយចំណាយមិនចាំបាច់ និងបង្កើនផលចំណេញអតិបរមាជូនដល់ប្រជាកសិករ។

លោក សំ បុង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានលើកឡើងថា ៖ ស្វាយ គឺជាដំណាំមួយដែលមានសក្ដានុពលខ្លាំង។ ជាមួយគ្នានេះ ដើម្បីធានាបាននូវស្តង់ដារគុណភាព បច្ចុប្បន្នមានកសិករដាំស្វាយចំនួន ២៤ គ្រួសារ ទទួលបានការទទួលស្គាល់នូវការអនុវត្តកសិកម្មល្អ (GAP) ដែលមានសុពលភាពរយៈពេល ២ ឆ្នាំ។

លោកបញ្ជាក់ថា ៖

«ពាក់ព័ន្ធនឹងការប្រើប្រាស់ដ្រូនកសិកម្មនៅក្នុងខេត្ត ដ្រូនកសិកម្ម ដែលបានចុះបញ្ជីរួចរាល់មានចំនួន ១១ គ្រឿង និងចំនួន ២ គ្រឿងទៀតនឹងចុះបញ្ជីនាពេលឆាប់ៗខាងមុខនេះ»។

លោកថា ការហោះហើរដ្រូន ត្រូវស្ថិតក្រោមការគ្រប់គ្រងសមត្ថកិច្ចចាប់ពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិ ហើយរាល់សកម្មភាពហោះហើរទាំងអស់ ដាច់ខាតត្រូវមានរបាយការណ៍ឱ្យបានច្បាស់លាស់។

ដោយឡែក លោក ហោ លីម តំណាងអភិបាលស្រុកត្រពាំងប្រាសាទ បានឱ្យដឹងថា ខេត្តឧត្តរមានជ័យ ធ្លាប់មានផ្ទៃដីដាំស្វាយរហូតដល់ជាង ៦ពាន់ហិកតា ប៉ុន្តែបច្ចុប្បន្ន កសិករកំពុងជួបប្រឈមនឹងបញ្ហាតម្លៃទីផ្សារធ្លាក់ចុះ។ យ៉ាងណាមិញ ពាក់ព័ន្ធនឹងបច្ចេកទេសបង្កបង្កើនផល លោកបានគូសបញ្ជាក់ថា បើប្រៀបធៀបទៅនឹងគ្រាមុនដែលកសិករនិយមប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំដោយដៃដែលប្រឈមខ្ពស់នឹងការប៉ះពាល់សុខភាព ប៉ុន្តែបច្ចុប្បន្ន ការនាំយកបច្ចេកវិទ្យាដ្រូនកសិកម្មមកប្រើប្រាស់ មិនត្រឹមតែមានភាពទំនើបប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយហានិភ័យនៃសារធាតុពុលមកលើសុខភាពកសិករយ៉ាងមានប្រសិទ្ធភាពទៀតផង។

សូមជម្រាបថា បច្ចុប្បន្ន សហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជា (CMDF) បាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនយ៉ាងមោះមុត ដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យក្នុងការលើកកម្ពស់តម្លៃ និងទំនុកចិត្តលើវិស័យស្វាយកម្ពុជា ទាំងក្នុងផលិតកម្ម ការកែច្នៃ និងទីផ្សារ សំដៅធ្វើឱ្យផលិតផលស្វាយកម្ពុជាត្រូវបានទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ក្នុងនាមជាប្រភពផ្គត់ផ្គង់ដ៏សំខាន់ ប្រកបដោយគុណភាព ភាពប្រកួតប្រជែង និរន្តរភាព និងការទទួលខុសត្រូវលើបរិស្ថាន៕

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

លោក អ៊ា សុវណ្ណារ៉ា | Mr. Ea Sovannara

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា