ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ឯកឧត្តម តូ ឡឹម ប្រធានរដ្ឋវៀតណាម អំពាវនាវឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

បរទេស៖ មេដឹកនាំកំពូលវៀតណាម ឯកឧត្តម តូ ឡឹម ដែលជាអគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅក្នុងព្រឹត្តិការណ៍ Franco Tech នៅប្រទេសកម្ពុជា នេះបើយោងតាមការចេញផ្សាយដោយកាសែតអនឡាញផ្លូវការរបស់រដ្ឋាភិបាលវៀតណាម VP News។

ថ្លែងក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម តូ ឡឹម លើកឡើងថា ពិភពលោកកំពុងធ្វើជាសាក្សីនៃការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៅក្នុងសេដ្ឋកិច្ចសកលក្រោមឥទ្ធិពលដ៏ខ្លាំងក្លានៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ទិន្នន័យធំ (Big data) បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាថ្មីៗ កំពុងផ្លាស់ប្តូរជាមូលដ្ឋាននូវជីវភាពសេដ្ឋកិច្ច-សង្គម និងវិធីសាស្ត្រនៃអភិបាលកិច្ច។ បម្រែបម្រួលទាំងនេះទាមទារឱ្យមានភាពចាំបាច់ក្នុងការប្រែក្លាយវឌ្ឍនភាពវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ទៅជាកាលានុវត្តភាពអភិវឌ្ឍន៍សម្រាប់ប្រទេសជាតិ និងធុរកិច្ច ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាពលរដ្ឋ។ ចាប់តាំងពីការបង្កើតលំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនីនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៧ នៅទីក្រុងហាណូយកាលពីឆ្នាំ ១៩៩៧ មក កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងសហគមន៍មួយនេះសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។

ទោះជាយ៉ាងណាក្តី ឯកឧត្តម តូ ឡឹម បានកត់សម្គាល់ថា សក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការនៅមិនទាន់ត្រូវបានទាញយកមកប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយទេ ដោយសារមូលហេតុផ្សេងៗ។ ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល កំពុងបើកឱកាសដែលមិនធ្លាប់មានពីមុនមកសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការផ្សារភ្ជាប់គម្លាតភូមិសាស្ត្រ ពង្រឹងការតភ្ជាប់ និងពង្រីកទីផ្សារ។ បច្ចុប្បន្ន ធុរកិច្ចមកពីគ្រប់ទ្វីបមានលក្ខខណ្ឌអំណោយផលកាន់តែច្រើន ក្នុងការចូលរួមក្នុងខ្សែច្រវាក់តម្លៃឆ្លងដែន និងទទួលបានដៃគូ ចំណេះដឹង ដើមទុន និងបច្ចេកវិទ្យា។ នេះគឺជាពេលវេលាដ៏ល្អសម្រាប់សហគមន៍ហ្វ្រង់កូហ្វូនី ក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល ក្លាយជាកម្លាំងចលករសម្រាប់ការអភិវឌ្ឍនៅក្នុងលំហហ្វ្រង់កូហ្វូន។

តាមរយៈទស្សនៈនេះ មេដឹកនាំវៀតណាមរូបនេះបានអំពាវនាវឱ្យមានការកំណត់អាទិភាពឱ្យបានច្បាស់លាស់ និងចាត់វិធានការជាក់ស្តែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមបានស្នើឱ្យសហគមន៍សិក្សាពីការរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីស្តីពីសេដ្ឋកិច្ចឌីជីថល ដើម្បីលើកកម្ពស់ការសម្របសម្រួលគោលនយោបាយ តាមរយៈការកំណត់គោលនយោបាយសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងបង្កើតក្របខ័ណ្ឌច្បាប់សម្រាប់ធុរកិច្ចចូលរួមក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគនៅក្នុងបរិយាកាសឌីជីថល។ ឯកឧត្តមក៏បានជំរុញឱ្យសហគមន៍ហ្វ្រង់កូហ្វូនីពង្រឹងការតភ្ជាប់កិច្ចសហប្រតិបត្តិការនវានុវត្តន៍ តាមរយៈការលើកកម្ពស់ ការចែករំលែកចំណេះដឹង កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ការផ្ទេរបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មលើលទ្ធផលស្រាវជ្រាវនៅក្នុងលំហសេដ្ឋកិច្ចហ្វ្រង់កូហ្វូនី ដោយនាំយកសមិទ្ធផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទៅប្រើប្រាស់ជាក់ស្តែងក្នុងផលិតកម្ម អាជីវកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃ។

ទន្ទឹមនឹងនេះ ឯកឧត្តម តូ ឡឹម បានស្វាគមន៍ចំពោះការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការលើកកម្ពស់បរិវត្តកម្មឌីជីថលក្នុងវិស័យឧត្តមសិក្សា រវាងក្រុមហ៊ុន Viettel Cambodia (Metfone) ទីភ្នាក់ងារឧត្តមសិក្សាហ្វ្រង់កូហ្វូន (AUF) និងក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា។ នេះជាការអនុវត្តជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាពនៃគំរូកិច្ចសហប្រតិបត្តិការនេះ។

លើសពីនេះ ឯកឧត្តម តូ ឡឹម អំពាវនាវឱ្យមានការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃយុគសម័យឌីជីថល ដោយផ្តោតការយកចិត្តទុកដាក់ជាពិសេសលើយុវជន និងស្ត្រី និងផ្សារភ្ជាប់ការបណ្តុះបណ្តាលទៅនឹងតម្រូវការជាក់ស្តែងរបស់ធុរកិច្ច ដើម្បីបង្កើនសមត្ថភាពសម្របខ្លួនរបស់កម្មករនិយោជិត និងលទ្ធភាពចូលរួមក្នុងសេដ្ឋកិច្ចឌីជីថល។ បន្ថែមពីនេះ វាចាំបាច់ណាស់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយទំនួលខុសត្រូវ បរិយាបន្ន និងផ្តោតលើមនុស្សជាស្នូល ដើម្បីរួមចំណែកកសាងប្រព័ន្ធអេកូឡូស៊ី AI ហ្វ្រង់កូហ្វូនីដែលមានភាពរស់រវើក សុវត្ថិភាព និងគួរឱ្យទុកចិត្ត ព្រមទាំងជួយកាត់បន្ថយគម្លាតឌីជីថល និងផ្តល់នូវកម្លាំងរុញច្រានថ្មីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សម្រាប់វៀតណាម ឯកឧត្តម តូ ឡឹម បានថ្លែងថា តាមរយៈការកំណត់យកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាកម្លាំងចលករសម្រាប់ដំណាក់កាលថ្មីនៃការអភិវឌ្ឍ វៀតណាមលើកកម្ពស់តួនាទីឈានមុខរបស់ធុរកិច្ច តួនាទីស្នូលរបស់អ្នកវិទ្យាសាស្ត្រ និងតួនាទីស្ថាបនារបស់រដ្ឋ។ លោកបានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចក្នុងការសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងដៃគូហ្វ្រង់កូហ្វូនីលើវិស័យដែលមានសក្តានុពលខ្ពស់ដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាឌីជីថល ឈីប និងការផ្លាស់ប្តូរបៃតង។ វៀតណាមស្វាគមន៍គម្រោងវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប លើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) និងការបណ្តុះបណ្តាលធនធានមនុស្ស។ សហគ្រាសវៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់យកឱកាសពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការវិនិយោគឌីជីថលជាមួយទីផ្សារហ្វ្រង់កូហ្វូនី។ វៀតណាមក៏ត្រៀមខ្លួនសម្របសម្រួលជាមួយសមាជិកហ្វ្រង់កូហ្វូនី ដើម្បីអនុវត្តសកម្មភាពជាក់ស្តែងក្នុងការលើកកម្ពស់ការតភ្ជាប់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងសហគមន៍នេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម តូ ឡឹម រួមជាមួយនាយករដ្ឋមន្ត្រីកម្ពុជា ប្រធានាធិបតីបារាំង ប្រធានាធិបតីប៊ុលហ្គារី ប្រធានាធិបតីរ៉ូម៉ានី នាយករដ្ឋមន្ត្រីកាណាដា និងថ្នាក់ដឹកនាំហ្វ្រង់កូហ្វូនីដទៃទៀត បានអញ្ជើញទស្សនាស្តង់ពិព័រណ៍ Franco Tech ផងដែរ។ គួរបញ្ជាក់ដែរថា ព្រឹត្តិការណ៍នេះមានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង លោក ម៉ាក ខានី នាយករដ្ឋមន្ត្រីកាណាដា និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាច្រើនទៀតនៃអង្គការអន្តរជាតិដែលជាក្រុមប្រទេសនិយាយភាសាបារាំង (OIF) ព្រមទាំងធុរជន និងស្ថាប័នវិទ្យាសាស្ត្រ បច្ចេកវិទ្យាមកពីបណ្តាប្រទេសហ្វ្រង់កូហ្វូនីផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា