រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

រដ្ឋបាលលោក ដូណាល់ ត្រាំ លុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងនាមជាប្រធានាធិបតី

បរទេស៖ អាម៉េរិក បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ ដែលជាកំណត់ត្រានៃចំនួនដ៏ច្រើនជាងរដ្ឋបាលអាណត្តិមុនៗទាំងអស់ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។

កាលពីថ្ងៃអង្គារ៍ សប្ដាហ៍នេះ ក្រសួងការបរទេសអាម៉េរិកបានបង្ហើបឱ្យដឹងថា រដ្ឋបាលលោក ដូណាល់ ត្រាំ បានលុបចោលទិដ្ឋាការ (Visa) ជាង ៣០ ម៉ឺននាក់ក្នុងអាណត្តិទី២របស់លោក ខណៈដែលរដ្ឋាភិបាលបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់លើការបង្ក្រាបអន្តោប្រវេសន៍។ តួលេខនេះបង្ហាញពីការលុបចោលទិដ្ឋាការក្នុងល្បឿនលឿន និងកើនឡើងក្នុងកម្រិតខ្ពស់។ នៅក្នុងសេចក្ដីប្រកាសចុងក្រោយនៅលើបណ្តាញសង្គម X អ្នកនាំពាក្យក្រសួងការបរទេស លោក Tommy Pigott លើកឡើងថា រដ្ឋបាលលោក ត្រាំ លុបចោលទិដ្ឋាការច្រើនជាងរដ្ឋបាលណាៗទាំងអស់នៅក្នុងប្រវត្តិសាស្ត្រ។ រដ្ឋបាលមិនអត់ឱនជាដាច់ខាតចំពោះជនបរទេសដែលស្នាក់នៅទីនេះក្រោមទិដ្ឋាការ ហើយបានប្រព្រឹត្តល្មើសច្បាប់ ប្រព្រឹត្តអំពើបោកប្រាស់ ឬបំផ្លាញសន្តិសុខជាតិ។

ក្រសួងការបរទេសធ្លាប់បានបញ្ជាក់ថា ក្នុងអំឡុងពេលលោក ត្រាំ ឡើងកាន់តែតំណែងជាលើកទី២​ ក្នុងខែមករា ឆ្នាំ២០២៥ ចំនួននៃការលុបចោលទិដ្ឋាការមានជាង ១៧៥ ០០០នាក់ ប៉ុណ្ណោះ។ លោក ដូណាល់ ត្រាំ ជារឿយៗបានលើកឡើងថា ការបង្ក្រាបអន្តោប្រវេសន៍ និងយុទ្ធនាការបណ្តេញចេញមានគោលបំណងលើកកម្ពស់សន្តិសុខផ្ទៃក្នុងជាតិ។ ទោះជាយ៉ាងណា អ្នកការពារសិទ្ធិមនុស្សបានរិះគន់ថា ការបង្ក្រាបនេះជាការរំលោភលើសិទ្ធិទទួលបានកិច្ចការពារតាមផ្លូវច្បាប់ និងសេរីភាពក្នុងការបញ្ចេញមតិ ព្រមទាំងបង្កើតឱ្យមានបរិយាកាសខ្វះសុវត្ថិភាព ជាពិសេសសម្រាប់ជនជាតិភាគតិចដែលតស៊ូមតិអំពីការរើសអើងពូជសាសន៍។ ក្នុងចំណោមការលុបចោលទិដ្ឋាការទាំងនោះ ចំណាត់ការដែលត្រូវបានអ្នកការពារសិទ្ធិមនុស្សថ្កោលទោសខ្លាំងជាងគេរួមមាន ការលុបចោលទិដ្ឋាការរបស់បាតុករជនបរទេសដែលគាំទ្រប៉ាឡេស្ទីន និងតវ៉ាប្រឆាំងនឹងអុីស្រាអែលដែលជាសម្ព័ន្ធមិត្តរបស់អាម៉េរិក និងជនបរទេសដែលបានបញ្ចេញមតិលើបណ្តាញសង្គមជុំវិញការធ្វើឃាតអ្នកវិភាគនយោបាយអភិរក្សនិយម លោក Charlie Kirk។ បន្ថែមពីលើការព្យាយាមបណ្តេញបាតុករជនបរទេសចេញ រដ្ឋបាលលោក ត្រាំ ក៏បានរឹតបន្តឹងការពិនិត្យមើលប្រវត្តិបណ្តាញសង្គមរបស់អន្តោប្រវេសក៍ និងអ្នកស្នើសុំទិដ្ឋាការផងដែរ។

ក្រុមអ្នកការពារសិទ្ធិមនុស្ស បានចោទប្រកាន់ថា រដ្ឋាភិបាលបានយកហេតុផលសន្តិសុខជាតិមកប្រើប្រាស់ដើម្បីកំណត់គោលដៅលើក្រុមអ្នករិះគន់ និងយកករណីឆបោកដាច់ដោយឡែកមួយចំនួនមកធ្វើជាលេសដើម្បីបង្ក្រាបលើសហគមន៍អន្តោប្រវេសក៍ទាំងមូល។ យ៉ាងណាក៏ដោយ ទោះបីជាការឃោសនាឆ្នោតរបស់លោក ត្រាំ ផ្តោតលើការទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ក៏ដោយ ប៉ុន្តែជាក់ស្តែងរដ្ឋបាលរបស់លោកបានធ្វើឱ្យការចូលអាម៉េរិកដោយស្របច្បាប់មានភាពស្មុគស្មាញ និងលំបាកជាងមុនផងដែរ ដូចជាការដំឡើងកម្រៃសេវាថ្លៃៗលើទិដ្ឋាការការងារមួយចំនួនជាដើម៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា