លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

លោក​ Trump ​ទំនង​ពិចារណា​បណ្ដេញ​រដ្ឋមន្ត្រី​សង្គ្រាម ​ដើម្បី​គេច​ពី​ការ​ទទួលខុសត្រូវ​លើ​សង្គ្រាម​អ៊ីរ៉ង់​

បរ​ទេស​៖​ ​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​ទំនង​ជា​កំពុង​ពិចារណា​លើ​លទ្ធភាព​បណ្តេញ​រដ្ឋមន្ត្រី​ក្រសួង​សង្គ្រាម​ ​លោក​ Pete ​Hegseth ​ចេញ​ពី​តំណែង​ ​បន្ទាប់ពី​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​ខាង​មុខ​នេះ​ ​ដើម្បី​ជួយ​ដក​ខ្លួន​ចេញ​ពី​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​និង​រក្សា​រូបភាព​របស់​លោក​ជា​ប្រធានាធិបតី​ប្រឆាំង​សង្គ្រាម​។

យោង​តាម​ការ​ចេញផ្សាយ​របស់​កាសែត​ ​Novinata ​ដោយ​ដកស្រង់​ការ​វិភាគ​របស់​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ ​លោក​ Dominic ​Michel ​Trippi ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ Trump ​អាច​កំពុង​ពិចារណា​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នៅ​ក្រសួង​សង្គ្រាម ​បន្ទាប់ពី​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦​។

​នៅ​ក្នុង​ការ​បង្ហោះ​លើ​បណ្តាញ​សង្គម​ ​X ​លោក​ Trippi ​បាន​លើកឡើង​ថា​ ​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​នៅ​ប៉ង់តាហ្គោន​ដែល​អាច​កើតមាន​នេះ​ ​អាច​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​លោក​ Trump ​ដើម្បី​ដក​ខ្លួន​ចេញ​ពី​ជម្លោះ​យោធា​ជាមួយ​ប្រទេស​អ៊ីរ៉ង់ ​ដែល​លោក​អះអាង​ថា​កំពុង​បាត់បង់​ការ​គាំទ្រ​ពី​សាធារណជន​។

តាម​ការ​វិភាគ​របស់​លោក​ Trippi ​ការ​ដក​លោក​ ​Hegseth ​ចេញ​ពី​តំណែង​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​អាច​ត្រូវ​បាន​ប្រើ​ជា​យុទ្ធសាស្ត្រ​នយោបាយ ​ដើម្បី​ផ្ទេរ​ការ​ទទួលខុសត្រូវ​ចំពោះ​សង្គ្រាម​ដែល​កំពុង​បន្ត​ទៅលើ​ប្រមុខ​ក្រសួង​សង្គ្រាម​រូប​នេះ​។

​លោក​ Trippi ​បាន​សរសេរ​ថា​ ​លោក​ Trump ​មាន​បំណង​ដក​លោក​ ​Hegseth ​ពី​តំណែង​ ​ដើម្បី​ទម្លាក់​កំហុស​ចំពោះ​សង្គ្រាម​ដែល​មិន​ទទួល​បាន​ជោគជ័យ​ទៅលើ​លោក​ ​Hegseth​។ ​លោក​បាន​អះអាង​បន្ថែម​ថា​ ​ការ​បណ្តេញ​ចេញ​បែបនេះ​អាច​ជួយ​លោក​ Trump ​រក្សា​ប្រជាប្រិយភាព​ ​និង​ការពារ​រូបភាព​របស់​លោក​ជា ​«​ប្រធានាធិបតី​ប្រឆាំង​សង្គ្រាម​» ​នៅ​ចំពោះមុខ​ការ​ប្រឈមមុខ​ផ្នែក​នយោបាយ​នា​ពេល​អនាគត​។

​យ៉ាងណាក្តី​ ​ការ​អះអាង​អំពី​ការ​បណ្តេញ​លោក​ Hegseth ​នៅ​ពេល​នេះ​ ​នៅតែ​ជា​ការ​ប៉ាន់ស្មាន​ផ្នែក​នយោបាយ​ដែល​មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​។ របាយការណ៍​នេះ​ផ្អែក​លើ​ការ​បង្ហោះ​របស់​លោក​ Trippi ​នៅលើ​បណ្តាញ​សង្គម​ ​X ​ហើយ​មិន​មាន​ប្រភព​ដែល​បាន​ផ្ទៀងផ្ទាត់​នៅក្នុង​រដ្ឋបាល​លោក​ Trump ​បញ្ជាក់​ពី​ផែនការ​នេះ​ឡើយ​។

​មក​ដល់​ពេល​នេះ​ ​សេតវិមាន ​និង​ក្រសួង​សង្គ្រាម​អាមេរិក​ ​មិន​ទាន់​បាន​ចេញ​ថ្លែង​ការណ៍​ផ្លូវការ​ណាមួយ​អំពី​ការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​ ​ឬ​ការ​បញ្ចប់​តំណែង​លោក​ ​Hegseth ​នា​ពេល​ខាង​មុខ​នោះ​ទេ​។

​ការ​បោះឆ្នោត​សភា​ពាក់​កណ្តាល​អាណត្តិ​របស់​អាមេរិក​ ​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃ​ទី​៣ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០២៦ ​ខណៈ​ការ​អះអាង​អំពី​ការ​ផ្លាស់ប្តូរ​តំណែង​លោក​ ​Hegseth ​នឹង​ត្រូវ​រង់ចាំ​ការ​បញ្ជាក់​ជា​ផ្លូវការ​ពី​រដ្ឋបាល​លោក​ Trump​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា