អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

បរទេស​៖​ ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ​។

Advertisement

​យោង​តាម​សារព័ត៌មាន​ ​Defense​ ​News​ ​ក្នុង​លិខិត​ផ្លូវការ​មួយ​កាលពី​ដើម​ខែសីហា ​អនុ​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាម៉េរិក ​លោក​ ​Steve​ ​Feinberg​ ​បាន​កំណត់​ពេល​ ​២១ ​ថ្ងៃ​ ​ឱ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ផលិត​សព្វាវុធ​ក្នុង​វិស័យ​ការពារ​ជាតិ​ ​ដាក់​ស្នើ​ផែនការ​លម្អិត​អំពី​កាលវិភាគ​ប្រគល់​ទំនិញ​ ​និង​វិធី​បង្កើន​សមត្ថភាព​ផលិតកម្ម​ឱ្យ​បាន​លឿន​ជាង​មុន​ ​សម្រាប់​សព្វាវុធ​សំខាន់​ៗ​។

​លោក​ ​Feinberg​ ​បាន​គូសបញ្ជាក់​ថា​ ​រយៈពេល​ផលិត​ដែល​ត្រូវការ​ច្រើន​ឆ្នាំ​ដូច​កាលពី​មុន​ ​មិន​អាច​ទទួលយក​បាន​ទៀត​ឡើយ​។ ​លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដូចជា​ ​Lockheed​ ​Martin​, ​Boeing​ ​និង​ ​RTX​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ផ្នែក​ហិរញ្ញវត្ថុ​ ​តាមរយៈ​ការ​កែសម្រួល​ និង​ពង្រីក​រោងចក្រ ​ព្រមទាំង​ការ​វិនិយោគទុន​ផ្ទាល់ខ្លួន​។

​អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ ​លោក​ ​Sean​ ​Parnell​ ​បាន​បញ្ជាក់​ថា​ ​ការ​ឆ្លើយតប​របស់​វិស័យ​ឯកជន​នឹង​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​ការ​រៀបចំ​សំណើ​ថវិកា​ឆ្នាំ​ ​២០២៨​ ​របស់​ក្រសួង​ការពារ​ជាតិ​អាម៉េរិក​។

​ការ​ជំរុញ​ឱ្យ​ពន្លឿន​សមត្ថភាព​ផលិតកម្ម​នេះ​ ​កើតឡើង​បន្ទាប់ពី​អាម៉េរិក​បាន​ប្រើប្រាស់​សព្វាវុធ​ទំនើប​ៗ​ក្នុង​បរិមាណ​ច្រើន​ ​អំឡុង​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ ​ដែល​បាន​ធ្វើឱ្យ​ស្តុក​មីស៊ីល​ការពារ​អាកាស​សំខាន់​ៗ​របស់​ខ្លួន​ធ្លាក់ចុះ​។

​តាម​ការ​វិភាគ​របស់​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​ ​និង​អន្តរជាតិ​ ​(​CSIS​) ​ស្តុក​មីស៊ីល​ការពារ​អាកាស​ ​Patriot​ ​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​ពី​ប្រមាណ​ ​២,៣០០ ​គ្រាប់​ មក​នៅ​ត្រឹមតិច​ជាង​ ​៨៣០ ​គ្រាប់​។ ​ចំណែក​ស្តុក​មីស៊ីល​ ​THAAD​ ​ក៏​បាន​ធ្លាក់ចុះ​ជិត​ពាក់កណ្តាល​ ​ដោយ​នៅសល់​តិច​ជាង​ ​៣០០​គ្រាប់​ប៉ុណ្ណោះ​។

​ជាមួយគ្នា​នេះ​ ការ​ផលិត​មីស៊ីល​ជំនួស​តាម​វដ្ត​ផលិតកម្ម​ធម្មតា​ត្រូវការ​ពេល​ប្រមាណ​ ​៤២ ​ខែ ​សម្រាប់​ប្រព័ន្ធ​ ​Patriot​ ​និង​រហូតដល់​ ​៥៣ ​ខែ​ ​សម្រាប់​ប្រព័ន្ធ​ ​THAAD​។​ កត្តា​នេះ​បាន​ជំរុញ​ឱ្យ​អាម៉េរិក​ត្រូវការ​ពន្លឿន​ផលិតកម្ម​ក្នុង​វិស័យ​ការពារ​ជាតិ​ ​ដើម្បី​បំពេញ​ស្តុក​ឡើងវិញ​ ​និង​រក្សា​សមត្ថភាព​ឆ្លើយតប​ក្នុង​ករណី​មាន​ប្រតិបត្តិការ​យោធា​នា​ពេល​អនាគត​។

​ក្នុង​ការ​ពង្រឹង​ការ​ផ្គត់ផ្គង់​សព្វាវុធ​ ​ក្រុមហ៊ុន​ ​RTX​ ​ទើប​ទទួលបាន​កិច្ចសន្យា​តម្លៃ​ ​៤៤២​ លាន​ដុល្លារ​ ពី​កងទ័ព​ជើងគោក​អាម៉េរិក ​សម្រាប់​ផលិត​មីស៊ីល​ ​Patriot​ ​ប្រភេទ​ ​GEM​-​T​ ​ដែល​ជា​កិច្ចសន្យា​ដ៏​សំខាន់​មួយ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក​ ក្នុង​រយៈពេល​ជាង​ ​៣០​ ឆ្នាំ​មក​នេះ​។​

ក្រុមហ៊ុន​ ​L​3​Harris​ ​ដែល​ជា​អ្នកផលិត​ប្រព័ន្ធ​រុញ​ច្រាន ​ក៏​បាន​ចុះ​កិច្ចសន្យា​អន្តរកាល​រយៈពេល​វែង​ជាមួយ​ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​ដើម្បី​បង្កើន​ការ​ផលិត​ម៉ូទ័រ​រ៉ុក្កែត ​សម្រាប់​ប្រព័ន្ធ​ ​Patriot​ ​(​PAC​-​3​) ​និង​ប្រព័ន្ធ​ ​THAAD​ ​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា