ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

ជម្លោះ​អាមេរិក​-​អ៊ីរ៉ង់​ ​កំពុង​សាកល្បង​ភាព​រឹងមាំ​របស់​ ​BRICS​ ​និង​ ​SCO​

បរទេស​៖​ ​ជម្លោះ​យោធា ​និង​នយោបាយ​ដែល​អូសបន្លាយ​រវាង​សហរដ្ឋ​អាមេរិក​ និង​អ៊ីរ៉ង់​ ​កំពុង​ផ្លាស់ប្តូរ​ពី​វិបត្តិភូមិសាស្ត្រ​នយោបាយ​បណ្តោះអាសន្ន ​ទៅជា​បញ្ហា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ ​ដែល​កំពុង​សាកល្បង​ទាំង​ភាព​ស្អិត​រមួត​ ​និង​សមត្ថភាព​ប្រតិបត្តិការ​របស់​អង្គការ​ ​BRICS​ ​និង​អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ ​(​SCO​)​។ ​នេះ​បើ​យោង​តាម​ការ​វិភាគ​របស់​ក្លឹប​ពិភាក្សា​ ​Valdai​ ​ដែល​ត្រូវបាន​សារព័ត៌មាន​រុស្ស៊ី​ ​RT​ ​យកមក​ចុះផ្សាយ​។

Advertisement

​ការ​វិភាគ​បាន​ឱ្យដឹង​ថា​ ​ក្រោយ​អ៊ីរ៉ង់​ក្លាយជា​សមាជិក​ពេញ​សិទ្ធិ​របស់​ ​BRICS​ ​និង​ ​SCO​ ​ភាព​តានតឹង​នៅ​តំបន់​អឺរ៉ាស៊ី​ភាគ​និរតី ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​កាន់តែ​ខ្លាំង​ដល់​ប្រទេស​សមាជិក​សំខាន់​ៗ​នៃ​អង្គការ​ទាំង​ពីរ​។

​មិន​ដូច​សម្ព័ន្ធភាព​យោធា​ដឹកនាំ​ដោយ​បស្ចិម​ប្រទេស​នោះ​ទេ​ ​BRICS​ ​និង​ ​SCO​ ​មិន​ត្រូវបាន​បង្កើតឡើង​ដើម្បី​ប្រឈមមុខ​ដោយ​ផ្ទាល់​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន​ឡើយ​។​ រចនាសម្ព័ន្ធ​នេះ​អនុញ្ញាតឱ្យ​សមាជិក​នីមួយ​ៗ​រក្សា​គោលនយោបាយ​ការ​បរទេស​ដែល​មាន​ភាព​បត់បែន​។

​ទោះជា​យ៉ាងណា​ ​ការ​កើនឡើង​នៃ​ភាព​តានតឹង​ជាមួយ​សហរដ្ឋ​អាមេរិក​ ​កំពុង​ជំរុញឱ្យ​មាន​ការ​ពិភាក្សា​កាន់តែ​ខ្លាំង​អំពី​ទិសដៅ​អនាគត​របស់​អង្គការ​ទាំង​ពីរ​ ក្នុង​បរិបទ​សណ្តាប់ធ្នាប់​អន្តរជាតិ​ដែល​កំពុង​ប្រែប្រួល​។

​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ​ទំនាក់ទំនង​ផ្ទៃក្នុង​របស់​ ​BRICS​ ​និង​ ​SCO​ ​កំពុង​ប្រឈម​សម្ពាធ ​ដោយសារ​ភាព​ខុសគ្នា​នៃ​អាទិភាព​គោលនយោបាយ​ការ​បរទេស​រវាង​ប្រទេស​សមាជិក​។

​ខណៈ​ទីក្រុង​មូស្គូ​បាន​ថ្កោលទោស​យ៉ាង​ច្បាស់​ចំពោះ​សកម្មភាព​យោធា​របស់​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ប្រឆាំង​អ៊ីរ៉ង់​ ​ប្រទេស​មាន​ឥទ្ធិពល​ផ្សេង​ទៀត​ ​ដូចជា​ចិន ​បាន​ជ្រើសរើស​ជំហរ​ការ​ទូត​ប្រុងប្រយ័ត្ន​ជាង​មុន​ ​ដោយ​ផ្តោត​លើ​បទ​ឈប់​បាញ់​ ​និង​ដំណោះស្រាយ​តាម​ផ្លូវការ​ទូត​។​

ការ​វិភាគ​បន្ត​ថា​ ​ភាព​ខុសគ្នា​នេះ​បាន​បង្ហាញ​ពី​ការ​លំបាក​ក្នុង​ការ​បង្កើត​ជំហរ​រួម​រវាង​ប្រទេស​ដែល​មាន​ផលប្រយោជន៍​ជាតិ​ខុស​ៗ​គ្នា​។​

ក្រៅពី​បញ្ហា​នយោបាយ​ ​វិបត្តិ​នេះ​ក៏​បាន​ដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​ ​និង​ការ​ដឹកជញ្ជូន​នៅ​ទូទាំង​អឺរ៉ាស៊ី​ផងដែរ​។ ​សន្តិសុខ​ថាមពល​នៅតែ​ជា​បញ្ហារ​សើប ​ជាពិសេស​សម្រាប់​ប្រទេស​នាំចូល​ធនធាន​ធំ​ៗ​ ​ដូចជា​ចិន​ ​និង​ឥណ្ឌា ​ខណៈ​ភាព​តានតឹង​នៅ​ឈូង​សមុទ្រ​ពែរ្ស ​និង​ច្រក​សមុទ្រ​ ​Hormuz​ ​បាន​ប៉ះពាល់​ដល់​ច្រក​របៀង​ដឹកជញ្ជូន​សំខាន់​ៗ​។

​ជាមួយគ្នា​នេះ​ ភាព​មិន​ស្ថិតស្ថេរ​នៅ​អ៊ីរ៉ង់​ក៏​បាន​ធ្វើឱ្យ​ការ​វិនិយោគ​រយៈពេល​វែង​លើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​ៗ​ ​រួមទាំង​ច្រក​របៀង​ដឹកជញ្ជូន​អន្តរជាតិ​ជើង​-​ត្បូង​ ​ដែល​តភ្ជាប់​រុស្ស៊ី​ មជ្ឈិមបូព៌ា ​និង​អាស៊ី​ខាងត្បូង​ ​កាន់តែ​មាន​ភាព​ស្មុគស្មាញ​។

​ទន្ទឹមនឹង​នេះ​ ​ជម្លោះ​ក៏​បាន​ផ្លាស់ប្តូរ​ការ​គណនា​យុទ្ធសាស្ត្រ​របស់​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​វ៉ាស៊ីនតោន​នៅ​មជ្ឈិមបូព៌ា ​ដោយ​បង្កើន​សម្ពាធ​លើ​ប្រទេស​ផលិត​ប្រេង​នៅ​តំបន់​ឈូង​សមុទ្រ ​ដែល​ភាគ​ច្រើន​មិន​ចង់​ក្លាយជា​រដ្ឋ​ជួរ​មុខ​នៃ​ការ​ប្រឈមមុខ​ផ្នែក​យោធា ​ឬ​ប្តេជ្ញាចិត្ត​ចំពោះ​សម្ព័ន្ធ​ការពារ​ជាតិ​ដ៏​តឹងរ៉ឹង​នោះ​ទេ​។

​ទោះបី​មាន​បញ្ហា​ប្រឈម​ទាំង​នេះ​ក៏ដោយ​ ​អ្នកវិភាគ​មើលឃើញ​ថា​ ​ការ​ផ្លាស់ប្តូរ​ភូមិសាស្ត្រ​នយោបាយ​រយៈពេល​វែង​ ​កំពុង​បង្កើត​ឱកាស​ថ្មី​សម្រាប់​ ​BRICS​ ​និង​ ​SCO​។ ​ស្រប​ពេល​ដែល​ទំនុកចិត្ត​លើ​ស្ថាប័ន​ពហុ​ភាគី​និយម​ដឹកនាំ​ដោយ​បស្ចិម​ប្រទេស​កំពុង​ធ្លាក់ចុះ​ វេទិកា​ទាំង​ពីរ​អាច​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ដែល​មាន​ភាព​បត់បែន ​ដោយ​មិន​ចាំបាច់​ពង្រីក​ខ្លួន​ទៅជា​សម្ព័ន្ធភាព​យោធា​ដ៏​តឹងរ៉ឹង​។

​ការ​វិភាគ​សន្និដ្ឋាន​ថា​ ​ប្រសិនបើ​ ​BRICS​ ​និង​ ​SCO​ ​អាច​ទាញយក​ប្រយោជន៍​ពី​លំហ​យុទ្ធសាស្ត្រ​ដែល​កំពុង​រីក​ធំ​ឡើង​នេះ​ ​អង្គការ​ទាំង​ពីរ​អាចនឹង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​ការ​រៀបចំ​សណ្តាប់ធ្នាប់​ពិភពលោក​ពហុ​ប៉ូល​ដែល​កំពុង​លេច​រូបរាង​។

​BRICS​ ​គឺជា​អង្គការ​អន្តរ​រដ្ឋាភិបាល​ដែល​មាន​សមាជិក​រួមមាន​ ​ប្រេស៊ីល ​រុស្ស៊ី ​ឥណ្ឌា ​ចិន ​អាហ្វ្រិក​ខាងត្បូង​ អ៊ីរ៉ង់ ​អេហ្ស៊ីប ​អេត្យូពី​ ​និង​អារ៉ាប់​រួម​ ​ហើយ​បច្ចុប្បន្ន ​មាន​ប្រទេស​ជា​ដៃគូ​ចំនួន​ ​១០​ ​ផ្សេង​ទៀត​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា