លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​អាម៉េរិក ​​ប៉ះពាល់​ដល់​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​

​បរទេស៖ ការ​ផ្លាស់ប្តូរ​បរិយាកាស​នយោបាយ​នៅ​សហរដ្ឋ​អាម៉េរិក​ ​ក្រោយ​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ ​បាន​បង្កើត​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ ​និង​អាច​ជះឥទ្ធិពល​ដល់​ទិសដៅ​ទំនាក់ទំនង​ការ​បរទេស​ជាមួយ​ឥណ្ឌា ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម ​ថាមពល​ ការ​ការពារ​ជាតិ​ ​និង​អន្តោប្រវេសន៍​។

យោង​តាម​អត្ថបទ​វិភាគ​ដែល​ចេញផ្សាយ​ដោយ​កាសែត​ ​RT នា​ពេល​ថ្មី​ៗ​នេះ​ ​លទ្ធផល​បោះឆ្នោត​នេះ​ ​ទោះ​មិន​ផ្តល់​ផល​ចំណេញ​ភ្លាម​ៗ​ដល់​ទីក្រុង​ញូវ​ដេលី​ក៏​ដោយ​ ​ប៉ុន្តែ​បាន​បើក​ផ្លូវ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ផ្នែក​នីតិប្បញ្ញត្តិ​រយៈពេល​វែង ​ដែល​អាច​មាន​ផលប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

ការ​គ្រប់គ្រង​ទាំង​ព្រឹទ្ធសភា ​និង​សភា​តំណាងរាស្ត្រ​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​ការ​ប្រឈម​មួយ​ចំពោះ​អំណាច​នយោបាយ​របស់​រដ្ឋបាល​ប្រធានាធិបតី​ Donald ​Trump ​និង​អាច​ធ្វើឱ្យ​ដំណើរការ​អនុម័ត​ច្បាប់​ ​និង​ការ​អនុវត្ត​គោលនយោបាយ​របស់​រដ្ឋាភិបាល​កាន់តែ​ស្មុគស្មាញ​។

​ទោះជា​គោល​ជំហរ​ជា​មូលដ្ឋាន​របស់​រដ្ឋបាល​លោក​ Trump ​លើ​បញ្ហា​សំខាន់​ៗ​មួយចំនួន​ទំនង​ជា​នៅតែ​បន្ត​ក៏​ដោយ​ ​ក៏​ឥណ្ឌា​ត្រូវ​ប្រឈម​នឹង​បរិយាកាស​នយោបាយ​ថ្មី​នៅ​ទីក្រុង​វ៉ាស៊ីនតោន ​ដែល​តម្រូវឱ្យ​មាន​ការ​សម្រប​ខ្លួន​ទៅ​តាម​ការ​ប្រែប្រួល​នៃ​អំណាច​នីតិប្បញ្ញត្តិ​។

​ចំពោះ​វិស័យ​ពាណិជ្ជកម្ម ​និង​ថាមពល ​ភាព​មិន​ច្បាស់លាស់​នៅតែ​បន្ត​កើតមាន​ក្នុង​ដំណើរការ​ចរចា ​ដោយ​សារ​សភា​អាម៉េរិក​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង ​និង​កំណត់​គោលនយោបាយ​ពន្ធ​គយ​។ ​ជាមួយគ្នា​នេះ​ ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​ប្រើប្រាស់​ច្បាប់​ទណ្ឌកម្ម​ជា​ឧបករណ៍​ដាក់​សម្ពាធ​លើ​ឥណ្ឌា ​ឱ្យ​កាត់បន្ថយ​ការ​នាំចូល​ប្រេង​ឆៅ​ពី​ប្រទេស​រុស្ស៊ី ​ដែល​ជា​គោលជំហរ​មួយ​ស្រប​នឹង​ទស្សនៈ​របស់​គណបក្ស​ប្រជា​ធិបតេយ្យ​។

​ទោះជា​យ៉ាងណា​ ​ការ​វិនិយោគ​ទុន​ទ្រង់ទ្រាយ​ធំ​របស់​ក្រុមហ៊ុន​ឥណ្ឌា​នៅក្នុង​រោងចក្រ​ចម្រាញ់​ប្រេង​នៅ​សហរដ្ឋ​អាម៉េរិក​ ​អាច​ជួយ​កាត់បន្ថយ​សម្ពាធ​នយោបាយ​មួយចំនួន​លើ​ប្រទេស​ឥណ្ឌា​បាន​ផងដែរ​។

​ដើម្បី​ឆ្លើយតប​នឹង​សម្ពាធ​ដែល​អាច​កើតមាន​ ទីក្រុង​ញូវ​ដេលី​កំពុង​ប្រកាន់​យក​យុទ្ធសាស្ត្រ​រយៈពេល​វែង ​តាមរយៈ​ការ​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​សហ​ភាព​អឺរ៉ុប​ ចក្រភព​អង់គ្លេស ​និង​ប្រទេស​ដទៃទៀត ​ដើម្បី​កាត់បន្ថយ​ការ​ពឹងផ្អែក​ខ្លាំង​លើ​ទីផ្សារ​អាម៉េរិក​។​

ដោយឡែក ​ក្នុង​វិស័យ​ការទូត ​និង​ការ​ការពារ​ជាតិ​ សភា​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជា​ធិបតេយ្យ​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​ជួយ​បង្កើន​ភាព​ព្យាករណ៍​បាន​នៃ​គោលនយោបាយ​ការ​បរទេស​អាម៉េរិក​ ​និង​ដើរ​តួ​ជា​កម្លាំង​ត្រួតពិនិត្យ​លើ​ការ​សម្រេចចិត្ត​របស់​រដ្ឋបាល​លោក​ Trump​។​

​អត្ថបទវិភាគ​បាន​បង្ហាញ​ថា​ ​គណបក្ស​ធំ​ៗ​ទាំង​ពីរ​នៅ​សហរដ្ឋ​អាម៉េរិក​ ​នៅតែ​ចាត់ទុក​ឥណ្ឌា​ជា​ដៃ​គូ​ប្រជា​ធិបតេយ្យ​ដ៏​សំខាន់​ក្នុង​ការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​ប្រទេស​ចិន​នៅ​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក​។​ ​កត្តា​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ ​ជា​មូលដ្ឋាន​គាំទ្រ​ដល់​ស្ថិរ​ភាព​នៃ​កិច្ចព្រមព្រៀង​ការពារ​ជាតិ​ទ្វេ​ភាគី​ ការ​ចែក​រំលែក​បច្ចេកវិទ្យា​ ​និង​ភាព​ជា​ដៃគូ​ក្នុង​ក្របខ័ណ្ឌ​ ​Q​UAD​។​

​ចំពោះ​បញ្ហា​អន្តោប្រវេសន៍​ ស​ភា​អាម៉េរិក​ត្រូវ​បាន​រំពឹង​ថា​ ​នឹង​បង្កើន​ការ​ត្រួតពិនិត្យ​លើ​បទ​បញ្ជា​តឹងរ៉ឹង​របស់​រដ្ឋបាល​ប្រធានាធិបតី​។ ​ទោះជា​យ៉ាងណា​ ​ការ​ផ្លាស់ប្តូរ​គោលនយោបាយ​ទិដ្ឋាការ H-1B ​ឬ​ការ​បញ្ចុះ​តម្លៃ​សេវា​ពាក់ព័ន្ធ​ភ្លាម​ៗ​នៅ​មិន​ទាន់​អាច​កើតមាន​ឡើង​នោះ​ទេ​។

​ជាមួយគ្នា​នេះ​ ប្រសិនបើ​ជម្លោះ​នៅ​តំបន់​មជ្ឈិមបូព៌ា​អាច​ឈាន​ទៅ​រក​ការ​បន្ធូរបន្ថយ​ ​ឬ​បញ្ចប់​ក្នុងពេល​ឆាប់​ៗ​ ​ឥណ្ឌា​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ប្រេង​នៅលើ​ទីផ្សារ​អន្តរជាតិ​។ ការ​ធ្លាក់ចុះ​នេះ​អាច​ជួយ​គាំទ្រ​ដល់​តម្លៃ​ប្រាក់​រូពី ​និង​កាត់បន្ថយ​សម្ពាធ​អតិផរណា​ក្នុង​ស្រុក​របស់​ឥណ្ឌា​។

​ជា​រួម​ ​ទោះបី​ជា​លទ្ធផល​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​អាច​កាត់បន្ថយ​ឥទ្ធិពល​នយោបាយ​របស់​លោក​ Donald ​Trump ​នៅក្នុង​សភា​ក៏ដោយ​ ​ក៏​អំណាច​ប្រតិបត្តិ​របស់​ប្រធានាធិបតី​អាម៉េរិក​នៅតែ​មាន​ឥទ្ធិពល​យ៉ាង​សំខាន់​លើ​ការ​សម្រេចចិត្ត​ផ្នែក​ការ​បរទេស​ ​និង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ដទៃទៀត ​រួមទាំង​ឥណ្ឌា​ផងដែរ​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា