អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

អា​ម៉េរិក​ត្រៀម​បញ្ចប់​កញ្ចប់​ជំនួយ​យោធា ​៤ ​ពាន់​លាន​ដុល្លារ​ដល់​អ៊ីស្រាអែល

​ប្រធានាធិបតី​អាម៉េរិក​ ​លោក​ Donald ​Trump ​បាន​ប្រកាស​ថា​ ​សហរដ្ឋ​អាម៉េរិក​នឹង​បញ្ឈប់​ការ​ផ្ដល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ចំនួន​ ៤ ពាន់​លាន​ដុល្លារ​ដល់​ប្រទេស​អ៊ីស្រាអែល ​ដោយ​គ្រោង​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ឆ្នាំ​ក្រោយ​។​ ​ការ​ប្រកាស​នេះ​ធ្វើឡើង​ចំពេល​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នៅ​សហរដ្ឋ​អាម៉េរិក​កំពុង​ប្រព្រឹត្តទៅ​។

យោង​តាម​អត្ថបទ​ដែល​សារ​ព័ត៌មាន​ ​RT ​បាន​ដក​ស្រង់ផ្សាយ ​លោក​ Trump ​បាន​បញ្ជាក់​ថា​ ​លោក​បាន​ព្រមព្រៀង​ជា​មុន​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ​លោក​ Benjamin ​Netanyahu ​លើ​ការ​សម្រេចចិត្ត​នេះ​រួចហើយ​។ ​លោក​ Trump ​បាន​អះអាង​ថា​ ​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​បញ្ឈប់​ជំនួយ​នេះ​ ​គឺ​ចេញ​ពី​លោក​ ​Netanyahu ​ផ្ទាល់​។

​លោក​ Trump ​បាន​លើកឡើង​ថា​ ​អ៊ីស្រាអែល​បាន​ទទួល​ភាព​រីកចម្រើន ​និង​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ម្ចាស់ការ​លើ​ខ្លួនឯង​ ​ដូច្នេះ​ប្រទេស​នេះ​លែង​មាន​តម្រូវការ​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ពី​សហរដ្ឋ​អាម៉េរិក​ទៀត​ហើយ​។

​ក្រោម​ក្របខ័ណ្ឌ​កិច្ចព្រមព្រៀង​ជំនួយ​យោធា​ដែល​មាន​ស្រាប់ ​កញ្ចប់​ថវិកា​ប្រចាំ​ឆ្នាំ​រាប់​ពាន់​លាន​ដុល្លារ​នេះ​ ​ត្រូវ​បាន​កំណត់​ឱ្យ​ប្រើប្រាស់​សម្រាប់​ទិញ​អាវុធ​ដែល​ផលិត​នៅ​សហរដ្ឋ​អាម៉េរិក​ទាំងស្រុង​។​ ​តាម​ផែនការ​ដើម​ ​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​ផុត​កំណត់​នៅ​ឆ្នាំ​ ​២០២៨​។

​ទោះបីជា​សហរដ្ឋ​អាម៉េរិក​គ្រោង​បញ្ឈប់​ការ​ផ្តល់​ជំនួយ​យោធា​ប្រចាំ​ឆ្នាំ​ក៏​ដោយ​ ​លោក​ Trump ​បាន​សង្កត់ធ្ងន់​ថា​ ​ទីក្រុង​វ៉ាស៊ីនតោន​នឹង​នៅតែ​ត្រៀម​ខ្លួន​ជួយ​ដល់​រដ្ឋាភិបាល​អ៊ីស្រាអែល ​ប្រសិនបើ​ប្រទេស​នេះ​ប្រឈមមុខ​នឹង​ស្ថានការណ៍​អាសន្ន​ផ្នែក​សន្តិសុខ​ណា​មួយ​នា​ពេល​អនាគត​។

​ការ​ប្រកាស​នេះ​ធ្វើឡើង​ក្នុង​បរិបទ​ដែល​ការ​គាំទ្រ​របស់​សាធារណជន​អាម៉េរិក​ចំពោះ​ជំនួយ​បរទេស​កំពុង​ធ្លាក់ចុះ​ ​និង​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​កំពុង​មាន​ការ​ប្រកួតប្រជែង​ខ្លាំង​។ ​លោក​ Trump ​បាន​ទទួល​ស្គាល់​ថា​ ​រដ្ឋបាល​របស់​លោក​ចង់​កាត់បន្ថយ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ ​ដោយសារ​គូប្រជែង​តែងតែ​យក​ប្រធានបទ​ជំនួយ​យោធា​ទៅ​ឱ្យ​អ៊ីស្រាអែល​មក​ធ្វើជា​ចំណុច​វាយប្រហារ​លើ​រដ្ឋបាល​របស់​លោក​ ​និង​ចោទប្រកាន់​ថា​ ​ជា​គោលនយោបាយ​ការ​បរទេស​មិន​យុត្តិធម៌​។

ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ពី​ការ​ការ​ផ្លាស់ប្ដូរ​ដ៏​សំខាន់​មួយ​ចំពោះ​គោលនយោបាយ​ជំនួយ​យោធា​របស់​សហរដ្ឋ​អាម៉េរិក​ចំពោះ​អ៊ីស្រាអែល​ ​ខណៈ​ដែល​ទីក្រុង​វ៉ាស៊ីនតោន​នៅតែ​បញ្ជាក់​ពី​ការ​ត្រៀមខ្លួន​ជួយ​ដល់​សន្តិសុខ​របស់​ប្រទេស​សម្ព័ន្ធមិត្ត​មួយ​នេះ​ក្នុង​ករណី​មាន​អាសន្ន​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា