អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

អាម៉េរិក ត្រៀមសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូន

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាម៉េរិក បានសម្រេចជ្រើសរើសមូលដ្ឋានទ័ពក្នុងស្រុកចំនួន ៥ ទីតាំង ដើម្បីអនុវត្តកម្មវិធីសាកល្បងបច្ចេកវិទ្យាប្រឆាំងដ្រូនកម្រិតខ្ពស់​សំដៅពង្រឹងសន្តិសុខមាតុភូមិ និងជាការទប់ទល់ទៅនឹងការគំរាមកំហែងតាមផ្លូវអាកាសដែលកំពុងមានការវិវឌ្ឍ នាពេលបច្ចុប្បន្ន។

Advertisement

យោងតាមការចេញផ្សាយដោយ The Defense News បានឱ្យដឹងថា គំនិតផ្តួចផ្តើមនេះ ដឹកនាំដោយកងកម្លាំងការងារចម្រុះ JITF 401 ផ្តោតលើការប្រើប្រាស់អាវុធថាមពលវាយប្រហារដោយផ្ទាល់ (Directed-energy) រួមមាន កាំរស្មីឡាស៊ែរ ថាមពលខ្ពស់ និងប្រព័ន្ធរលកសញ្ញាផងដែរ។ បច្ចេកវិទ្យានេះមានសមត្ថភាពកម្ទេចដ្រូនសត្រូវ ឬដ្រូនខុសច្បាប់បានយ៉ាងច្បាស់លាស់ ដោយមិនប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ ឬសុវត្ថិភាពជើងហោះហើរពាណិជ្ជកម្មទូទៅនោះឡើយ។

តាមផែនការ មូលដ្ឋានទ័ពទាំង ៥ ទីតាំង ដែលត្រូវបានជ្រើសរើសរួមមាន៖ ១. មូលដ្ឋាន Fort Huachuca (រដ្ឋអារីហ្សូណា) ២. មូលដ្ឋាន Fort Bliss (រដ្ឋតិចសាស់) ៣. មូលដ្ឋានជើងទឹក Kitsap (រដ្ឋវ៉ាស៊ីនតោន) ៤. មូលដ្ឋានទ័ពអាកាស Grand Forks (រដ្ឋដាកូតាខាងជើង) ៥. មូលដ្ឋានទ័ពអាកាស Whiteman (រដ្ឋមីសស៊ូរី)។

គួរចាប់អារម្មណ៍ថា​ នៅក្នុងចំណោមមូលដ្ឋានទ័ពទាំង ៥ ដែលបានជ្រើសរើសធ្វើជាទីតាំងសាកល្បងអាវុធឡាស៊ែរប្រឆាំងដ្រូននោះ មានចំនួន ២ ទីតាំង ស្ថិតនៅតាមបណ្តោយព្រំដែន​ភាគ​ខាងត្បូងជាប់នឹងប្រទេសមិកស៊ិកូ ដើម្បីបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាម៉េរិក ទៅលើការទប់ស្កាត់សកម្មភាពដ្រូនខុសច្បាប់ ដែលកំពុងកើនឡើងនៅតំបន់ព្រំដែនជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។

លោកឧត្តមសេនីយ៍ត្រី Matt Ross នាយក JITF 401 បានបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាទំនើបនេះ គឺជាកាតព្វកិច្ចដាច់ខាតដើម្បីការពារជាតិ។ កម្មវិធីសាកល្បងនេះ ធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃយ៉ាងល្អិតល្អន់ដោយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) ដើម្បីធានាថា វាមានសុវត្ថិភាពខ្ពស់ក្នុងការធ្វើប្រតិបត្តិការ ដើម្បីសម្រេចគោលដៅបានទាំងស្រុង ដោយមិនបង្កផលប៉ះពាល់សម្រាប់វិស័យអាកាសចរណ៍ស៊ីវិលនោះទេ។

បើមិនមានអ្វីប្រែប្រួលទេ ប្រតិបត្តិការសាកល្បងអាវុធប្រឆាំងដ្រូនទាំងនេះ នឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ ២០២៦ នេះ បន្ទាប់ពីបញ្ចប់ការរៀបចំផ្នែកបច្ចេកទេសក្នុងរយៈពេល ១៨០ ថ្ងៃខាងមុខនេះ៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា