ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

ជប៉ុន -វៀតណាម រួមកញ្ចប់ថវិកាជាមួយគ្នាជិត ១៩ លានដុល្លារលើគម្រោងស្រាវជ្រាវឈីប ១១ គម្រោង

បរទេស៖ វៀតណាម និងជប៉ុន បានព្រមព្រៀងសហការលើកញ្ចប់ថវិការួមគ្នា ដើម្បីគាំទ្រដល់គម្រោងស្រាវជ្រាវចំនួន ១១ សម្រាប់បម្រើដល់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បន្ទះឈីប ក្រោមកម្មវិធី NEXUS នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Economy ។

កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម រួមជាមួយក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (MEXT) បានចុះហត្ថលេខាផ្លាស់ប្តូរឯកសារផ្តល់កញ្ចប់ថវិកាសម្រាប់គម្រោងទាំង ១១ នៅក្នុងវេទិការដ្ឋ-ឯកជន វៀតណាម-ជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងនៅទីក្រុងតូក្យូក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការរបស់ លោក តូ ឡឹម អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋវៀតណាម។

សម្រាប់ដំណាក់កាលឆ្នាំ២០២៥-២០២៦ មូលនិធិជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (NAFOSTED) និងភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) បានជ្រើសរើសគម្រោងស្រាវជ្រាវចំនួន ១១ គម្រោងសម្រាប់ផ្តល់ថវិការួមគ្នាជិត ១៩ លានដុល្លារ។ ភាគីជប៉ុននឹងផ្តល់ថវិកាប្រហែល ២,៦ ពាន់លានយ៉េន (ប្រមាណ ១៦,៣ លានដុល្លារ) និងភាគីវៀតណាម នឹងផ្តល់ថវិកា ៦៧ ពាន់លានដុង (២,៥៤ លានដុល្លារ)។ គម្រោងទាំងនេះផ្តោតលើវិស័យស្រាវជ្រាវបច្ចេកវិទ្យាជឿនលឿនជាច្រើន​ រួមមាន ឈីប AI ប្រើប្រាស់ថាមពលទាប, គ្រឿងបន្លាស់អេឡិចត្រូនិកជំនាន់ថ្មី, បច្ចេកវិទ្យាឈីបពាក់កណ្តាលចម្លង, សមាសធាតុឈីប, និងដំណើរការផលិតកម្ម។

ផ្អែកលើផែនការទៅអនាគត មូលនិធិជាតិអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម (NAFOSTED) និងភ្នាក់ងារវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជប៉ុន (JST) បានព្រមព្រៀងគ្នាបើកទទួលពាក្យស្នើសុំគម្រោងស្រាវជ្រាវរួមគ្នាលើវិស័យបច្ចេកវិទ្យាពាក់កណ្តាលចម្លង និងបញ្ញាសិប្បនិម្មិត (AI) នៅឆ្នាំ២០២៧ ដោយស្ថាប័នទាំង២ នឹងអនុវត្តកម្មវិធីបណ្តុះបណ្តាលសិក្ខាកាមថ្នាក់បណ្ឌិតរបស់វៀតណាមចំនួន ១០០ នាក់ លើជំនាញ AI ដើម្បីរួមចំណែកដល់ការអភិវឌ្ឍ និងស្រាវជ្រាវដែលមានសមត្ថភាពខ្ពស់ និងពង្រឹងសមត្ថភាពបច្ចេកវិទ្យារបស់ប្រទេស។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានរំពឹងថានឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្ររវាងជប៉ុន និងវៀតណាមឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងគាំទ្រដល់មហិច្ឆតារបស់វៀតណាមក្នុងការអភិវឌ្ឍឧស្សាហកម្មឈីបរបស់ខ្លួន ពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បច្ចេកវិទ្យាជាសកល។

គួរឱ្យបញ្ជាក់ដែរថា ក្នុងអំឡុងពេលជំនួបពិភាក្សារវាងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានរដ្ឋវៀតណាម លោក To Lam ក៏បានប្រកាសកិច្ចព្រមព្រៀងចំនួន ១០ ផ្សេងទៀត ជាមួយការប្តេជ្ញាបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់ ១០០ ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០។ ភាគីទាំងពីរពិភាក្សាលើគម្រោងថាមពលដើរដោយឧស្ម័ន ថាមពលបរមាណូ ការកែច្នៃរ៉ែកម្រ និងវិស័យបច្ចេកវិទ្យាជឿនលឿន។ បច្ចុប្បន្ន ជនជាតិវៀតណាម គឺជាក្រុមជនបរទេសធំជាងគេទី ២ នៅជប៉ុន ដែលមានចំនួនជាង ៦៨០ ០០០ នាក់ ហើយក៏ជាប្រភពពលកម្មជំនាញយ៉ាងសំខាន់នៅទីនោះផងដែរ៕

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

កញ្ញា យឿន ពុធធីតា | Ms. Yoeun Puththyda

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា