អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

អត្រា​បង្កកំណើត​ពិភពលោក​ធ្លាក់​ដល់​កម្រិត​មិន​ធ្លាប់​មាន​ ​គំ​រាមកំហែង​ដល់​សេដ្ឋកិច្ច​សកល

បរទេស​៖ ​មនុស្ស​ជាតិ​កំពុង​ឈានចូល​ដល់​យុគសម័យ​ប្រជាសាស្ត្រ​មួយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ ​ខណៈ​អត្រា​បង្ក​កំណើត​សកល​បាន​ធ្លាក់ចុះ​ ​ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ស្ថិរ​ភាព​ប្រជាជន​ ​និង​សេដ្ឋកិច្ច​ពិភពលោក​នៅពេល​អនាគត​។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ ​RT ​ដោយ​ដកស្រង់​ការ​ស្រាវជ្រាវ​ថ្មី​ៗ​របស់​អ្នក​សេដ្ឋកិច្ច​ ​Jesus ​Fernandez​-​Villaverde ​នៃ​សាកលវិទ្យាល័យ​ Pennsylvania ​និង​ Patrick ​Norrick ​នៃ​សាកលវិទ្យាល័យ​ Northwestern ​បាន​ឱ្យ​ដឹង​ថា​ ​អត្រា​កំណើត​បាន​ធ្លាក់ចុះ​ដល់​កម្រិត​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​មនុស្ស​ជាតិ​ ​សូម្បីតែ​ក្នុង​អំឡុងពេល​មាន​វិបត្តិ​ធំ​ៗ ដូច​ជា​សង្គ្រាម ​ឬ​ជំងឺ​រាតត្បាត​ក៏​ដោយ​។

​កម្រិត​អត្រា​កំណើត​សកល​ដែល​ចាំបាច់​ដើម្បី​រក្សា​ចំនួន​ប្រជាជន​ឱ្យ​នៅ​ថេរ ​គឺ​ប្រហែល ​២​,​២ នាក់​ក្នុង​ស្ត្រី​ម្នាក់​ ​ខណៈ​តួលេខ​បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​មក​ប្រហែល​ ​២​,​១៩ ​ឬ​ទាប​ជាង​នេះ​។

​ទោះបី​ចំនួន​ប្រជាជន​សរុប​នៅលើ​ពិភពលោក​នៅតែ​បន្ត​កើនឡើង​ ​ដោយសារ​ជំនាន់​មុន​ៗ​ដែល​មាន​ចំនួន​ច្រើន​កំពុង​ស្ថិត​ក្នុង​វ័យ​បង្កើត​កូន​ក៏​ដោយ​ ​សន្ទុះ​នេះ​នឹង​មិន​អាច​បន្ត​ជា​រៀងរហូត​បាន​ទេ​។ ​អ្នក​ស្រាវជ្រាវ​ព្យាករណ៍​ថា​ ​ប្រជាជន​ពិភពលោក​នឹង​កើន​ដល់​កំពូល​ប្រហែល​ ​៩ ​ពាន់​លាន​នាក់​នៅ​ប្រហែល​ឆ្នាំ​ ២០៥៦ ​មុនពេល​ចាប់ផ្តើម​ធ្លាក់ចុះ​ជា​បន្តបន្ទាប់​។

​ការ​ធ្លាក់ចុះ​នេះ​ក៏​កំពុង​រីករាលដាល​ហួស​ពី​ប្រទេស​អភិវឌ្ឍន៍ ​ដោយ​មាន​ប្រទេស​ជា​ច្រើន​នៅ​អាមេរិក​ខាង​ត្បូង អាស៊ី ​និង​មជ្ឈិមបូព៌ា​ ​ប្រឈម​នឹង​និន្នាការ​ដូចគ្នា​។​ កត្តា​រួម​ចំណែក​មាន​ដូចជា​ ការ​កើនឡើង​នៃ​តម្លៃ​ផ្ទះសម្បែង ​អសន្តិសុខ​សេដ្ឋកិច្ច​ ការ​ទទួល​បាន​បច្ចេកទេស​បង្កកំណើត ​និង​ការ​ផ្លាស់ប្តូរ​អាទិភាព​វប្បធម៌ ​ដែល​ធ្វើឱ្យ​ការ​កែប្រែ​និន្នាការ​នេះ​តាមរយៈ​គោលនយោបាយ​តែ​មួយ​កាន់តែ​ពិបាក​។​

​អ្នក​ជំនាញ​បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ ​ដោយ​កម្លាំង​ពលកម្ម​ដែល​កាន់តែ​តិច​ទៅ​ៗ ​នឹង​ត្រូវ​ទទួល​បន្ទុក​ទ្រទ្រង់​ប្រជាជន​វ័យ​ចំណាស់​ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ​ស្ថានភាព​នេះ​អាច​បង្កើត​សម្ពាធ​ខ្លាំង​លើ​ប្រព័ន្ធ​ប្រាក់​បំណាច់​និវត្ត​ជន ​ប្រព័ន្ធ​ថែទាំ​សុខភាព ​និង​កំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​)​។

​កន្លង​មក ​លោក​ ​Elon ​Musk ​ក៏​ធ្លាប់​ព្រមាន​ជា​ច្រើន​លើក​ថា​ ​អត្រា​បង្កកំណើត​ទាប​គឺជា​ការ​គំរាមកំហែង​ដ៏​ធំ​បំផុត​មួយ​ដល់​អរិយធម៌​មនុស្សជាតិ​ ​ដោយ​ឆ្លុះបញ្ចាំង​ពី​ក្តី​បារម្ភ​ថា ​សង្គម​ដែល​ខ្វះ​មនុស្ស​អាច​ប្រឈម​នឹង​ការ​កកស្ទះ​ផ្នែក​សេដ្ឋកិច្ច​ ​និង​វប្បធម៌​ក្នុង​រយៈពេល​វែង​។

​បណ្តា​ប្រទេស​នានា​កំពុង​ឆ្លើយតប​ទៅ​នឹង​បញ្ហា​ប្រឈម​ផ្នែក​ប្រជាសាស្ត្រ​នេះ​រួចហើយ​។ ​នៅ​ប្រទេស​រុស្ស៊ី ​ដែល​អត្រា​កំណើត​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​ការ​លើកទឹកចិត្ត​ផ្នែក​សេដ្ឋកិច្ច​ ​ពង្រីក​អត្ថប្រយោជន៍​មាតុភាព ​និង​ស្តារ​ឡើង​វិញ​នូវ​ពានរង្វាន់​កិត្តិយស ​ដើម្បី​លើកទឹកចិត្ត​ឱ្យ​មាន​គ្រួសារ​ធំ​។

​គួរ​ឱ្យ​ដឹង​ថា​ ការ​ព្យាករណ៍​ប្រជាសាស្ត្រ​របស់​អង្គការ​សហ​ប្រជា​ជាតិ​ក៏​បាន​ត្រូវ​កែប្រែ​ចុះ​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​កន្លងមក​។ ​នៅ​ឆ្នាំ​ ​២០១៥ ​អង្គការ​នេះ​បាន​ព្យាករណ៍​ថា​ ​ចំនួន​ប្រជាជន​ពិភពលោក​នឹង​កើន​ដល់​ជាង​ ​១១​,​២ ពាន់​លាន​នាក់​នៅ​ឆ្នាំ​ ២១០០ ​ដែល​ជា​ចំនួន​នៅ​ចំណុច​កំពូល​មុន​ចុងបញ្ចប់​នៃ​សតវត្សរ៍​។

​ប៉ុន្តែ​ការ​ព្យាករណ៍​ដែល​ត្រូវ​បាន​កែប្រែ​នៅ​ឆ្នាំ​ ​២០២៤ ​បាន​បង្ហាញ​ថា​ ​អង្គការ​សហ​ប្រជា​ជាតិ​រំពឹង​ថា​ ​ចំនួន​ប្រជាជន​ពិភពលោក​នឹង​ឈាន​ដល់​កម្រិត​កំពូល​ប្រហែល​ ​១០​,​៣ ពាន់​លាន​នាក់​នៅ​ពាក់កណ្តាល​ទសវត្សរ៍​ឆ្នាំ​ ​២០៨០ ​មុនពេល​ធ្លាក់ចុះ​បន្តិច​មក​ប្រហែល​ ​១០​,​២ ពាន់​លាន​នាក់​នៅ​ឆ្នាំ​ ២១០០​៕

លោក សន ស៊ុនលី | Mr. San Sounly

លោក សន ស៊ុនលី | Mr. San Sounly

អ្នកសារព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា