សិស្សស្រីម្នាក់ ក្នុងចំណោម ៣នាក់ជួបប្រទះការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying) | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សស្រីម្នាក់ ក្នុងចំណោម ៣នាក់ជួបប្រទះការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying)

សិស្សស្រីម្នាក់ ក្នុងចំណោម ៣នាក់ជួបប្រទះការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying)

យោងតាមការស្ទង់មតិសុវត្ថិភាពតាមអ៊ីនធឺណិត របស់អង្គការ Sisters of Code ធ្វើឡើងក្នុងខែកញ្ញា ឆ្នាំ២០២៦ ជាមួយសិស្សស្រីចំនួន ១៣៣នាក់ ដែលភាគច្រើនជាក្មេងស្រីមានអាយុចន្លោះពី ១០ ទៅ ២០ឆ្នាំ បានរកឃើញថា សិស្សស្រីម្នាក់ ក្នុងចំណោម ៣ នាក់បានរាយការណ៍ថា បានជួបប្រទះ ឬប្រឈមមុខនឹងការបៀតបៀនតាមប្រព័ន្ធអ៊ីនធឺណិត (Online Bullying) ឬការយាយីតាមអ៊ីនធឺណិត (Harassment)។ លើសពីនេះ ​សិស្សស្រីម្នាក់ក្នុងចំណោម ៤នាក់ បាននិយាយថា មានមនុស្សចម្លែកបានទាក់ទងពួកគេតាមអ៊ីនធឺណិត និងមានត្រឹមតែ ១០% ប៉ុណ្ណោះដែលបានរាយការណ៍ថា ពួកគេមិនដែលជួបប្រទះការគំរាមកំហែងតាមអ៊ីនធឺណិត។

ការស្ទង់មតិនេះ មិនមានបំណងតំណាងឱ្យក្មេងស្រី និងយុវនារីកម្ពុជាទាំងអស់នោះទេ ដោយសារសិស្ស Sisters of Code គឺជាក្រុមអ្នកប្រើប្រាស់បច្ចេកវិទ្យាសកម្មរួចទៅហើយ។ យ៉ាងណាក៏ដោយ ការឆ្លើយតបរបស់ពួកគេផ្តល់នូវការយល់ដឹងដ៏មានតម្លៃអំពីបទពិសោធ និងកង្វល់តាមអ៊ីនធឺណិតរបស់ស្ត្រីវ័យក្មេងដែលចូលរួម។

លោកស្រី ជីន ដាលីន អ្នកដឹកនាំគម្រោងរបស់ Sisters of Code បានលើកឡើងថា ៩៨% បានកំពុងប្រើប្រាស់អ៊ីនធឺណិតរៀងរាល់ថ្ងៃ ឬស្ទើរតែរៀងរាល់ថ្ងៃ ខណៈដែលមានត្រឹមតែ ១០% ប៉ុណ្ណោះដែលបានរាយការណ៍ថា មិនដែលជួបប្រទះ ឬឃើញការគំរាមកំហែងតាមអនឡាញ។ ការរកឃើញទាំងនេះ ផ្អែកលើបទពិសោធន៍ដែលបានរាយការណ៍ដោយយុវជន ដែលបានបង្ហាញពីតម្រូវការក្នុងការពង្រឹងសុវត្ថិភាពអនឡាញ និងបង្កើតលំហឌីជីថលប្រកបដោយបរិយាបន្ន និងការគាំទ្របន្ថែមទៀត។

លោកស្រី ជីន ដាលីន លើកឡើងថា ប្រសិនបើយើងបង្រៀនក្មេងស្រីម្នាក់ពីរបៀបសរសេរកូដ ប្រើប្រាស់បញ្ញាសិប្បនិម្មិត និងបង្កើតគេហទំព័រផ្ទាល់ខ្លួន ប៉ុន្តែមិនដែលបង្រៀននាងពីរបៀបការពារគណនីដែលការងារទាំងអស់របស់នាងត្រូវបានរក្សាទុក តើយើងពិតជាអាចនិយាយបានថា យើងបានរៀបចំនាងសម្រាប់ពិភពឌីជីថលមែនទេ?

លោកស្រី ជីន ដាលីន បញ្ជាក់ថា «ការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសុវត្ថិភាព គឺជាគន្លឹះក្នុងការកសាងពិភពលោកមួយដែលមានបរិយាបន្ន និងផ្តល់អំណាចដល់ស្រ្តីឱ្យក្លាយជាអ្នកបង្កើតអនាគតរបស់ខ្លួន»។

ការស្ទង់មតិ ដែលបង្ហាញពីទស្សនៈរបស់និស្សិតស្រីដែលសកម្មក្នុងវិស័យឌីជីថល ក៏បានបង្ហាញដែរថា ពួកគេត្រូវការធ្វើបច្ចុប្បន្នភាពជំនាញ (Update Skills) និងការយល់ដឹង។ ដោយមានតែ ៦% ប៉ុណ្ណោះដែលបានផ្តល់ចំណាត់ថ្នាក់ទំនុកចិត្តខ្ពស់បំផុតដល់ខ្លួនឯង។ ទន្ទឹមនឹងនេះ ៦៦% មិនប្រាកដថាពួកគេមានជំនាញគ្រប់គ្រាន់ ដើម្បីការពារខ្លួនតាមអ៊ីនធឺណិតទេ។

ដូច្នេះ យុវជនត្រូវការជំនាញជាក់ស្តែងដែលពួកគេអាចអនុវត្តបានក្នុងជីវិតឌីជីថលប្រចាំថ្ងៃរបស់ពួកគេ រួមទាំងរបៀបដូចជា៖ បង្កើតពាក្យសម្ងាត់ដែលរឹងមាំ និងមានសុវត្ថិភាព, ស្គាល់ការបោកប្រាស់ និងសារគួរឱ្យសង្ស័យ, ឆ្លើយតបនៅពេលដែលគណនីមួយត្រូវបានគេលួចចូល ឬរងការគំរាមកំហែង, ការពារព័ត៌មានផ្ទាល់ខ្លួន និងភាពឯកជន, រាយការណ៍អំពីការធ្វើបាប និងការរំលោភបំពានតាមអ៊ីនធឺណិត និងស្វែងរកការគាំទ្រនៅពេលប្រឈមមុខនឹងការគំរាមកំហែងតាមអ៊ីនធឺណិត ជាជាងការដោះស្រាយវាតែម្នាក់ឯង។ ជំនាញទាំងនេះ គឺមានសារៈសំខាន់ណាស់សម្រាប់ជួយយុវជនឱ្យចូលរួមក្នុងលំហឌីជីថលដោយមានទំនុកចិត្ត និងការយល់ដឹងកាន់តែច្រើន។

ដោយផ្អែកលើការរកឃើញនៃការស្ទង់មតិ Sisters of Code បានកំណត់វិស័យសំខាន់ៗចំនួន៣ ដែលការអប់រំសុវត្ថិភាពឌីជីថលអាចជួយស្ត្រីវ័យក្មេងការពារខ្លួនឯងបានកាន់តែប្រសើរ៖ ១. ការគាំទ្រយុវជនឱ្យការពារគណនី ឧបករណ៍ និងពាក្យសម្ងាត់របស់ពួកគេ, ២. ការកសាងសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណការបន្លំតាមអ៊ីនធឺណិត ការបោកប្រាស់ សារក្លែងបន្លំ និងខ្លឹមសារក្លែងក្លាយដែលបង្កើតដោយ AI និង ៣. ពង្រឹងការយល់ដឹងអំពីឯកជនភាពផ្ទាល់ខ្លួន។

គួរជម្រាបជូនថា សុវត្ថិភាពតាមអ៊ីនធឺណិត មិនត្រឹមតែជាបញ្ហាបច្ចេកទេសប៉ុណ្ណោះទេ។ វាក៏ជាប់ទាក់ទងនឹងភាពស្ងប់សុខផ្លូវចិត្ត ទំនុកចិត្ត សុខុមាលភាព និងសេរីភាពក្នុងការចូលរួមផងដែរ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា