គន្លឹះ ១១ ចំណុច ដើម្បីពង្រឹងទំនាក់ទំនងជាមួយកូន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គន្លឹះ ១១ ចំណុច ដើម្បីពង្រឹងទំនាក់ទំនងជាមួយកូន

គន្លឹះ ១១ ចំណុច ដើម្បីពង្រឹងទំនាក់ទំនងជាមួយកូន

ការបង្កើតទំនាក់ទំនងល្អជាមួយកូន ខណៈពួកគេ​កំពុង​ស្ថិត​ក្នុងវ័យជំទង់ គឺជាការគាំទ្រដល់សុខភាពផ្លូវចិត្ត និងការរៀនសូត្រផ្នែកសង្គម-អារម្មណ៍របស់ពួកគេ។ នៅពេលយើងស្រឡាញ់នរណាម្នាក់ យើងតែងតែចង់ដឹងចង់លឺពីគំនិត និងអារម្មណ៍របស់គេ។ ការប្រាស្រ័យទាក់ទងគ្នា គឺជាវិធីមួយដើម្បីបង្ហាញពីសេចក្តីស្រឡាញ់ចំពោះកូនដែលកំពុងពេញវ័យ។ អង្គការយូនីសេហ្វ ដែលធ្វើការងារផ្នែកគាំពារកុមារ បានបង្ហាញគន្លឹះចំនួន១១ចំណុច សម្រាប់ឪពុកម្តាយ ក្នុងការពង្រឹងទំនាក់ទំនងជាមួយកូនៗ៖

Advertisement

ការកសាង និងពង្រឹងទំនាក់ទំនង

១. បង្ហាញការចាប់អារម្មណ៍៖ យកចិត្តទុកដាក់លើអ្វីដែលកូនចាត់ទុកថាសំខាន់ ដើម្បីបង្ហាញថាអ្នកបារម្ភពីគេ។
២. ចែករំលែកបទពិសោធន៍៖ រឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នកអាចជួយបង្កើតចំណុចរួម និងចំណង់ចំណូលចិត្តដូចគ្នា។
៣. សួររកមតិយោបល់៖ សាកសួរពីទស្សនៈរបស់កូន ដើម្បីយល់ពីអារម្មណ៍ពិតរបស់ពួកគេ។
៤. បន្តនិរន្តរភាព៖ ប្រសិនបើអ្នកមានទំនាក់ទំនងល្អតាំងពីកូននៅតូច វានឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៅពេលពួកគេឈានចូលវ័យជំទង់។

ក្លាយជាអ្នកស្ដាប់ដ៏សកម្ម (Active Listener)

ការស្ដាប់ដោយយកចិត្តទុកដាក់ មានន័យថា អ្នកមិនមានការរើសអើង និងមានការយល់ចិត្ត ទោះបីជាអ្នកមិនយល់ស្រប នឹងគំនិតរបស់ពួកគេក៏ដោយ។ ការធ្វើបែបនេះជួយឱ្យកូនមានអារម្មណ៍ថា ខ្លួនត្រូវបានគេផ្តល់តម្លៃ និងកាត់បន្ថយភាពតានតឹង។

៥. ប្រើប្រាស់កាយវិការ៖ ការសម្លឹងភ្នែក ការងក់ក្បាលយល់ព្រម ឬស្នាមញញឹមលើកទឹកចិត្ត បញ្ជាក់ថា អ្នកកំពុងផ្ដោតអារម្មណ៍ស្ដាប់។
៦. សួរសំណួរបើកចំហ៖ ប្រើសំណួរដែលគ្មានខុសគ្មានត្រូវ ដូចជា “តើកូនអាចពន្យល់បន្ថែមពីចំណុចនេះបានទេ?” ឬ “តើកូនមានអារម្មណ៍យ៉ាងណាដែរ បើ…?”
៧. ឆ្លុះបញ្ចាំងអ្វីដែលកូននិយាយ៖ សាកល្បងនិយាយឡើងវិញនូវអ្វីដែលកូនបាននិយាយ ដើម្បីបញ្ជាក់ថា អ្នកយល់ច្បាស់ ដូចជា៖ “អ្វីដែលម៉ាក់/ប៉ាបានឮគឺ…”។
៨. ផ្តល់ការសរសើរ និងការលើកទឹកចិត្ត៖ នៅពេលកូនហ៊ាននិយាយពីបញ្ហា ឬភាពតានតឹង ត្រូវអរគុណពួកគេដែលបានទុកចិត្ត និងចែករំលែកប្រាប់អ្នក។
៩. ទទួលស្គាល់អារម្មណ៍របស់កូន (Validate)៖ ជួយឱ្យកូនមានអារម្មណ៍ថា អារម្មណ៍របស់ពួកគេជារឿងសមហេតុផល ដូចជា៖ “ប៉ា/ម៉ាក់ យល់ថាហេតុអ្វីបានជាកូនខឹង ព្រោះបើជាប៉ា/ម៉ាក់វិញ ក៏អាចនឹងមានអារម្មណ៍បែបហ្នឹងដែរ”។

ការយល់ដឹងពីដែនកំណត់ និងការកំដរផ្លូវចិត្ត

១០. កុំបង្ខំ៖ ពេលខ្លះកូនប្រហែលជាមិនទាន់ត្រៀមខ្លួននិយាយ។ ចូរប្រាប់កូនថា អ្នកនៅទីនេះជានិច្ច រង់ចាំស្ដាប់នៅពេលពួកគេត្រូវការ ហើយកុំបង្ខំឱ្យពួកគេនិយាយប្រសិនបើពួកគេមិនទាន់ចង់។
១១. បង្កើតបរិយាកាសរីករាយ៖ ការទំនាក់ទំនងមិនមែនមានតែរឿងស្រេស្ត ឬបញ្ហានោះទេ។ ចូរចែករំលែករឿងកំប្លែង សើចសប្បាយជាមួយគ្នា និងបង្ហាញក្ដីស្រឡាញ់តាមរយៈសកម្មភាពដែលកូនមានភាពងាយស្រួល។

សរុបមកវិញ ការសើចសប្បាយ និងការមានពេលល្អៗជាមួយគ្នា គឺជាវិធីដ៏ល្អបំផុតក្នុងការរឹតចំណងមិត្តភាពរវាងឪពុកម្តាយ និងកូនឱ្យកាន់តែជិតស្និទ្ធ៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា