សិស្សត្រៀមប្រឡងថ្នាក់ទី១២ ៖ កម្មវិធី Live Teaching ជួយបង្កើនឱកាសប្រឡងជាប់ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សត្រៀមប្រឡងថ្នាក់ទី១២ ៖ កម្មវិធី Live Teaching ជួយបង្កើនឱកាសប្រឡងជាប់

សិស្សត្រៀមប្រឡងថ្នាក់ទី១២ ៖ កម្មវិធី Live Teaching ជួយបង្កើនឱកាសប្រឡងជាប់

សិស្សត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិថ្នាក់ទី១២លើកឡើងថា កម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦ នឹងជួយពួកគេបង្កើនចំណេះដឹង និងទំនុកចិត្តក្នុងការប្រឡងជាប់ បន្ទាប់ពីទទួលបានការបង្រៀនបន្ថែមលើមុខវិជ្ជាសំខាន់ៗពីលោកគ្រូ-អ្នកគ្រូតាមប្រព័ន្ធអនឡាញ។

Advertisement

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្ពោធជាផ្លូវការកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ន (Live Teaching) ឆ្នាំ២០២៦ នៅវិទ្យាល័យឥន្ទ្រទេវី ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

កម្មវិធីនេះធ្វើការផ្សាយជារៀងរាល់ថ្ងៃអាទិត្យ តាមរយៈវេបសាយ live-teaching.duraseksa.gov.kh ដោយអនុញ្ញាតឱ្យសិស្សថ្នាក់ទី១២ទូទាំងប្រទេសអាចចូលរៀនដោយឥតគិតថ្លៃ។

យុវសិស្ស ថន រិនសុភៈ បានប្រាប់ AMS ថា កម្មវិធី Live Teaching មានសារៈសំខាន់សម្រាប់សិស្សត្រៀមប្រឡងថ្នាក់ទី១២ ព្រោះជួយឱ្យពួកគេបានរៀនបំប៉នបន្ថែមលើមុខវិជ្ជាសំខាន់ៗ ដូចជា គណិតវិទ្យា ភាសាខ្មែរ គីមីវិទ្យា រូបវិទ្យា និងជីវវិទ្យា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រឡងថ្នាក់ជាតិ ខណៈសិស្សមួយចំនួននៅតាមបណ្តាខេត្តមិនមានលទ្ធភាពរៀនគួរបន្ថែម។

យុវសិស្សរូបនេះ និយាយថា «កម្មវិធីនេះដូចជាការរៀនគួរបំប៉នបន្ថែម។ សិស្សខ្លះ ជាពិសេសនៅតាមជនបទ មិនមានលទ្ធភាពរៀនគួរបន្ថែមទេ ប៉ុន្តែពួកគេអាចរៀនតាមកម្មវិធីអនឡាញនេះ ពីលោកគ្រូ-អ្នកគ្រូដែលបង្រៀនផ្ទាល់តាមរយៈការផ្សាយបន្តផ្ទាល់»។

ចំរើន រដ្ឋា សិស្សម្នាក់ទៀតមកពីវិទ្យាល័យឥន្ទ្រទេវី បានបង្ហាញក្តីរំពឹងថា ខ្លួននឹងអាចប្រឡងជាប់ និងទទួលបាននិទ្ទេសល្អក្នុងការប្រឡងបាក់ឌុបខាងមុខ ដោយសារមានការរៀនបំប៉នបន្ថែមតាមរយៈកម្មវិធីនេះ ក្រៅពីការសិក្សាក្នុងថ្នាក់ និងស្វ័យសិក្សា។

ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ រាជធានី-ខេត្ត ឱ្យបន្តផ្សព្វផ្សាយ និងជំរុញសិស្សានុសិស្សឱ្យបង្កើនការស្វ័យសិក្សា និងទាញយកប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដូចជា ការរៀនតាម Live Teaching និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាឧបករណ៍ជំនួយក្នុងការសិក្សា និងពង្រឹងសមត្ថភាពភាសាបរទេស។

ឯកឧត្តមបានគូសបញ្ជាក់ថា ការរួមបញ្ចូលគ្នារវាងការខិតខំប្រឹងប្រែងរបស់សិស្ស ការប្រើប្រាស់ AI និងការរៀនតាម Live Teaching នឹងជួយពង្រឹងសមត្ថភាពសិស្សកម្ពុជា ឱ្យមានភាពប្រកួតប្រជែងក្នុងយុគសម័យសេដ្ឋកិច្ចឌីជីថល និងរួមចំណែកអភិវឌ្ឍធនធានមនុស្សសម្រាប់អនាគតជាតិ។

ឯកឧត្តមមានប្រសាសន៍ថា «ការដាក់ឱ្យដំណើរការកម្មវិធីផ្សាយផ្ទាល់ការបង្រៀនបំប៉ននេះ គឺជាជំហានយុទ្ធសាស្ត្រថ្មីមួយក្នុងការធ្វើបរិវត្តកម្មឌីជីថលលើវិស័យអប់រំនៅកម្ពុជា ដើម្បីកាត់បន្ថយគម្លាតគុណភាពអប់រំរវាងតំបន់ទីប្រជុំជន និងតំបន់ដាច់ស្រយាល តាមរយៈការផ្តល់ឱកាសឱ្យសិស្សានុសិស្សទទួលបានចំណេះដឹង និងវិធីសាស្ត្របង្រៀនតាមស្តង់ដារពីគ្រូដែលមានបទពិសោធន៍ខ្ពស់ ទោះបីស្ថិតនៅទីកន្លែងផ្សេងគ្នាក៏ដោយ»។

សូមជម្រាបថា នៅសល់ប្រមាណ៣ខែទៀតប៉ុណ្ណោះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅ ពោលគឺនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ខណៈក្រសួងអប់រំកំពុងបន្តក្រើនរំលឹកដល់សិស្សានុសិស្សឱ្យត្រៀមខ្លួនសម្រាប់ការប្រឡង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា