ត្រឹមអាយុ១៥ឆ្នាំ យុវជនបែលហ្ស៊ិកម្នាក់បញ្ចប់ថ្នាក់បណ្ឌិតផ្នែករូបវិទ្យា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹមអាយុ១៥ឆ្នាំ យុវជនបែលហ្ស៊ិកម្នាក់បញ្ចប់ថ្នាក់បណ្ឌិតផ្នែករូបវិទ្យា

ត្រឹមអាយុ១៥ឆ្នាំ យុវជនបែលហ្ស៊ិកម្នាក់បញ្ចប់ថ្នាក់បណ្ឌិតផ្នែករូបវិទ្យា

ត្រឹមអាយុ ១៥ឆ្នាំ Laurent Simons យុវជនជនជាតិបែលហ្ស៊ិក បានការពារនិក្ខេបបទបណ្ឌិតផ្នែករូបវិទ្យាឃ្វង់ទូម (Quantum Physics) នៅសាកលវិទ្យាល័យ Antwerp ក្នុងឆ្នាំ២០២៥ ដែលធ្វើឱ្យប្រវត្តិសិក្សារបស់គេទទួលបានការចាប់អារម្មណ៍ជាអន្តរជាតិ។

យុវជន Simons បានចាប់ផ្តើមបង្ហាញសមត្ថភាពសិក្សាតាំងពីកុមារភាព។ យោងតាមប្រភពព័ត៌មានហូឡង់ NOS Simons បានចូលរៀនបឋមសិក្សាតាំងពីអាយុប្រហែល ២ឆ្នាំ ហើយនៅឆ្នាំ២០១៨ បានចាប់ផ្តើមសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅសាកលវិទ្យាល័យបច្ចេកវិទ្យា Eindhoven ក្នុងប្រទេសហូឡង់។

នៅអាយុ ៩ឆ្នាំ គេបានចាប់ផ្តើមសិក្សាមុខវិជ្ជាកម្រិតសាកលវិទ្យាល័យ។ នៅឆ្នាំ២០១៩ យុវជនរូបនេះបានធ្វើការលើគម្រោង «brain-on-a-chip» ដែលពាក់ព័ន្ធនឹងការរួមបញ្ចូលវិស្វកម្មអគ្គិសនី និងជីវវេជ្ជសាស្ត្រ។

ក្រោយមក យុវជន​ Simons បានបន្តការសិក្សាផ្នែករូបវិទ្យា និងផ្តោតលើការស្រាវជ្រាវរូបវិទ្យាឃ្វង់ទូមបែបទ្រឹស្តី។ យោងតាមសាកលវិទ្យាល័យ Antwerp ការស្រាវជ្រាវថ្នាក់បណ្ឌិតរបស់ Simons ពាក់ព័ន្ធនឹង Bose-Einstein condensates, ឧស្ម័នបូសុននៅសីតុណ្ហភាពទាបខ្លាំង (ultracold bosonic gases) និង polarons។

Simons ក៏ធ្លាប់មានបទពិសោធន៍ស្រាវជ្រាវនៅវិទ្យាស្ថាន Max Planck ក្នុងប្រទេសអាល្លឺម៉ង់។ ក្រៅពីរូបវិទ្យា យុវជន Simons បានបង្ហាញចំណាប់អារម្មណ៍លើការរួមបញ្ចូលវិស័យរូបវិទ្យា គីមីវិទ្យា វេជ្ជសាស្ត្រ និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីស្រាវជ្រាវអំពីការពន្យារអាយុជីវិតមនុស្ស។

ការបញ្ចប់បណ្ឌិតនៅវ័យ ១៥ឆ្នាំបានធ្វើឱ្យយុវជន Simons ទទួលបានការចាប់អារម្មណ៍ពីប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ។ មុនពេលការពារនិក្ខេបបទ Simons បានបញ្ចប់ការសិក្សាកម្រិតសាកលវិទ្យាល័យ និងមានបទពិសោធន៍ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្ររួចមកហើយ។

បច្ចុប្បន្ន យុវជន Laurent Simons មានអាយុ ១៦ឆ្នាំ និងបន្តចាប់អារម្មណ៍លើការស្រាវជ្រាវក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍចំណេះដឹងថ្មីៗ។

យុវជន Laurent Simons កើតនៅទីក្រុង Ostend ប្រទេសបែលហ្ស៊ិក ក្នុងគ្រួសារដែលមានឪពុកជាទន្តបណ្ឌិត និងម្តាយជាអ្នកគ្រប់គ្រងការិយាល័យ។ កាលពីកុមារ Simons ធ្លាប់រស់នៅជាមួយជីដូនជីតានៅ Ostend ខណៈឪពុកម្តាយធ្វើការនៅប្រទេសហូឡង់។ ឪពុកម្តាយរបស់ Simons បានគាំទ្រការសិក្សារបស់គេតាំងពីកុមារភាព និងជួយរៀបចំការសិក្សាឱ្យសមស្របនឹងសមត្ថភាពរបស់គេ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា