កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង នៅបាត់ដំបង បេក្ខជន ១៧នាក់ ដណ្តើមបាននិទ្ទេស A | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង នៅបាត់ដំបង បេក្ខជន ១៧នាក់ ដណ្តើមបាននិទ្ទេស A

កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង នៅបាត់ដំបង បេក្ខជន ១៧នាក់ ដណ្តើមបាននិទ្ទេស A

កុមារា និងកុមារីចំនួន ១៧នាក់ទទួលបាននិទ្ទេស A ក្នុងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង ដែលរៀបចំដោយ វេទិកានិងពិព័រណ៍អប់រំកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលកន្លងទៅថ្មីៗនេះនៅខេត្តបាត់ដំបង។

កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូងសម្រាប់សិស្សានុសិស្សថ្នាក់ទី១ ដល់ទី៣ នេះ ទទួលបានបេក្ខជនចូលរួមសរុបជាង ២០០នាក់។ ផ្នែកអំណានថ្នាក់ដំបូង មានសិស្សចូលរួមសរុប ១០៣នាក់ ក្នុងនោះ និទ្ទេស A ១២ នាក់, និទ្ទេស B ២៨ នាក់, និទ្ទេស C ២១ នាក់, និទ្ទេស D ២៧ នាក់ និងនិទ្ទេសន E ១៥ នាក់។ សម្រាប់ផ្នែកគណិតវិទ្យាថ្នាក់ដំបូង មានសិស្សចូលរួមសរុប ១០៨ នាក់ ក្នុងនោះ និទ្ទេស A ៩ នាក់, និទ្ទេស B ១៣ នាក់, និទ្ទេស C ១៥ នាក់, និទ្ទេស D ៣២ នាក់ និងនិទ្ទេស E ៣៩ នាក់។

ថ្លែងក្នុងពិធីបិទ «វេទិកាអន្តរជាតិស្តីពី ការអប់រំគ្រូបង្រៀនសតវត្សរ៍ទី២១ លើកទី១» ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញអំណាន និងគណិតវិទ្យាតាំងពីថ្នាក់ដំបូង គឺជាគ្រឹះដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការរៀនសូត្ររបស់កុមារ។ ការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាឱ្យមានប្រសិទ្ធភាព ត្រូវការការចូលរួមពីសំណាក់ លោកគ្រូ អ្នកគ្រូ ក្នុងការបង្រៀនសមស្របតាមកម្រិតសមត្ថភាពសិស្ស ការចូលរួមយ៉ាងសកម្ម ការបង្កើតបរិយាកាសរៀនសូត្រប្លែកទាក់ទាញ និងការតាមដានវឌ្ឍនភាពសិស្សានុសិស្សជាប្រចាំ។

លោក សុវណ្ណតារា អ្នកសម្របសម្រួលកម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង លើកឡើងថា ការសហការរៀបចំការប្រកួតប្រជែងនេះ គឺជាការជំរុញ និងគាំទ្រដល់ការអនុវត្ត កញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង របស់ ក្រសួងអប់រំ យុវជន និងកីឡា ដែលជាចំណុចយុទ្ធសាស្ត្រក្នុងការកែទម្រង់ការអប់រំបឋមសិក្សា។

លោក សុវណ្ណតារា បញ្ជាក់បន្ថែមថា លើសពីការទទួលបានមេដាយ និងលិខិតបញ្ជាក់ការចូលរួម កម្មវិធីនេះបានផ្តល់បទពិសោធដ៏មានតម្លៃដល់សិស្ស ជាកត្តាជំរុញឱ្យកុមាររីករាយក្នុងការអានសៀវភៅ និងដោះស្រាយចំណោទលេខ ព្រមទាំងផ្តល់ទិន្នន័យច្បាស់លាស់ដល់លោកគ្រូ អ្នកគ្រូ ក្នុងការវាយតម្លៃពីប្រសិទ្ធភាពនៃការអនុវត្តកញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូងនៅក្នុងថ្នាក់រៀន។

សូមជំរាបជូនដែរថា កម្មវិធីប្រកួតប្រជែងគណិតវិទ្យា និងអំណានថ្នាក់ដំបូង រៀបចំឡើងដើម្បីវាស់វែងសមត្ថភាពជាក់ស្តែង ក្នុងការឆ្លុះបញ្ចាំងពីប្រសិទ្ធភាពនៃការអនុវត្ត «កញ្ចប់អំណាន និងគណិតវិទ្យាថ្នាក់ដំបូង» នៅតាមសាលារៀន។

បេក្ខជនបានធ្វើតេស្តលើទម្រង់សំណួរពហុជ្រើសរើស (MCQ) សម្រាប់មុខវិជ្ជាគណិតវិទ្យា និងទម្រង់សំណេរ
អត្ថបទខ្លី ព្រមទាំងការឆ្លើយសំណួរខ្លឹមសារអត្ថបទសម្រាប់មុខវិជ្ជាអំណាន (ភាសាខ្មែរ) ដកស្រង់ពីសៀវភៅសិក្សាគោលរបស់ក្រសួង ក្នុងថេរវេលាកំណត់ ៤៥នាទី៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា