កម្ពុជាបណ្តុះបណ្តាលនិស្សិតមីយ៉ាន់ម៉ា ២១រូប លើជំនាញវិស្វកម្មអវយវៈសិប្បនិម្មិត | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជាបណ្តុះបណ្តាលនិស្សិតមីយ៉ាន់ម៉ា ២១រូប លើជំនាញវិស្វកម្មអវយវៈសិប្បនិម្មិត

កម្ពុជាបណ្តុះបណ្តាលនិស្សិតមីយ៉ាន់ម៉ា ២១រូប លើជំនាញវិស្វកម្មអវយវៈសិប្បនិម្មិត

និស្សិតមីយ៉ាន់ម៉ាចំនួន ២១រូប បានបញ្ចប់ការសិក្សាដោយជោគជ័យលើជំនាញវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណប នៅមហាវិទ្យាល័យវិស្វកម្មឧបករណ៍អវយវៈសិប្បនិម្មិត និងរណបកម្ពុជា។ ក្រុមនិស្សិតទាំងនេះត្រូវបានផ្ទេរមកពីប្រទេសមីយ៉ាន់ម៉ា កាលពីឆ្នាំ២០២២ ក្រោមការគាំទ្រពីមូលនិធិជប៉ុន និងអង្គការ Exceed Worldwide ដោយទទួលបានការទទួលស្គាល់ក្រេឌីតសិក្សាយ៉ាងពេញលេញពីក្រសួងអប់រំ យុវជន និងកីឡា។

Advertisement

ក្នុងឱកាសអនុញ្ញាតឱ្យក្រុមនិស្សិត និងក្រុមយុទ្ធសាស្ត្ររបស់អង្គការ Exceed ចូលជួបសម្តែងការគួរសម កាលពីរសៀលថ្ងៃអង្គារ ទី២១ ខែមេសា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ដោយកោតសរសើរ និងអបអរសាទរចំពោះជោគជ័យរបស់និស្សិត និងគ្រូឧទ្ទេសទាំងអស់។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការបណ្តុះបណ្តាលនេះមិនត្រឹមតែជាការផ្ទេរចំណេះដឹងបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្តល់ “ជីវិតទីពីរ” ដល់ជនមានពិការភាព។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលឹកពីបទពិសោធន៍របស់កម្ពុជា ដែលធ្លាប់រងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាម និងគ្រាប់មីន ធ្វើឱ្យប្រជាពលរដ្ឋជាច្រើនបាត់បង់សមត្ថភាពរាងកាយ។ ក្នុងន័យនេះ ការបំពាក់អវយវៈសិប្បនិម្មិតគឺជាស្ពានចម្លងដ៏សំខាន់ ដែលជួយឱ្យជនមានពិការភាពអាចត្រឡប់មកប្រកបរបរចិញ្ចឹមជីវិត និងរស់នៅដោយឯករាជ្យម្ចាស់ការក្នុងសង្គមវិញបាន។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការ Exceed Worldwide ដែលបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សដ៏មានតម្លៃសម្រាប់ជួយដល់ប្រជាជនមីយ៉ាន់ម៉ា ក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ន។

ជាការឆ្លើយតប តំណាងអង្គការ Exceed Worldwide បានសម្តែងនូវការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងអប់រំ ដែលបានផ្តល់ការគាំទ្រគ្រប់ជ្រុងជ្រោយដល់និស្សិតទាំងនេះ។ តំណាងអង្គការបានបញ្ជាក់ថា ក្នុងអំឡុងពេលសិក្សានៅកម្ពុជា និស្សិតទាំង ២១រូប បានចូលរួមយ៉ាងសកម្មក្នុងការផ្តល់សេវាស្ដារលទ្ធភាពពលកម្មជូនដល់ប្រជាជនកម្ពុជាជាច្រើននាក់រួចមកហើយ។ បន្ទាប់ពីបញ្ចប់ការសិក្សានេះ ពួកគេនឹងនាំយកនូវចំណេះដឹង និងជំនាញបច្ចេកទេសដែលទទួលបានពីកម្ពុជា ទៅបម្រើ និងជួយសង្គ្រោះប្រជាជននៅក្នុងប្រទេស​កំណើត​របស់​ពួក​គេវិញ៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា