ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ២១រូប បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបំពេញបេសកកម្មតំណាងជាតិ ដោយរំលេចពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការជំរុញសក្តានុពលយុវជន ការផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ និងការកសាងមិត្តភាពជាសកល ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៥០ (50th SSEAYP) ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣៤ថ្ងៃ ចាប់ពីថ្ងៃទី ៣ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៧។
លោក រូ ម៉ានិត អនុប្រធានប្រតិភូនាវាយុវជនកម្ពុជា (Assistant Youth Leader) ប្រាប់ AMS ថា ក្នុងនាមជាយុវជនមួយរូប ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាសគ្នេយ៍ និងជប៉ុន លើកទី៥០ នៅដើមឆ្នាំ២០២៧ខាងមុខនេះ លោកពិតជាមានមោទនភាព ទំនុកចិត្ត និងរីករាយ ដែលបានធ្វើការជាមួយក្រុមយុវជនដែលមានសក្ដានុពល ដោយនឹងនាំយកសមត្ថភាពយុវជនកម្ពុជា ក៏ដូចជាលទ្ធផលល្អៗ ត្រៀមទៅបង្ហាញថ្នាក់ដឹកនាំទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាទៅកាន់ថ្នាក់ដឹកនាំ ប្រតិភូយុវជនមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន។

អនុប្រធានប្រតិភូនាវាយុជនកម្ពុជារូបនេះ បន្ថែមថា ចាប់តាំងពីលទ្ធផលប្រតិភូនាវាយុជនកម្ពុជាប្រកាសជាផ្លូវការ នៅខែសីហា កន្លងមក ប្រតិភូនាវាយុជនកម្ពុជាបានចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលមុនចេញដំណើរ រយៈពេល ១២សប្ដាហ៍ ដែលរៀបចំដោយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា (SIC) ទាក់ទងទៅនឹង សិល្បៈ កាយសម្បទា ការនិយាយស្ដី ការរៀបចំខ្លួន និងចំណេះដឹងជាច្រើនទៀត ដើម្បីធានាថាប្រតិភូនាវាយុវជន គឺត្រៀមខ្លួនរួចរាល់ក្នុងការតំណាងប្រទេសកម្ពុជា។
យុវជនកម្ពុជា ក៏រៀបចំខ្លួនសម្រាប់ប្រធានបទកិច្ចពិភាក្សា ហៅជាភាសាអង់គ្លេសថា Discussion Group (DG) ដើម្បីពិភាក្សាផ្លាស់ប្ដូរចំណេះដឹង បទពិសោធទាក់ទងនឹងប្រធានបទនីមួយៗ ជាមួយនឹងយុវជនតំណាងប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន និងជប៉ុន នៅលើនាវាផ្ទាល់។ ហើយកន្លងមក ប្រតិភូនាវាយុវជនកម្ពុជា ក៏បានជួបសម្តែងការគួរសម និងទទួលដំបូន្មាន ក៏ដូចជាពុទ្ធិ ពីថ្នាក់ដឹកនាំផងដែរ។

កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នឹងចាប់ផ្តើមដំណើរចាកចេញពីទីក្រុងតូក្យូ (ប្រទេសជប៉ុន) ដោយចូលចតនៅក្រុងព្រះសីហនុ (ប្រទេសកម្ពុជា) ក្រុងគូជិញ (ប្រទេសម៉ាឡេស៊ី) និងក្រុងម៉ានីល (ប្រទេសហ្វីលីពីន) មុនពេលត្រឡប់ទៅប្រទេសជប៉ុនវិញ។
ក្នុងដំណើរចូលចតប្រទេសទាំង៤នេះ នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន នឹងចូលចតប្រទេសកម្ពុជាយូរជាងគេ ខណៈកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រារព្ធធ្វើខួបលើកទី៥០ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៧៤។
ការធ្វើជាម្ចាស់ផ្ទះ នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៥០ នេះ លោក រូ ម៉ានិត ចាត់ទុកថា គឺជាឱកាសដ៏ល្អក្នុងការឱ្យកម្ពុជាបង្ហាញវប្បធម៌ អរិយធម៌ ទៅកាន់ឆាកអន្តរជាតិ តាមរយៈការនាំយក ការសម្ដែងសិល្បៈ របាំ ចម្រៀង ក៏ដូចជាការគ្រងឈុតប្រពៃណីខ្មែរ។ ជាមួយគ្នានេះ ក៏ជាឱកាសដ៏ល្អក្នុងការបង្ហាញទៅមិត្តអន្តរជាតិអំពីសក្ដានុពល និងការរីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ ព្រមជាមួយការបង្ហាញពីសក្ដានុពលយុវជនកម្ពុជា ដែលមានទាំងចំណេះដឹង កាយសម្បទា និងមានសមត្ថភាព។

សូមជម្រាបថា ព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ចាប់តាំងពីឆ្នាំ២០០០ ហើយបានបន្តចូលរួមក្នុងកម្មវិធីនេះជាបន្តបន្ទាប់។ ការចូលរួមរបស់យុវជនកម្ពុជាក្នុងកម្មវិធីនេះ គឺជាឱកាសដ៏មានតម្លៃក្នុងការលើកកម្ពស់សមត្ថភាពយុវជន កសាងភាពជាអ្នកដឹកនាំ និងបង្កើនការយល់ដឹងអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្យានុភាព និងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ៕























