កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បង្កើតឱកាសឱ្យយុវជនអភិវឌ្ឍសមត្ថភាព STEM តាមរយៈការអនុវត្តជាក់ស្ដែង | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បង្កើតឱកាសឱ្យយុវជនអភិវឌ្ឍសមត្ថភាព STEM តាមរយៈការអនុវត្តជាក់ស្ដែង

កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ បង្កើតឱកាសឱ្យយុវជនអភិវឌ្ឍសមត្ថភាព STEM តាមរយៈការអនុវត្តជាក់ស្ដែង

ក្នុងកម្មវិធីបើកវគ្គបណ្ដុះជំនាញរៀបចំគម្រោង STEM ឆ្នាំ២០២៦ នៃការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ក្រោមប្រធានបទ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម» កាលពីថ្ងៃទី៨ កញ្ញា ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១នេះ គឺជាឱកាសមួយផ្តល់ឱ្យយុវជនអភិវឌ្ឍសមត្ថភាពរៀបចំគម្រោង STEM តាមរយៈការអនុវត្តជាក់ស្ដែង។

ឯកឧត្តម សេរី ជំនះ មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១នេះឡើង ដើម្បីបង្កើតឱកាសឱ្យយុវជនរៀនសូត្រ ស្រាវជ្រាវ សាកល្បង ច្នៃប្រឌិត និងអភិវឌ្ឍសមត្ថភាពក្នុងការរៀបចំគម្រោង STEM តាមរយៈការអនុវត្តជាក់ស្ដែង។ ឯកឧត្តមបន្តថា STEM មិនមែនត្រឹមតែជាចំណេះដឹងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជារបៀបគិតដែលជួយឱ្យយុវជន ចេះសួរ ចេះគិត ចេះដោះស្រាយបញ្ហា ចេះសហការ និងចេះបង្កើតអ្វីថ្មី។

ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា តាមរយៈការកែច្នៃវត្ថុធាតុដើម យុវជនត្រូវបានលើកទឹកចិត្តឱ្យចាប់ផ្ដើមពីបញ្ហា និងធនធានដែលមាននៅជុំវិញខ្លួន ដើម្បីប្រែក្លាយចំណេះដឹងទៅជាជំនាញ ជំនាញទៅជាការអនុវត្ត ការអនុវត្តទៅជាគម្រោង និងគម្រោងទៅជាដំណោះស្រាយដែលបង្កើតតម្លៃសម្រាប់សហគមន៍ និងសង្គម។

គោលដៅមិនមែនត្រឹមឱ្យយុវជន «ចេះ STEM» ប៉ុណ្ណោះទេ ប៉ុន្តែឱ្យពួកគេ «ប្រើ STEM» ដើម្បីគិត ស្រាវជ្រាវ សាកល្បង កែច្នៃ បង្កើតតម្លៃ និងចូលរួមដោះស្រាយបញ្ហាជាក់ស្ដែង

ឯកឧត្តម សេរី ជំនះ គូសបញ្ជាក់ថា ការសិក្សា STEM មានសារៈសំខាន់ចម្បងដូចជា ១.បណ្ដុះការគិតវិភាគ និងការគិតមានហេតុផល, ២.អភិវឌ្ឍសមត្ថភាពដោះស្រាយបញ្ហា, ៣. ជំរុញការច្នៃប្រឌិត និងនវានុវត្តន៍, ៤.ភ្ជាប់ចំណេះដឹងទៅនឹងជីវិតពិត, ៥.បណ្ដុះជំនាញសតវត្សទី២១, ៦.ត្រៀមសិស្សសម្រាប់យុគសម័យឌីជីថល និង AI, ៧. ត្រៀមសម្រាប់ការសិក្សា និងមុខរបរនាពេលអនាគត និង ៨.បណ្ដុះភាពក្លាហានក្នុងការសាកល្បង និងរៀនពីកំហុស។

បើតាមលោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ ប្រធានបទក្នុងការប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ សម្រាប់ឆ្នាំ២០២៦នេះ «STEM ក្នុងការកែច្នៃវត្ថុធាតុដើម» ត្រូវបានជ្រើសរើសក្នុងគោលបំណងជំរុញយុវជន លោកគ្រូ អ្នកគ្រូដឹកនាំចំនួន ២៥០រូប មកពី២៥រាជធានី-ខេត្ត ឱ្យបង្កើនការយកចិត្តទុកដាក់កាន់តែខ្លាំងលើការសិក្សា និងស្រាវជ្រាវមុខជំនាញដែលទាក់ទងនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) សំដៅលើកកម្ពស់គំនិតផ្ដួចផ្ដើម ច្នៃប្រឌិត បង្កើតថ្មី និងបង្កើតតម្លៃបន្ថែមលើវត្ថុធាតុដើម និងធនធានដែលមានស្រាប់ ជាពិសេសក្នុងការជំរុញការកែច្នៃ និងការគាំទ្រផលិតភាពផលិតផលក្នុងស្រុកកាន់តែរឹងមាំ។

លោក ម៉ិល ផនសីហា ប្រធាននាយកដ្ឋានអប់រំយុវជននិងកុមារ

សូមជម្រាបជូនដែរថា កម្មវិធីប្រកួតប្រជែងស្នាដៃយុវជនសតវត្សទី២១ ឆ្នាំនេះ ត្រូវរៀបចំដោយនាយកដ្ឋានអប់រំយុវជននិងកុមារ នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា នៅមជ្ឈមណ្ឌលជាតិយុវជនកម្ពុជា ខេត្តសៀមរាប ដោយមានការចូលរួមសហការគាំទ្រពីសហគ្រិនខ្មែរ អង្គការ UNFPA ក៏ដូចជាធនាគារអេស៊ីលីដា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា