ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

ជនរងគ្រោះពីអំពើហិង្សាផ្លូវភេទសម័យខ្មែរក្រហម ២៣៥នាក់ នៅខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ដើម្បីស្តារជីវភាព និងសេចក្តីថ្លៃថ្នូរ

អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) សរុបចំនួន ២៣៥នាក់ នៅក្នុងខេត្តកំពត ទទួលបានសំណងក្រៅប្រព័ន្ធតុលាការ ព្រមទាំងការគាំទ្រផ្នែកសុខភាព និងស្មារតី ក្នុងគោលដៅស្តារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងលើកកម្ពស់គុណភាពជីវិតរស់នៅ។

ការផ្តល់សំណងនេះ ធ្វើឡើងក្រោមកិច្ចសហការរវាងអង្គការដៃគូចំនួនបី រួមមាន អង្គការក្តីករុណា, អង្គការចិត្តសង្គម-អន្តរវប្បធម៌ (TPO) និងមូលនិធិអ្នករស់រានមានជីវិតសកល (Global Survivors Fund)។ គម្រោងនេះបានអនុវត្តនៅក្នុងតំបន់គោលដៅនៃខេត្តកំពត រួមមាន សង្កាត់ត្រើយកោះ ក្នុងក្រុងកំពត ព្រមទាំងឃុំម្រោម និងឃុំដើមដូង ក្នុងស្រុកអង្គរជ័យ សម្រាប់គាំទ្រដល់ជនរងគ្រោះពីការរៀបការដោយបង្ខំ ការរំលោភបំពាន ទាសករផ្លូវភេទ និងទារុណកម្មផ្លូវភេទនានាក្នុងសម័យខ្មែរក្រហម។

លោក ទឹម មិនា នាយកប្រតិបត្តិអង្គការក្ដីករុណា

ថ្លែងក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ស្តីពី «វិធានការផ្តល់សំណងក្រៅប្រព័ន្ធតុលាការ សម្រាប់អ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហម» កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារ រេនហ្វរេស ក្រុងកំពត លោក ទឹម មិនា នាយកប្រតិបត្តិអង្គការក្តីករុណា មានប្រសាសន៍ថា វិធានការសំណងក្រៅប្រព័ន្ធតុលាការត្រូវបានរៀបចំឡើង បន្ទាប់ពីដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅអង្គជំនុំជម្រះវិសាមញ្ញ (អ.វ.ត.ក.) ត្រូវបានបិទបញ្ចប់។ លោកគូសបញ្ជាក់ថា យន្តការនេះមានគោលបំណងលើកកម្ពស់ស្ថានភាពសេដ្ឋកិច្ច សុខភាពផ្លូវកាយ-ផ្លូវចិត្ត និងជំរុញការចូលរួមក្នុងសង្គមរបស់ជនរងគ្រោះឡើងវិញ ព្រមទាំងផ្សព្វផ្សាយអប់រំដល់យុវជនជំនាន់ក្រោយឱ្យ​យល់ដឹងអំពីប្រវត្តិសាស្ត្រ ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតឡើងសារជាថ្មី។

លោក ឡាយ ទេពពិទូ តំណាងរដ្ឋបាលខេត្តកំពត បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះគម្រោងនេះ ដោយគូសបញ្ជាក់ថា ការគាំពារជនរងគ្រោះមិនត្រូវកម្រិតត្រឹមតែការទទួលស្គាល់ការឈឺចាប់ពីអតីតកាលនោះទេ ប៉ុន្តែត្រូវផ្តោតសំខាន់លើការស្តារសម្បទា ការលើកកម្ពស់សេចក្តីថ្លៃថ្នូរ និងការផ្តល់ឱកាសឱ្យពួកគាត់មានសំឡេងក្នុងសង្គម។

ផ្អែក​តាម​របាយការណ៍របស់លោក ប៊ុន វុឌ្ឍី នាយកកម្មវិធីនៃអង្គការក្តីករុណា បង្ហាញថា ក្រុមការងារបានចុះសម្ភាសន៍អ្នករស់រានមានជីវិតសរុប ២៥០នាក់ (ស្ត្រី ៦២%) និងបានសម្រេចជ្រើសរើសផ្លូវការចំនួន ២៣៥នាក់ (ស្ត្រី ៦២%)។ ក្នុងនោះ ផ្ដល់សំណងហិរញ្ញវត្ថុ ២៣៥ រូប, គាំទ្រសុខភាពផ្លូវចិត្ត ១៥៧ រូប, ជំនួយផ្នែកវេជ្ជសាស្ត្រ ៤៣ រូប និងការកសាងសមត្ថភាព ៦៧ រូប។

ចំពោះកញ្ចប់សំណងសមូហភាព គម្រោងបានបង្កើតសមាគមមនុស្សចាស់ចំនួន ៣ទីតាំង ដែលមានសមាជិកជាអ្នករស់រានមានជីវិត ២៣៤នាក់ និងសមាជិកទូទៅចូលថ្មី ១៩៧នាក់ សរុបចំនួន ៤៣១នាក់។

តំណាងអ្នករស់រានមានជីវិតពីអំពើហិង្សាផ្លូវភេទក្នុងរបបខ្មែរក្រហមបានបង្ហាញក្តីសោមនស្សរីករាយចំពោះការទទួលបានការគាំទ្រទាំងផ្នែកស្មារតី និងសម្ភារ ដែលជាផ្នែកមួយជួយព្យាបាលរបួសផ្លូវចិត្ត បញ្ចប់អារម្មណ៍រើសអើង និងផ្តល់ភាពកក់ក្តៅក្នុងសហគមន៍ឡើងវិញ។

សម្រាប់ជំហានទី៣ ដែលជាដំណាក់កាលបញ្ចប់គម្រោង ក្រុមការងារនឹងបន្តធ្វើការវាយតម្លៃលទ្ធផល គាំទ្រការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សំណងសមូហភាព ព្រមទាំងបន្តពង្រឹងសមត្ថភាព និងសុខភាពផ្លូវចិត្តដល់សមាគមមនុស្សចាស់ ដើម្បីធានានូវចីរភាពយូរអង្វែង។

សូមជំរាបថា កិច្ចពិភាក្សា​ពិគ្រោះយោបល់នេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីអាជ្ញាធរដែនដី មេឃុំ-ចៅសង្កាត់ តំណាងអង្គការសង្គមស៊ីវិល និងសមាជិកសមាគមមនុស្សចាស់ សរុបប្រមាណ ៧២នាក់៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា