និស្សិត​កម្ពុជា​ជំនាន់​ដំបូង​ ​៣១​រូប​ ​បញ្ចប់​ការ​សិក្សា​ផ្នែក​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​សេអ៊ូល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិត​កម្ពុជា​ជំនាន់​ដំបូង​ ​៣១​រូប​ ​បញ្ចប់​ការ​សិក្សា​ផ្នែក​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​សេអ៊ូល​

និស្សិត​កម្ពុជា​ជំនាន់​ដំបូង​ ​៣១​រូប​ ​បញ្ចប់​ការ​សិក្សា​ផ្នែក​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ ក្រោម​កិច្ចសហការ​ជាមួយ​សាកលវិទ្យាល័យ​សេអ៊ូល​

​ដេប៉ាតឺ​ម៉ង់​នគរូបនីយកម្ម ​និង​អភិវឌ្ឍន៍​ក្រុង​ប្រកបដោយ​ចីរភាព​ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​(​RUPP​) ​ដែល​ជា​កម្មវិធី​សិក្សា​ដំបូង​គេ​នៅ​កម្ពុជា​ផ្តោត​លើ​ការ​រៀបចំ​ផែនការ​ទីក្រុង​ ​និង​បង្កើតឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​សាកលវិទ្យាល័យ​សេអ៊ូល ​បាន​បញ្ចប់​ការ​បណ្តុះបណ្តាល​និស្សិត​ជំនាន់​ដំបូង​ចំនួន​ ​៣១​រូប​ដោយ​ជោគជ័យ។

Advertisement

​ដេប៉ាតឺ​ម៉ង់​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០២២​ ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​ជា​សាកលវិទ្យាល័យ​ជាតិ​ធំ​ជាង​គេ​របស់​កម្ពុជា​ ​ក្រោម​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ក្រសួង​អប់រំ ​នៃ​សាធារណរដ្ឋ​កូរ៉េ។​

​លោក​ វ៉ុន ​យ៉ុង​គុល ​(​Won​ ​Yong​-​kul​) ​សាកលវិទ្យាធិការ​ នៃ​សាកលវិទ្យាល័យ​សេអ៊ូល ​បាន​ថ្លែង​អបអរសាទរ​ថា​ ​និស្សិត​បញ្ចប់​ការ​សិក្សា​ទាំង ​៣១​រូប​ ​នឹង​ក្លាយជា​អ្នក​ត្រួសត្រាយ​ផ្លូវ​ក្នុង​ការ​បើក​ទំព័រ​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ទីក្រុង​នៅ​កម្ពុជា​ ​ក្នុង​នាមជា​អ្នកជំនាញ​ដែល​មាន​សមត្ថភាព​ប្រកួតប្រជែង​លើ​ឆាក​អន្តរជាតិ​ ​ដោយ​រួមបញ្ចូល​បទពិសោធន៍​អភិវឌ្ឍន៍​ទីក្រុង​របស់​ទីក្រុង​សេអ៊ូល ​ជាមួយ​ចំណេះដឹង​ ​និង​ជំនាញ​ដែល​ទទួលបាន​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ជាមួយគ្នា​នេះ​ ​ឯកឧត្តម​បណ្ឌិត​ ​សោម ​រតនា ​អនុ​រដ្ឋលេខាធិការ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​អបអរសាទរ​ដល់​និស្សិត​ទាំងអស់​ដែល​បាន​ខិតខំ​សិក្សា​ ​និង​ស្រាវជ្រាវ​រហូត​ទទួលបាន​ជោគជ័យ​។ ​ឯកឧត្តម​លើកឡើង​ថា​ ​សញ្ញាបត្រ​ដែល​ទទួលបាន​នា​ពេលនេះ​ ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​ការ​រួមចំណែក​បង្កើត​ស្នាដៃ​ដ៏​មាន​តម្លៃ​សម្រាប់​សង្គម​ តាមរយៈ​ការ​យក​ចំណេះដឹង​ ​និង​ជំនាញ​ផ្នែក​នគរូបនីយកម្ម​ទៅ​អភិវឌ្ឍ​ទីក្រុង​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ចីរភាព ​ដើម្បី​បម្រើ​ទាំង​តម្រូវការ​បច្ចុប្បន្ន​ ​និង​បន្សល់ទុក​ជា​កេរមរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ។​

​យោង​តាម​សាកលវិទ្យាល័យ​សេអ៊ូល​បាន​ឱ្យដឹង​ថា​ ​ខ្លួន​ត្រូវបាន​ជ្រើសរើស​អនុវត្ត​កម្មវិធី​នេះ​នៅ​ឆ្នាំ​២០២១​ និង​ទទួលបាន​ការ​អនុម័ត​ជា​ផ្លូវការ​នៅ​ខែឧសភា ​ឆ្នាំ​២០២២​ ​ដើម្បី​បង្កើត​ដេប៉ាតឺ​ម៉ង់​នេះ។​

​ក្នុង​អំឡុង​ពេល​អនុវត្ត​គម្រោង​ ​សាកលវិទ្យាល័យ​សេអ៊ូល​បាន​អភិវឌ្ឍ​វគ្គ​សិក្សា​ចំនួន​ ​២៨​មុខវិជ្ជា​ ​រៀបចំ​សៀវភៅ​សិក្សា​ ​បើក​សិក្ខាសាលា​ពង្រឹង​សមត្ថភាព​សាស្ត្រាចារ្យ​ ​ផ្គត់ផ្គង់​ឧបករណ៍​អប់រំ ​និង​បង្កើត​បរិក្ខារ​សិក្សា​ឆ្លាតវៃ​។ ​លើស​ពី​នេះ​ និស្សិត​ក៏​បាន​ទទួល​ការ​បណ្តុះបណ្តាល​ជាក់ស្តែង​តាមរយៈ​កម្មសិក្សា​នៅ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម ​និង​សំណង់​ និង​រដ្ឋបាល​រាជធានី​ភ្នំពេញ។​

​គម្រោង​នេះ​ក៏​មាន​ការ​ចូលរួម​ពី​សាលា​អន្តរជាតិ​វិទ្យាសាស្ត្រ​ទីក្រុង​នៃ​សាកលវិទ្យាល័យ​សេអ៊ូល ​ដែល​មាន​ឯកទេស​ផ្នែក​ការ​សិក្សា​ទីក្រុង​ ​និង​ត្រូវបាន​បង្កើតឡើង​ដើម្បី​ចែករំលែក​បទពិសោធន៍​អភិវឌ្ឍន៍​ទីក្រុង​ ​និង​ជំនាញ​គោលនយោបាយ​របស់​ទីក្រុង​សេអ៊ូល​ជាមួយ​ប្រទេស​ដៃ​គូ ​និង​សហគមន៍​អន្តរជាតិ។​

​សូម​ជម្រាប​ថា​ ​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​កម្ពុជា​ចំនួន​ ​៣១​រូប​ ត្រូវបាន​រៀបចំឡើង​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​កាលពី​ថ្ងៃទី​៣១​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​កម្ពុជា​ ​តំណាង​សាកលវិទ្យាល័យ​សេអ៊ូល ​និង​ភ្ញៀវ​កិត្តិយស​ជាច្រើន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា