និស្សិត​ខ្មែរ​ ​៤០​រូប​ត្រៀម​ទៅ​រៀន​នៅ​រុស្ស៊ី​លើ​ជំនាញ​ចាប់​ពី​ ​AI​ ​ដល់​ថាមពល​នុយក្លេអ៊ែរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
និស្សិត​ខ្មែរ​ ​៤០​រូប​ត្រៀម​ទៅ​រៀន​នៅ​រុស្ស៊ី​លើ​ជំនាញ​ចាប់​ពី​ ​AI​ ​ដល់​ថាមពល​នុយក្លេអ៊ែរ​

និស្សិត​ខ្មែរ​ ​៤០​រូប​ត្រៀម​ទៅ​រៀន​នៅ​រុស្ស៊ី​លើ​ជំនាញ​ចាប់​ពី​ ​AI​ ​ដល់​ថាមពល​នុយក្លេអ៊ែរ​

​និស្សិត​ខ្មែរ​ ​៤០​រូប​ ត្រៀម​ចេញ​ទៅ​បន្ត​ការ​សិក្សា​នៅ​សហព័ន្ធ​រុស្ស៊ី ​តាមរយៈ​អាហារូបករណ៍​រដ្ឋាភិបាល​រុស្ស៊ី ​ដោយ​ផ្តោត​លើ​ជំនាញ​សំខាន់​ៗ​សម្រាប់​អនាគត ​ចាប់​ពី​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​មនុស្ស​យន្ត ​និង​សន្តិសុខ​ព័ត៌មាន​ រហូតដល់​ថាមពល​នុយក្លេអ៊ែរ ​វិស្វកម្ម​យន្តហោះ​ ​និង​វេជ្ជសាស្ត្រ។​

​និស្សិត​ជ័យលាភី​ទាំង​ ​៤០​រូប ​បាន​ចូលរួម​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម ​និង​សំណេះសំណាល​ ​មុន​ចេញដំណើរ​ទៅ​បន្ត​ការ​សិក្សា​ ​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី​ ​និង​តំណាង​សមាគម​និស្សិត​ខ្មែរ​ប្រចាំ​សហព័ន្ធ​រុស្ស៊ី។​

​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​លើកឡើង​ថា​ ​កម្មវិធី​អាហារូបករណ៍​រដ្ឋាភិបាល​សហព័ន្ធ​រុស្ស៊ី ​បាន​ចូលរួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៅ​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ឱកាស​ដល់​មន្ត្រីរាជការ​ បុគ្គលិក​វិស័យ​ឯកជន ​និង​និស្សិត​ ​ក្នុង​ការ​កសាង​សមត្ថភាព​ ​ចំណេះដឹង​ ​ជំនាញ​ ​និង​បទពិសោធន៍​ តាមរយៈ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភី​ឱ្យ​ពង្រឹង​សមត្ថភាព​ភាសា​បរទេស ​ជាពិសេស​ភាសារុស្ស៊ី​ ​និង​ភាសា​អង់គ្លេស​ ព្រមទាំង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​ជា​ឧបករណ៍​ជំនួយ​ក្នុង​ការ​សិក្សា​ ​ដើម្បី​អភិវឌ្ឍ​ខ្លួន​ឱ្យ​ក្លាយជា​ធនធាន​មនុស្ស​មាន​សមត្ថភាព​ ​ស្រប​តាម​តម្រូវការ​នៃ​សង្គម​ឌីជីថល។

​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី ​បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​កម្ពុជា​-​រុស្ស៊ី​ ​ក្នុង​វិស័យ​អប់រំ ​ការ​ផ្តល់​អាហារូបករណ៍​ ​និង​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ ​ដោយ​លោក​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភី​ឱ្យ​ខិតខំ​ប្រឹងប្រែង​សិក្សា​ ​និង​ប្រមូល​យក​ចំណេះដឹង​ ​ជំនាញ​ ​និង​បទពិសោធន៍​ពី​សហព័ន្ធ​រុស្ស៊ី ​ដើម្បី​យកមក​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

​លោក​បណ្ឌិត​ ញិល ​រដ្ឋា ​ប្រធាន​សមាគម​អតីត​និស្សិត​កម្ពុជា​ពី​សូវៀត ​និង​រុស្ស៊ី

​លោក​បណ្ឌិត​បាន​សង្កត់ធ្ងន់​ថា​ «​អាហារូបករណ៍​គឺជា​ឱកាស​ ប៉ុន្តែ​ការ​ទទួលខុសត្រូវ​គឺជា​កាតព្វកិច្ច​» ​ដោយ​ជំរុញ​ឱ្យ​និស្សិត​ប្រកាន់ខ្ជាប់​នូវ​វិន័យ​ ​សុជីវធម៌​ ​និង​កិត្តិយស​ជា​ជនជាតិ​ខ្មែរ​ ព្រមទាំង​ដើរ​តួនាទី​ជា​ស្ពាន​ភ្ជាប់​មិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា​ ​និង​សហព័ន្ធ​រុស្ស៊ី។​

​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧​ និស្សិត​ជ័យលាភី​ទាំង​ ​៤០​រូប​ ​នឹង​សិក្សា​លើ​មុខជំនាញ​ចម្រុះ​ ​រួមមាន​ ស្វ័យប្រវត្តិ​កម្ម​ ​វិស្វកម្ម​កម្មវិធី​ ​ថាមពល​អគ្គិសនី​ ​និង​នុយក្លេអ៊ែរ ​រូបវិទ្យា​កម្តៅ​ ​មេកា​ត្រូនិក​ មនុស្ស​យន្ត ​វិស្វកម្ម​យន្តហោះ​ ​វេជ្ជសាស្ត្រ​ សន្តិសុខ​ព័ត៌មាន​ ​និង​ទំនាក់ទំនង​អន្តរជាតិ។​

​ក្រោយ​បញ្ចប់​ការ​សិក្សា​ ​និស្សិត​ជ័យលាភី​ទាំង​ ​៤០​រូប​ ត្រូវ​បាន​រំពឹង​ថា​ ​នឹង​យក​ចំណេះដឹង​ ​ជំនាញ​ ​និង​បទពិសោធន៍​ដែល​ទទួល​បាន​ពី​សហព័ន្ធ​រុស្ស៊ី​ មក​ចូលរួម​អភិវឌ្ឍ​ធនធាន​មនុស្ស​ ​សង្គម​ ​និង​សេដ្ឋកិច្ច​កម្ពុជា៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា