វិធី​សាស្ត្រ​ងាយ​ៗ​ ៦ ​យ៉ាង​ ​ជួយ​កូន​ឱ្យ​ចូលចិត្ត​ញ៉ាំ​បន្លែ​ ​ដោយ​មិន​បាច់​បង្ខំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វិធី​សាស្ត្រ​ងាយ​ៗ​ ៦ ​យ៉ាង​ ​ជួយ​កូន​ឱ្យ​ចូលចិត្ត​ញ៉ាំ​បន្លែ​ ​ដោយ​មិន​បាច់​បង្ខំ

វិធី​សាស្ត្រ​ងាយ​ៗ​ ៦ ​យ៉ាង​ ​ជួយ​កូន​ឱ្យ​ចូលចិត្ត​ញ៉ាំ​បន្លែ​ ​ដោយ​មិន​បាច់​បង្ខំ

​ការ​បញ្ចុះបញ្ចូល​ឱ្យ​កូន​តូច​ៗ​ញ៉ាំ​បន្លែ​ ​គឺជា​បញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ឪពុក​ម្តាយ ​និង​អាណាព្យាបាល​ស្ទើរ​គ្រប់​រូប​។​ ​កុមារ​ភាគ​ច្រើន​តែងតែ​រើស​ចំណី ​និង​ចូលចិត្ត​អាហារ​ផ្អែម​ៗ​ ​ឬ​អាហារ​ដែល​មាន​ពណ៌​ស្រទន់ ​(​ដូចជា​ បាយ ​នំបុ័ង​ ​និង​ដំឡូងបារាំង​)​ ​ជា​ជាង​បន្លែ​បៃតង​។

​ទោះជា​យ៉ាងណា​ ​របប​អាហារ​ដែល​ខ្វះ​បន្លែ​និង​ផ្លែ​ឈើ​ ​អាច​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​លូតលាស់​ ការ​ផ្ដោត​អារម្មណ៍​ ការ​ចងចាំ ​និង​ការ​សិក្សា​របស់​កុមារ​ ​ព្រមទាំង​បង្កើន​ហានិភ័យ​នៃ​ភាព​ធាត់​ជ្រុល​ផងដែរ​។ ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ អត្ថបទ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​របស់​សារព័ត៌មាន​ BB​C ​បាន​បង្ហាញ​នូវ​វិធីសាស្ត្រ​ងាយ​ៗ ​និង​មាន​ប្រសិទ្ធភាព​ចំនួន​ ៦ ​ចំណុច​ ​ដែល​ឪពុក​ម្តាយ​អាច​យក​ទៅ​អនុវត្ត​បាន​យ៉ាង​ងាយ​៖​

​១​.​ ​ផ្តល់​បន្លែ​ឱ្យ​កូនស្គាល់​ឱ្យ​បាន​ញឹកញាប់​ ​និង​ចាប់ផ្តើម​ពី​តូច

​កុមារ​ត្រូវការ​ពេលវេលា​ដើម្បី​ស៊ាំ​នឹង​រសជាតិ​ថ្មី​ៗ​។ ​ការ​សិក្សា​បង្ហាញ​ថា​ ​ក្មេង​តូច​ៗ​ប្រហែលជា​ត្រូវ​មើល​ឃើញ​ ​ឬ​ប៉ះពាល់​បន្លែ​ដដែល​ៗ​ពី​ ​៥ ​ទៅ​ ​១៥ ​ដង​ ​ទើប​ពួកគេ​ព្រម​សាកល្បង​ញ៉ាំ​។ ​លើស​ពី​នេះ​ ការ​បណ្តុះ​ទម្លាប់​នេះ​អាច​ចាប់ផ្តើម​តាំងពី​ក្នុង​ផ្ទៃ ​ដោយសារ​ម្ហូប​អាហារ​ដែល​ម្តាយ​ទទួលទាន​អំឡុង​ពេល​ពពោះ ​អាច​ជះឥទ្ធិពល​តាមរយៈ​ទឹក​ភ្លោះ ​និង​ជួយ​កំណត់​ចំណង់ចំណូលចិត្ត​អាហារ​របស់​កូន​តាំងពី​មិន​ទាន់​កើតមក​ម្ល៉េះ​។

​២​.​ ​លើក​បន្លែ​ឱ្យ​ញ៉ាំ​មុន​គេ ​នៅលើ​តុ​អាហារ​

​លើក​មកពេលក្មេង​កំពុង​ឃ្លាន​៖​ ការ​ដាក់​បន្លែ​ឱ្យ​កូន​ញ៉ាំ​មុន​គេ​នៅពេល​ពួកគេ​កំពុង​ឃ្លាន​ ​ធ្វើ​ឱ្យ​ក្មេង​ញ៉ាំ​បាន​ច្រើន ​ដោយ​សារ​មិន​ទាន់​មាន​អាហារ​ផ្សេង​មក​ទាក់ទាញ​ចិត្ត​។​

​កុំ​និយាយ​តែ​រឿង​សុខភាព​៖​ ​កុមារ​មិន​សូវ​ចាប់​អារម្មណ៍​ពាក្យ​ថា​ ​«​ញ៉ាំ​ទៅ​ល្អ​ចំពោះ​សុខភាព​» ​នោះ​ទេ​ តែ​ពួក​គេ​ជ្រើសរើស​អាហារ​ណា​ដែល​គេ​ប្រាប់​ថា​ ​«​ឆ្ងាញ់​»​។

លាយ​បញ្ចូល​ក្នុង​អាហារ​ពេលព្រឹក​៖​ ​អ្នក​អាច​បន្ថែម​បន្លែ​ដូចជា​ ផ្សិត ​ឬ​ស្ពៃ ​ទៅក្នុង​ពង​ទា​ជៀន ​ឬ​បន្ថែម​ផ្លែ​ឈើ​ក្នុង​នំ​ចំណី​ពេលព្រឹក​។

៣​.​ ​បង្កើន​ចំណែក​បន្លែ​ក្នុង​ចាន​អាហារ​

ការ​បន្ថែម​បន្លែ ​និង​ផ្លែ​ឈើ​ចំនួន​ ៥០​%​ ​លើ​ចាន​អាហារ​ ​ឬ​ការ​កាត់បន្ថយ​គ្រឿង​ផ្សំ​ដែល​មាន​កាឡូរី​ខ្ពស់ ​ហើយ​ជំនួស​មកវិញ​ដោយ​បន្លែ​អម ​ជួយ​ឱ្យ​ក្មេង​ញ៉ាំ​បន្លែ​បាន​កាន់តែ​ច្រើន​។ ​ក្រៅ​ពី​នេះ​ ការ​ឈូស​បន្លែ​ឱ្យ​ល្អិត ​(​ដូចជា​ការ៉ុត​)​ លាយ​បញ្ចូល​ក្នុង​ទឹកជ្រលក់​ ​ឬ​ការ​រៀបចំ​បន្លែ​ច្រើន​ប្រភេទ​ក្នុងពេល​តែ​មួយ​ ​ក៏​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ផងដែរ​។

៤​.​ ​ផ្លាស់​ប្តូរ​រូបរាង ​និង​ការ​រៀបចំ​ម្ហូប​ឱ្យ​ទាក់ទាញ​

​កុមារ​តែងតែ​សម្រេចចិត្ត​ញ៉ាំ​ដោយ​ប្រើ ​«​ភ្នែក​» មើល​មុន​គេ ​ដូច្នេះ​ឪពុក​ម្តាយ​អាច​កាត់​បន្លែ ​ឬ​ផ្លែ​ឈើ​ជា​រូប​ផ្កា​ ​សត្វ​ខ្លាឃ្មុំ​ ​ឬ​មេអំបៅ ​ដើម្បី​បង្កើត​ភាព​ទាក់ទាញ ​និង​ចង់​ញ៉ាំ​។ ​ជាមួយគ្នា​នេះ​ ការ​ដាក់​បន្លែ​ក្នុង​ប្រអប់​ ​ឬ​ចាន​ដែល​មាន​ចែក​ជា​ប្រឡោះ​ៗ​ដាច់ដោយឡែក​ ​ជួយ​ឱ្យ​កុមារ​វ័យ​មុន​ចូលរៀន​ញ៉ាំ​បន្លែ​បាន​កើនឡើង​រហូតដល់​ ៣៦​%​។​

​៥​.​ ​ញ៉ាំ​អាហារ​ជុំគ្នា​ជា​លក្ខណៈ​គ្រួសារ​

​ធ្វើជា​គំរូ​ល្អ​៖​ ​ក្មេង​ៗ​តែងតែ​សម្លឹង​មើល ​និង​ធ្វើ​តាម​មនុស្ស​ធំ​។ ​ប្រសិនបើ​ឪពុក​ម្តាយ​ចូលចិត្ត​ញ៉ាំ​បន្លែ​ ​និង​ផ្លែ​ឈើ​ ​កូន​ៗ​នឹង​រៀន​ញ៉ាំ​តាម​ដោយ​ស្វ័យប្រវត្តិ​។

​ញ៉ាំ​ជុំគ្នា​យ៉ាងតិច​ ​៣ ​ដង​ក្នុង​មួយ​សប្តាហ៍​៖ ​ជួយ​ឱ្យ​កុមារ​មាន​ទម្លាប់​ហូបចុក​ត្រឹមត្រូវ​ ​មាន​ទម្ងន់​សមស្រប​តាម​ស្តង់ដារ ​និង​កាត់បន្ថយ​ការ​ញ៉ាំ​ភេសជ្ជៈ​ផ្អែម​ៗ​ដែល​ប៉ះពាល់​ដល់​សុខភាព​។

៦​.​ ​បង្កើត​បរិយាកាស​សប្បាយរីករាយ ​និង​ដាច់ខាត​កុំ​បង្ខំ​

​កុំ​បង្ខំ ​ឬ​យក​រង្វាន់​មក​ទាក់ទាញ​៖​ ការ​បង្ខិត​បង្ខំ​នឹង​ធ្វើឱ្យ​ក្មេង​កាន់តែ​ស្អប់​បន្លែ​នោះ​ រីឯ​ការ​យក​នំ​ផ្អែម​ៗ​ ​ឬ​អាហារ​មាន​ជាតិ​ខ្លាញ់​មក​ធ្វើជា​រង្វាន់ ​នឹង​ធ្វើឱ្យ​ក្មេង​កាន់តែ​ចង់​ញ៉ាំ​អាហារ​មិន​ល្អ​ទាំងនោះ​ទៅ​វិញ​។​

​លេង​ ​និង​ស្គាល់​បន្លែ ​៖​ អនុញ្ញាតឱ្យ​ក្មេងបាន​ចូលរួម​ជួយ​រៀបចំ​ម្ហូប​ ប៉ះ ហិត ​និង​សង្កេតមើល​បន្លែ​ជិត​ៗ​ដោយ​មិន​បាច់​បង្ខំឱ្យ​ពួកគេ​ភ្លក់​ភ្លាម​ៗ​នោះ​ទេ​។ ការ​ធ្វើ​បែបនេះ​ ​នឹង​កាត់បន្ថយ​ការ​ភ័យខ្លាច​ចំពោះ​អាហារ​ថ្មី​ៗ​ ​និង​ជំរុញ​ឱ្យ​ពួកគេ​ចង់​សាកល្បង​ញ៉ាំ​ដោយ​ខ្លួនឯង​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា