ជំនាញ​យុទ្ធសាស្ត្រ​ទាំង​ ​៦​ ​ដែល​នឹង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​បំផុត​ក្នុង​រង្វង់​ ​៥​ ​ទៅ​ ​១០​ឆ្នាំ​ខាងមុខ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ជំនាញ​យុទ្ធសាស្ត្រ​ទាំង​ ​៦​ ​ដែល​នឹង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​បំផុត​ក្នុង​រង្វង់​ ​៥​ ​ទៅ​ ​១០​ឆ្នាំ​ខាងមុខ​

ជំនាញ​យុទ្ធសាស្ត្រ​ទាំង​ ​៦​ ​ដែល​នឹង​មាន​តម្រូវការ​ទីផ្សារ​ខ្ពស់​បំផុត​ក្នុង​រង្វង់​ ​៥​ ​ទៅ​ ​១០​ឆ្នាំ​ខាងមុខ​

​ការ​ប្រែប្រួល​នៃ​បរិបទ​សកល​ភាវូបនីយកម្ម​ ​និង​ការ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​បៃតង​ និង​ឌីជីថល​ ​កំពុង​ធ្វើឱ្យ​រចនាសម្ព័ន្ធ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​មាន​ការ​ផ្លាស់ប្តូរ​។ ​ការ​ផ្លាស់ប្តូរ​នេះ​ ​បាន​និង​កំពុង​រំកិល​ចេញ​ពី​ឧស្សាហកម្ម​ផលិតកម្ម​ធុន​ស្រាល​បែប​ប្រពៃណី​ ​ឆ្ពោះ​ទៅរក​ជំនាញ​បច្ចេកទេស​ ឌីជីថល​ បច្ចេកវិទ្យា​បៃតង​ និង​មុខជំនាញ​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់​។​

Advertisement

​យោង​តាម​ឯកសារ​ «​ទស្សនវិស័យ​មុខរបរ​ និង​ការងារ​» ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​បង្ហាញ​ពី​ផែនទី​បង្ហាញ​ផ្លូវ​ជំនាញ​ចំនួន​៣​ដំណាក់កាល​ ​ដែល​ក្នុង​នោះ​គេ​ឃើញ​មាន​ជំនាញ​យុទ្ធសាស្ត្រ​ ​៦​ ​ដែល​នឹង​មាន​តម្រូវការ​ខ្លាំង​ ក្នុង​រយៈពេល​ ​៥​ ​ទៅ​១០​ឆ្នាំ​ខាងមុខ​។​

​បើ​តាម​ក្រសួង​ការងារ​ ​ជំនាញ​ដែល​នឹង​មាន​តម្រូវការ​ខ្លាំង​បំផុត​ ​ក្នុង​រយៈពេល​ ​៥​-​១០​ឆ្នាំ​ខាងមុខ​ ​រួមមាន​ ​៖ ​ការ​គ្រប់គ្រង​សំណល់​ ​ដែល​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​ក្រុង​ ​និង​ចីរភាព​បរិស្ថាន​, ​វិស្វកម្ម​គីមី ​ជួយ​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​កែច្នៃ​ ​និង​ឧស្សាហកម្ម​ធុន​ធ្ងន់​, ​វិស្វកម្ម​មេកានិក ​ជា​មូលដ្ឋានគ្រឹះ​នៃ​គ្រឿងចក្រ ​និង​ការ​ផលិត​បែប​ទំនើប​, ​បច្ចេកវិទ្យា​មន្ទីរពិសោធន៍​ ​ដែល​ចាំបាច់​សម្រាប់​ស្តង់ដារ​គុណភាព​ ​សុខាភិបាល​ ​និង​ការ​ស្រាវជ្រាវ​, ​បច្ចេកវិទ្យា​ការពារ​បរិស្ថាន ​ដែល​មាន​សារៈសំខាន់​ក្នុង​ការ​ជួយ​ការពារ​ និង​ស្តារ​ធនធាន​ធម្មជាតិ​ក្នុង​បរិបទ​សេដ្ឋកិច្ច​បៃតង​, ​និង​ ស្វ័យប្រវត្តិកម្ម​ ​ដែល​ជួយ​ដល់​ការ​បង្កើន​ប្រសិទ្ធភាព​ផលិតកម្ម​តាមរយៈ​ប្រព័ន្ធ​បញ្ជា​ស្វ័យប្រវត្តិ​។​

​យ៉ាងណា​ក៏ដោយ​ ​បើ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​វិញ​ ​ឬ​បន្ត​ទៅដល់​រយៈពេល​ ​៣​ឆ្នាំ​ខាងមុខ​ ​គេ​មើលឃើញ​ថា​ ​មាន​ជំនាញ​ចំនួន​ ​៩​ ​ដែល​មាន​តម្រូវការ​កម្រិត​ខ្ពស់​ និង​មធ្យម​ ​ដូចជា​ ​គណនេយ្យ ​និង​ពន្ធដារ​, ​ការ​គ្រប់គ្រង​ និង​រដ្ឋបាល​, ​ស្ថាបត្យកម្ម​ ​និង​ការ​រៀបចំ​ទីក្រុង​, ​បច្ចេកវិទ្យា​ការពារ​បរិស្ថាន​, ​កម្មវិធី​កុំព្យូទ័រ​ និង​កម្មវិធី​ទូរស័ព្ទ​, ​ច្បាប់​, ​ការ​កែច្នៃ​អាហារ​, ​វាយន​ភណ្ឌ​, ​ផលិតកម្ម​ដំណាំ​ ​និង​សត្វ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​សារៈសំខាន់​ ​នៃ​ឧស្សាហកម្ម​ដែល​មាន​ស្រាប់ ​និង​ឧស្សាហកម្ម​គាំទ្រ​។​

​ដោយឡែក​ក្នុង​រយៈពេល​ ​ពី ​៣​ ​ទៅ​៥​ឆ្នាំ​ខាងមុខ​ តម្រូវការ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ ​នឹង​ត្រូវ​ផ្លាស់ប្តូរ​ឆ្ពោះ​ទៅរក​ជំនាញ​តម្រង់​ទិស​ឧស្សាហកម្ម​ ​និង​បច្ចេកវិទ្យា​កាន់តែ​ច្រើន​ ​ដូចជា​ ​៖​ ​បញ្ញា​សិប្បនិម្មិត​, ​អេឡិចត្រូនិក​ និង​ស្វ័យប្រវត្តិកម្ម​, ​ការ​រចនា ​និង​ការ​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ និង​បណ្តាញ​, ​មេកានិក ​និង​ជាង​លោហៈ​, ​អគ្គិសនី​ ​និង​ថាមពល​, ​បច្ចេកវិទ្យា​វិនិច្ឆ័យ​រក​កំហុស​, ​និង​សុវត្ថិភាព​ការងារ​។​

​ឯកសារ​ទស្សនវិស័យ​របស់​ក្រសួង​ការងារ​ ​ក៏​បាន​ផ្តល់​ជា​អនុសាសន៍​គន្លឹះ​ថា​ ​គ្រឹះស្ថាន​អប់រំ ​និង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ គប្បី​ធ្វើ​ការ​រួមបញ្ចូល​គ្នា​រវាង​ «​ការ​លើកកម្ពស់​ជំនាញ​ផលិតកម្ម​ជាក់ស្តែង​ចំពោះ​មុខ​» ​ជាមួយនឹង​ «​ការ​វិនិយោគ​ទាន់​ពេលវេលា​លើ​ជំនាញ​បច្ចេកទេស​កម្រិត​ខ្ពស់​ ឌីជីថល ​វិស្វកម្ម​ ​និង​ជំនាញ​បៃតង​»​។​

​ការ​តម្រង់ទិស​សិក្សា​ឱ្យ​ស្រប​តាម​ផែនទី​បង្ហាញ​ផ្លូវ​នេះ​ ​មិន​ត្រឹមតែ​ជួយ​ឱ្យ​យុវជន​កម្ពុជា​ទទួលបាន​ឱកាស​ការងារ​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​ ​និង​ស្ថិរភាព​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់​ក្នុង​ការ​រុញច្រាន​សេដ្ឋកិច្ច​ជាតិ​ឱ្យ​មាន​ភាព​ប្រកួតប្រជែង​ និង​ចីរភាព​នៅលើ​ឆាក​អន្តរជាតិ​៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា