មន្ទីរពេទ្យ​កាល់ម៉ែត្រ ​៖​ ៧០​ភាគរយ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ប្រឈម​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មន្ទីរពេទ្យ​កាល់ម៉ែត្រ ​៖​ ៧០​ភាគរយ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ប្រឈម​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​

មន្ទីរពេទ្យ​កាល់ម៉ែត្រ ​៖​ ៧០​ភាគរយ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ប្រឈម​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​

មន្ទីរពេទ្យ​កាល់​ម៉ែត្រ ​ព្រមាន​ថា​ ​ប្រហែល ៧០​%​ ​នៃ​អ្នក​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ ​ប្រឈម​នឹង​បញ្ហា​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ ​ខណៈ​អ្នក​ជំនាញ​អំពាវនាវ​ឱ្យ​ពង្រឹង​វិធានការ​គ្រប់គ្រង​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ ​និង​ពិចារណា​ដំឡើង​ពន្ធ​អាករ ​ដើម្បី​កាត់បន្ថយ​ការ​សេព​គ្រឿង​ស្រវឹង​នៅក្នុង​សង្គម។

​មន្ទីរពេទ្យ​កាល់ម៉ែត្រ ​បាន​ពន្យល់​ថា​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​ប្រមាណ​ ​គឺជា​បញ្ហា​សុខភាព​សាធារណៈ​មួយ ​ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួល​ទាន​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែមទាំង​បង្ក​ការ​ចំណាយ​លើ​ការ​ព្យាបាល​ ​និង​ការ​ខាតបង់​ដល់​គ្រួសារ​ ​និង​សង្គម​ផងដែរ។

​តាម​មន្ទីរពេទ្យ​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​អាច​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​កោសិកា​ខួរក្បាល​។ ​នៅពេល​ទទួលទាន​ ​ជាតិ​អាល់កុល​អាច​ធ្វើឱ្យ​ដំណើរការ​របស់​កោសិកា​ខួរក្បាល​ថយ​ចុះ​ ​ដែល​បណ្តាល​ឱ្យ​មាន​អាការៈ​ដូចជា​ ​ស្រវាំង​ភ្នែក​ ​និយាយ​ត្រដិត ​ដើរ​ទ្រេតទ្រោត ​និង​ក្នុង​ករណី​ធ្ងន់ធ្ងរ​ ​អាច​ឈាន​ដល់​បាត់បង់​ស្មារតី។​

​មន្ទីរ​ពេទ្យ​បន្ត​ថា​ ​ការ​ទទួល​ទាន​គ្រឿង​ស្រវឹង​ជា​ប្រចាំ​ ​អាច​ធ្វើឱ្យ​មុខងារ​ខួរក្បាល​ចុះ​ខ្សោយ ​ចាប់​ពី​បញ្ហា​ភ្លេច​ភ្លាំង ​រហូតដល់​ការ​វង្វេង​វង្វាន់​ស្មារតី​។ ​ផលប៉ះពាល់​ផ្សេងទៀត ​រួម​មាន​ការ​កើនឡើង​ ​នៃ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ​(​Stroke​)​ ​ការ​ចុះ​ខ្សោយ​ការ​ចងចាំ ​ជំងឺ​វង្វេង ​និង​ការ​ស្វិត​ទំហំ​ខួរក្បាល។

​លើស​ពី​នេះ​ ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង​ក៏​អាច​ជំរុញ​ ​ឬ​បង្ក​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​បន្ថយ​សមត្ថភាព​ការងារ​ ការ​សម្របសម្រួល​ចលនា ​និង​ការ​គ្រប់គ្រង​ខ្លួនឯង​ ព្រម​ទាំង​រំខាន​ដល់​ការ​គេង ​និង​សមត្ថភាព​ក្នុង​ការ​សម្រេចចិត្ត។

​ជុំវិញ​បញ្ហា​នេះ​ ​លោក​វេជ្ជបណ្ឌិត​ ​មុំ ​គង់ ​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ​បាន​ប្រាប់​ AMS ថា ​លោក​យល់ស្រប​ចំពោះ​ការ​រកឃើញ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត្រ ​ដោយ​បញ្ជាក់​ថា​ ការ​សេព​គ្រឿង​ស្រវឹង​ពិតជា​អាច​បង្ក​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ខួរក្បាល​ ​និង​សរីរាង្គ​ផ្សេង​ៗ​ទៀត។

​លោក​វេជ្ជបណ្ឌិត​ ​មុំ ​គង់ ​បាន​ស្នើ​ឱ្យ​មាន​វិធានការ​រឹតបន្តឹង​លើ​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ​ជាពិសេស​ការ​ផ្សាយ​តាម​បណ្តាញ​សង្គម ​និង​តាមរយៈ​បុគ្គល​ល្បី​ៗ​។ ​លោក​ក៏​បាន​លើកឡើង​ពី​ការ​ដំឡើង​តម្លៃ​គ្រឿង​ស្រវឹង​ ​តាមរយៈ​ការ​ដំឡើង​ពន្ធ​អាករពិសេស ​ដើម្បី​ធ្វើឱ្យ​ការ​ប្រើប្រាស់​មាន​ការ​ថយចុះ។

​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ ​(​WHO​)​ ​ក្នុង​ឆ្នាំ​២០២៤​ ការ​ទទួលទាន​គ្រឿង​ស្រវឹង​ត្រូវ​បាន​ផ្សារភ្ជាប់​នឹង​ការ​ស្លាប់​របស់​មនុស្ស​ប្រមាណ​ ​២​,​៦​ ​លាន​នាក់​ជា​រៀងរាល់​ឆ្នាំ​ ​នៅ​ទូទាំង​ពិភពលោក​ ​ហើយ​ភាគ​ច្រើន​ជា​បុរស។

​ដោយឡែក​ ​នៅ​កម្ពុជា​ តាម​ទិន្នន័យ​ដែល​បាន​លើកឡើង​ ​ប្រជាជន​ចំណាយ​ថវិកា​សរុប​ប្រមាណ​ ​២​,​៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​ក្នុង​មួយ​ឆ្នាំ​ ​លើ​ការ​ទិញ​គ្រឿង​ស្រវឹង។

​ជា​វិធានការ​បន្ថែម​ ​រដ្ឋាភិបាល​បាន​សម្រេច​ហាមឃាត់​ក្រុមហ៊ុន​ផលិត​ស្រា​ ​និង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ​មិន​ឱ្យ​ផ្តល់​រង្វាន់​តាមរយៈ​ការ​គាស់​ក្រវិល​កំប៉ុង​ ​ឬ​ការ​ផ្តល់​រង្វាន់​ក្នុង​ទម្រង់​ផ្សេង​ៗ ​ចាប់​ពី​ថ្ងៃ​ទី​ ​១ ​ខែ​តុលា ​ឆ្នាំ​២០២៦​ តទៅ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា