សិស្សឆ្នើមកម្ពុជា ៨០៣នាក់ទទួលបានជ័យលាភីពីការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សិស្សឆ្នើមកម្ពុជា ៨០៣នាក់ទទួលបានជ័យលាភីពីការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ ២០២៥

សិស្សឆ្នើមកម្ពុជា ៨០៣នាក់ទទួលបានជ័យលាភីពីការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ ២០២៥

សិស្សឆ្នើមកម្ពុជាសរុប​ចំនួន ៨០៣នាក់ បាន​ទទួលជ័យលាភីក្នុងការ​ប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ ២០២៥។ ការប្រគល់ជ័យលាភី បានធ្វើ​ឡើង​ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦កន្លងទៅនេះ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

Advertisement

លោកបណ្ឌិត សរ រិទ្ធី ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី មានប្រសាសន៍ថា បើគិតតាំងពីឆ្នាំ២០២៣ រហូតដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបានរៀបចំការប្រឡងរបស់ SIMCC សិង្ហបុរី ចំនួន២១កម្មវិធី ដែលមានការប្រឡងទៅលើមុខវិជ្ជា គណិតវិទ្យា វិទ្យាសាស្ត្រ ការគិតតាមបែបកុំព្យូទ័រ ព័ត៌មានវិទ្យា ក្នុងនោះមានបេក្ខជនចូលរួមសរុបទាំងអស់ចំនួន ១២,៣៧៧នាក់។

លោកបណ្ឌិត សរ រិទ្ធី ទីប្រឹក្សាជាន់ខ្ពស់នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី

ជាលទ្ធផល ក្នុង​ការ​ប្រកួតលំដាប់អ​ន្តរជាតិនេះ មានបេក្ខជនជាសិស្ស​កម្ពុជា២នាក់ ទទួលបានជ័យលាភីពិន្ទុពេញ, ៣នាក់ទទួលបានពិន្ទុខ្ពស់ជាងគេ, ៣នាក់ទទួលបានពិន្ទុខ្ពស់លំដាប់ទី៣ និងទទួលបានមេដាយសរុបចំនួន ៤,៥២៤មេដាយ។ ក្នុងនោះរួមមាន មេដាយមាសចំនួន ៩១៩, មេដាយប្រាក់ចំនួន ១,៣៣០ និងមេដាយសំរឹទ្ធចំនួន ២,២៧៥។

ទីប្រឹក្សាជាន់ខ្ពស់ នៃមជ្ឈមណ្ឌល ដឺ ប្រ៊េននីអេក ហ្វេកធើរី មានប្រសាសន៍ថា តាមរយៈលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា សិស្សានុសិស្សកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបង្ហាញទៅកាន់ពិភពលោក ឱ្យបានឃើញ និងទទួលស្គាល់ពីសមត្ថភាពរបស់ពួកគាត់។

កុមារា ស្រ៊ុន វីរបុត្រ ជាសិស្សថ្នាក់ទី៧ នៃសាលារៀនសុវណ្ណភូមិ និយាយថា ខ្លួនមានអារម្មណ៍សប្បាយរីករាយ ដែលបានទទួលជ័យលាភីមេដាយមាសពីការប្រកួតគណិតវិទ្យាអូឡាំព្យាដនេះ។ កុមារា ស្រ៊ុន វីរបុត្រ បន្តថា ដើម្បីរៀនគណិតវិទ្យាពូកែ រូបគេតែងតែរំលឹកលំហាត់ឆ្នាំមុនៗ ស្វ័យសិក្សាខ្លួនឯង និងទទួលជំនួយពីឪពុកម្ដាយ និងលោកគ្រូ អ្នកគ្រូ។

កុមារា ស្រ៊ុន វីរបុត្រ ជាសិស្សថ្នាក់ទី៧ នៃសាលារៀនសុវណ្ណភូមិ

លោក ជី សុភក្ដិ ជាអាណាព្យាបាល កុមារា វីរបុត្រ មានប្រសាសន៍ថា លោកមានអារម្មណ៍សប្បាយរីករាយ និងមានមោទនភាពដែលកូនរបស់លោកទទួលបានមេដាយមាសក្នុងការប្រឡងនេះ។ លោកថា កន្លងមក លោកតែងតែជំរុញកូនៗឱ្យ​ចូលរួមប្រកួតប្រជែងគណិតវិទ្យាអូឡាំព្យាដមិនថា ក្នុងស្រុក ឬក្រៅស្រុក។

គួរជំរាបជូនថា ការប្រកួតគណិតវិទ្យា វិទ្យាសាស្ត្រ និងការគិតតាមបែបកុំព្យូទ័រអូឡាំព្យាដ សិង្ហបុរី-អន្តរជាតិ ២០២៥ ត្រូវ​បាន​សហការរៀបចំឡើងដោយមជ្ឈមណ្ឌលរៀបចំការប្រឡងអូឡាំព្យាដអន្តរជាតិសិង្ហបុរី និងមជ្ឈមណ្ឌល the Brainiac Factory។ បេក្ខជនជ័យលាភីនៃការប្រកួតនេះ នឹងមានឱកាសបន្តចូលរួមការប្រឡងគណិតវិទ្យាអូឡាំព្យាដអន្តរជាតិនៅប្រទេសសិង្ហបុរី (SIMOC 2026) ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧-២២ ខែកក្កដា ឆ្នាំ២០២៦ ជាមួយបេក្ខជនជ័យលាភីផ្សេងៗទៀតមកពីជាង ៣០ប្រទេស៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា