លោក ជុន សំណាង ចែករំលែក គន្លឹះ ៩ ចំណុចប្រឡងជាប់អាហារូបករណ៍ វិស្វកម្មអវកាស និងលំហអាកាស | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
លោក ជុន សំណាង ចែករំលែក គន្លឹះ ៩ ចំណុចប្រឡងជាប់អាហារូបករណ៍ វិស្វកម្មអវកាស និងលំហអាកាស

លោក ជុន សំណាង ចែករំលែក គន្លឹះ ៩ ចំណុចប្រឡងជាប់អាហារូបករណ៍ វិស្វកម្មអវកាស និងលំហអាកាស

អតីតនិស្សិត​​វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) លោក ជុន សំណាង ​ដែល​ទើបប្រឡង​ជាប់​អាហារូបករណ៍​ផ្នែក​ឯកទេស វិស្វកម្ម​អវកាស និង​លំហរអាកាស ទៅ​សិក្សា​នៅ​ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ បាន​លើកឡើង​គន្លឹះ​អនុវត្តន៍ចំនួន​ ៩​ ដែល​អាច​ជួយ​រូប​លោក​ទទួល​បាន​លទ្ធផល​ជោគជ័យ​​។

Advertisement

​តាម​ការ​រៀប​រាប់​របស់ ​លោក ជុន សំណាង​ ដំណើរ​ការ​នៃ​ការ​ដាក់​ពាក្យ​អាហារូបករណ៍​ផ្នែក​ ឯកទេស វិស្វកម្ម​អវកាស និង​លំហរអាកាស គឺ​ទាមទារ​ឱ្យ​បេក្ខជន​ត្រូវ​មាន​ប្រវត្តិការសិក្សា​ល្អ​ គួបផ្សំ​នឹង​ព្រឹត្តិបត្តិពិន្ទុ​ប្រចាំ​ឆ្នាំ​សិក្សា​បរិញ្ញាបត្រ​ ជាពិសេស​ត្រូវ​មានចំណេះ​ដឹង​ភាសា​បរទេស​ជា​អាទិ៍​ មាន​ភាសា​អង់គ្លេស ដើម្បី​យក​មក​ប្រកួតប្រជែង។

តាម​បទ​ពិសោធន៍​ លោក ជុន សំណាង បានបង្ហាញគន្លឹះ​ ៩ ចំណុច ដើម្បីជោគជ័យក្នុងការ​ប្រឡង​អាហារូបករណ៍នេះ​ មានដូចជា ៖ ទី១. ត្រូវមាន​ចំណេះ​ដឹង​សមរម្យ​ជា​មួយ​នឹងពិន្ទុល្អ​ ជា​កត្តា​មួយ​ដ៏ចាំ​បាច់​ដែល​គណៈកម្មការ​ចង់បាន, ទី២. ត្រូវប្រុងប្រៀប និងរៀបចំខ្លួន​ជានិច្ចមុន​និង​សម្រេចចិត្ត​ដាក់ពាក្យ ឬចូលរួម​ការ​ប្រឡង​អាហារូបករណ៍នានា មាន​ន័យ​ថា​យើងមានអ្វីដែលគេចង់បាន​ ទាំង​ចំណេះ​វិជ្ជាជីវៈ ចំណេះ​ដឹង​ភាសា​បរទេស (លើកទឹកចិត្ត ឱ្យ​មានលទ្ធផលខ្ពស់), ទី៣. ​ត្រូវរៀបចំឯកសារ​ឱ្យបានល្អ អាច​រក​មើល​គម្រូ​តាម​អ៊ិនធើណេត ពិនិត្យ​ឱ្យបាន​ម៉ត់ចត់​នូវ​រាល់ឯកសារ​នីមួយៗ​ទៅតាមតម្រូវការនិងលក្ខន្តិកៈ។

ទី៤. កំណត់គោលដៅ​ឱ្យបានច្បាស់លាស់​មិន​ចំពោះ​តែ​ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ទេ ពោល គឺ​ត្រូវ​ស្គាល់​ខ្លួនឯងជា​មុនទើប​យើងមានក្តីស្រមៃ និងចង់សម្រេចវា​ឱ្យបាន, ទី៥. រៀបចំផែនការ និងកាលវិភាគ​ឱ្យ​បាន​ច្បាស់លាស់​មុន​និងដល់ថ្ងៃបិទទទួលពាក្យ យើង​បាន​ត្រៀមខ្លួន អ្វីខ្លះ ត្រូវចោទ​ជាសំណួរសួរខ្លួនឯងថា «តើ​បាន​រៀបចំ និង​សម្រេច​អ្វីខ្លះ អាច​មាន​សៀវភៅ ឬការសរសេរ កំណត់​ហេតុទុក​ជៀសវាងការភ្លេច និង​ធ្វេស​ប្រហែស», ទី៦. ត្រូវមានភាពក្លាហាន​សាកសួរ​អំពីបទពិសោធន៍​ពីសិស្សច្បង​នានា​ដែល​ធ្លាប់​ទទួល​បាន​ភាព​ជោគជ័យ រៀន និង សិក្សា​ឈ្វេង​យល់​ពី​គន្លឹះសំខាន់ៗ​ពី​ពួក​គាត់​ដែលយើង​អាចយកមក​ប្រើប្រាស់​ជា​ប្រយោជន៍។

ទី៧. ត្រូវ​មាន​ភាពសកម្ម​ក្នុងការសិក្សាស្រាវជ្រាវ និង​អភិវឌ្ឍជំនាញបន្ថែមក្រៅម៉ោងសិក្សា , ទី៨. ត្រូវចេះ​ប្រើប្រាស់​បច្ចេកវិទ្យា និង​ភាសាបរទេស​ឱ្យ​បានល្អ ដើម្បី​បង្កើន​ឱកាស​ប្រកួតប្រជែង​នៅលើ​ឆាកអន្តរជាតិ និង ទី ៩. ត្រូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួនឯង និង​ជឿជាក់​ថា ការ​ខិតខំ​ប្រឹងប្រែង​នឹង​នាំ​ទៅ​រក​ភាព​ជោគជ័យ។

ពាក់ព័ន្ធនឹងផែនការនាពេលអនាគត ម្ចាស់អាហារូបករណ៍រូបនេះបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់ការសិក្សានៅប្រទេសចិន លោកនឹងនាំយកចំណេះដឹង និងជំនាញឯកទេសនេះ មកចូលរួមអភិវឌ្ឍវិស័យលំហអាកាសនៅកម្ពុជា តាមរយៈការស្រាវជ្រាវ និងការច្នៃប្រឌិតបច្ចេកវិទ្យាផ្កាយរណប និងវិស្វកម្មលំហអាកាស។ លើសពីនេះ លោកក៏មានបំណងចែករំលែកចំណេះដឹងដល់វិស្វករវ័យក្មេងកម្ពុជា តាមរយៈការបង្រៀន និងការបណ្តុះបណ្តាល ដើម្បីរួមចំណែកបង្កើតមូលដ្ឋានគ្រឹះបច្ចេកវិទ្យាអាវកាសសម្រាប់ប្រទេសជាតិក្នុងរយៈពេលវែង។

ជាមួយគ្នានេះដែរ លោក ជុន សំណាង ក៏បានផ្ញើសារលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយដែលមានចំណង់ចំណូលចិត្តលើវិស័យបច្ចេកវិទ្យា ឱ្យខិតខំពង្រឹងសមត្ថភាពលើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ព្រមទាំងអភិវឌ្ឍជំនាញដោះស្រាយបញ្ហា ការគិតវិភាគ និងការធ្វើការជាក្រុម ដោយប្រកាន់ខ្ជាប់នូវវិន័យ ភាពអត់ធ្មត់ និងចំណង់ចំណូលចិត្តក្នុងការច្នៃប្រឌិត ដើម្បីត្រៀមខ្លួនស្រូបយកឱកាសថ្មីៗនៅលើឆាកអន្តរជាតិ៕

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី | Din Thary

កញ្ញា ឌិន ថារី ធ្លាប់មានបទពិសោធន៍ជាច្រើនឆ្នាំទៅលើការសរសេរព័ត៌មាន ជាអ្នករាយការណ៍ព័ត៌មាន និង​សម្របសម្រួល​កម្មវិធីផ្សេងៗ។ បច្ចុប្បន្ន កញ្ញា ជាអ្នករាយការណ៍ព័ត៌មាន និងសរសេរព័ត៌មានអប់រំ នៃ AMS Education ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា