កង់​មួយ​គ្រឿង​ «​ស្ពាន​» ​ឆ្ពោះ​ទៅរក​ការ​អប់រំ ​និង​ផ្លាស់ប្តូរ​អនាគត​សិស្ស​ជនបទ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កង់​មួយ​គ្រឿង​ «​ស្ពាន​» ​ឆ្ពោះ​ទៅរក​ការ​អប់រំ ​និង​ផ្លាស់ប្តូរ​អនាគត​សិស្ស​ជនបទ​

កង់​មួយ​គ្រឿង​ «​ស្ពាន​» ​ឆ្ពោះ​ទៅរក​ការ​អប់រំ ​និង​ផ្លាស់ប្តូរ​អនាគត​សិស្ស​ជនបទ​

​សម្រាប់​អ្នក​រស់​នៅ​ទីក្រុង​ ​កង់​មួយ​គ្រឿង​អាច​គ្រាន់តែ​ជា​មធ្យោបាយ​ធ្វើដំណើរ​ប្រចាំ​ថ្ងៃ​ ​ឬ​ជា​មធ្យោបាយ​សាមញ្ញ​មួយ​ប៉ុណ្ណោះ​។ ​ប៉ុន្តែ​សម្រាប់​សិស្ស​ដែល​រស់​នៅ​តំបន់​ជនបទ ​និង​ដាច់ស្រយាល​ ​កង់​មួយ​គ្រឿង​អាច​ក្លាយជា​ ​«​ស្ពាន​» ​ដ៏​សំខាន់​ ​ដែល​នាំ​ពួកគេ​ទៅដល់​សាលារៀន​ ​កាត់បន្ថយ​ការ​បោះបង់​ការ​សិក្សា​ ​និង​បង្កើន​ឱកាស​ឆ្ពោះ​ទៅរក​អនាគត​កាន់តែ​ប្រសើរ​។

Advertisement

​លោក​ នី ​សុផារ៉ាន់ ​នាយក​ប្រតិបត្តិ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​សម្រាប់​កុមារ​ដែល​រស់​នៅ​តំបន់​ដាច់ស្រយាល​ ​កង់​មិន​មែន​គ្រាន់តែ​ជា​មធ្យោបាយ​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ឧបករណ៍​ដ៏​សំខាន់​ដែល​នាំមក​នូវ​ក្តីសង្ឃឹម​ និង​ជា​ស្ពាន​ឆ្ពោះ​ទៅរក​អនាគត​ដ៏​ភ្លឺស្វាង​។​

​លោក​បាន​បញ្ជាក់​ថា​ ​កង់​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​បោះបង់​ការ​សិក្សា​ ​ដោយ​ជួយ​ឱ្យ​សិស្សានុសិស្ស​អាច​ទៅ​រៀន​បាន​ទៀងទាត់​។ ​លើស​ពី​នេះ​ ការ​ទទួលបាន​កង់​ថ្មី​ក៏​ជួយ​បង្កើន​ទំនុកចិត្ត​ ​លើកទឹកចិត្ត​ឱ្យ​កុមារ​ខិតខំ​រៀនសូត្រ​ ​និង​កាត់បន្ថយ​បន្ទុក​ជីវភាព​របស់​គ្រួសារ​ងាយ​រងគ្រោះ​ផងដែរ​។​

«​កង់​មួយ​គ្រឿង​អាច​ផ្លាស់ប្តូរ​លទ្ធផល​សិក្សា​ ​និង​អនាគត​របស់​កុមារ​នៅ​តំបន់​ជនបទ​។ ​កង់​មិន​មែន​គ្រាន់តែ​ជា​មធ្យោបាយ​ធ្វើដំណើរ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ជា​ស្ពាន​ដ៏​សំខាន់​ដែល​ជួយ​សម្រាល​ការ​លំបាក​របស់​អាណាព្យាបាល​ ​និង​កាត់បន្ថយ​ការ​បោះបង់​ការ​សិក្សា​របស់​កុមារ​»​

​លោក​ នី ​សុផារ៉ាន់

​លោក​បាន​បន្ថែម​ថា​ ​កង់​ក៏​ជួយ​ឱ្យ​សិស្សានុសិស្ស​ដែល​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន​ក្នុង​ស្រុក​ចុង​កាល់ ​និង​ស្រុក​បន្ទាយ​អំពិល ​ខេត្ត​ឧត្តរមានជ័យ​ ព្រមទាំង​តំបន់​ដាច់ស្រយាល​ផ្សេង​ទៀត​ ​អាច​ធ្វើដំណើរ​ទៅ​សាលារៀន​បាន​ទាន់​ពេលវេលា​ ​ប្រកបដោយ​សុវត្ថិភាព​ ​និង​ភាព​ជឿជាក់​។​

​លោក​បាន​អះអាង​ថា​ ​សកម្មភាព​នេះ​បង្ហាញ​ពី​ការ​ប្តេជ្ញាចិត្ត​របស់​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ​ប្រចាំ​នៅ​កម្ពុជា​ ​ក្នុង​ការ​គាំទ្រ​កុមារ​ងាយ​រងគ្រោះ ​ធានា​ឱ្យ​កុមារ​គ្រប់​រូប​ទទួលបាន​ឱកាស​អប់រំ​ដោយ​ស្មើភាព​ និង​រួមចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការ​កសាង​ធនធាន​មនុស្ស​ និង​អភិវឌ្ឍ​សហគមន៍​ប្រកបដោយ​និរន្តរភាព​។​

​ក្នុង​ឆ្នាំ​២០២៥​ តាមរយៈ​គម្រោង​ «​ដៃគូ​រួមគ្នា​ផ្តល់​ឱកាស​ដល់​កុមារ​បាត់បង់​ឱកាស​នៅ​កម្ពុជា​» ​(​CCOSC​) ​អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​ ​ប្រចាំ​នៅ​កម្ពុជា​ ​និង​ម្ចាស់​ជំនួយ​ ​បាន​ចែកជូន​កង់​ចំនួន​ ​៥,០២៦​ ​គ្រឿង​ ​រួម​ជាមួយ​សម្ភារ​សិក្សា​ផ្សេង​ៗ​ ​ដល់​កុមារ​មក​ពី​គ្រួសារ​ក្រីក្រ ​និង​រស់​នៅ​ឆ្ងាយ​ពី​សាលារៀន​ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ​បាត់ដំបង​ ​សៀមរាប​ ​ព្រះវិហារ​ ​កំពង់ធំ​ ​កំពង់ឆ្នាំង​ ​កំពង់ស្ពឺ​ ​ក្រចេះ​ ​កណ្តាល​ ​និង​តាកែវ​។

​ទោះជា​យ៉ាងណា​ ​លោក​ នី ​សុផារ៉ាន់ ​បាន​ឱ្យដឹង​ថា​ ​កង់​នៅតែ​ជា​តម្រូវការ​អាទិភាព​សម្រាប់​សិស្ស​ដែល​រស់​នៅ​តំបន់​ដាច់ស្រយាល ​ហើយ​អង្គការ​នឹង​បន្ត​កៀរគរ​ធនធាន​ ​និង​ការ​គាំទ្រ​បន្ថែម​ ​ដើម្បីឱ្យ​កុមារ​កាន់តែ​ច្រើន​អាច​បន្ត​ការ​សិក្សា​ ​និង​កសាង​អនាគត​របស់​ខ្លួន​តាមរយៈ​ការ​ទទួលបាន​កង់​មួយ​គ្រឿង​។​

​អ្នកគ្រូ​ ​លុយ ​ម៉ាលី​ម ​គ្រូបង្រៀន​នៅ​សាលា​បឋមសិក្សា​ស្រះ​ម្លិះ​ ​គាត ​ឈន់ ​ស្រុក​ជាំ​ក្សាន្ត ​ខេត្ត​ព្រះវិហារ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​កង់​គឺជា​មធ្យោបាយ​ដ៏​មាន​តម្លៃ​សម្រាប់​សិស្ស​នៅ​ជនបទ ​ព្រោះ​ជួយ​ឱ្យ​ពួកគេ​អាច​មក​រៀន​បាន​ទៀងទាត់​ ​ទោះបី​ផ្ទះ​ស្ថិត​នៅ​ឆ្ងាយ​ពី​សាលា​ក៏ដោយ​។ ​«​កង់​ជា​មធ្យោបាយ​មាន​តម្លៃ​ណាស់​សម្រាប់​សិស្ស​នៅ​ជនបទ ​ព្រោះ​សាលា​ខ្លះ​ស្ថិត​នៅ​ឆ្ងាយ​ពី​ផ្ទះ​ ​ហើយ​នៅ​តាម​ជនបទ​ក៏​មិន​សម្បូរ​មធ្យោបាយ​ធ្វើដំណើរ​ដូច​នៅ​ទីក្រុង​ដែរ​។​ កង់​គឺជា​មធ្យោបាយ​ដែល​នាំ​កុមារ​មក​ទទួល​ការ​អប់រំ ​និង​ជួយ​ឱ្យ​ពួកគេ​បន្ត​ក្តីស្រមៃ​របស់​ខ្លួន​»៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា