អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​ចែករំលែក​គន្លឹះ​ ១សប្តាហ៍មុន​ប្រឡង​បាក់ឌុប​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​ចែករំលែក​គន្លឹះ​ ១សប្តាហ៍មុន​ប្រឡង​បាក់ឌុប​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​

អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​ចែករំលែក​គន្លឹះ​ ១សប្តាហ៍មុន​ប្រឡង​បាក់ឌុប​ឱ្យ​ទទួលបាន​លទ្ធផល​ល្អ​

​នៅសល់​តែ​ប្រមាណ​១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​ ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់ឌុប ​នឹង​មកដល់​។​ ក្នុង​ដំណាក់កាល​នេះ​ ​បេក្ខជន​ប្រឡង​មួយចំនួន​ ​នៅតែ​មានអារម្មណ៍​ភ័យ​ និង​បារម្ភ​ច្រើន​អំពី​ការ​ប្រឡង​។ ​ដើម្បី​ជា​ជំនួយ​ស្មារតី​សម្រាប់​បេក្ខជន ​អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​នឹង​ចែករំលែក​គន្លឹះ​ ​១​សប្តាហ៍​មុន​ប្រឡង ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ដូច​គាត់​ដែរ​។​

Advertisement

​កញ្ញា​ ​ឃុន ​ដាលី​ណា ​អតីត​សិស្ស​និទ្ទេស​ ​A​ ​ដែល​ទទួលបាន​លំដាប់​ពិន្ទុ ​១០០​ ​កាលពី​ឆ្នាំ​២០២៥​ ​លើកឡើង​ថា​ ​ក្នុង​រយៈពេល​១​សប្តាហ៍​ទៅកាន់​បាក់ឌុប​នេះ​ ​បេក្ខជន​ទាំងអស់​គួរគប្បី​ចំណាយ​ពេលវេលា​នេះ​ឱ្យ​មាន​តម្លៃ​ ​ព្រោះថា​ ​វេលា​នេះ​ ប្រៀប​បាន​នឹង​ពួកយើង​កំពុងតែ​ស្ថិត​ក្នុង​តំបន់​ក្រហម​ ​“​Red​ ​Zone​”​។​ ត្បិត​ថា​ ​សញ្ញាបត្រ​បាក់​ឌុប​ត្រឹមតែ​ជា​ក្រដាស​មួយ​សន្លឹក​ មិន​អាច​កំណត់​នូវ​ជោគវាសនា​របស់​យើង​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​ជា​ភស្តុតាង​មួយ​ដែល​សបញ្ជាក់​ពី​ការ​តាំងចិត្ត​ព្យាយាម​សិក្សា​រៀនសូត្រ​របស់​បេក្ខជន​ក្នុង​រយៈពេល​១២​ឆ្នាំ​នេះ។​

​បើ​តាម​អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​រូប​នេះ​ ក្នុង​រយៈពេល​នេះ​ ​គឺជា​ពេល​ដែល​ប្អូន​ៗ​ជា​បេក្ខជន​អាច​សម្រាក​ពី​ការ​អនុវត្ត​វិញ្ញាសា​ផ្សេង​ៗ​បាន​ហើយ​។ ​ហើយ​អ្វី​ដែល​ត្រូវ​ធ្វើ​នោះ​ ​គឺ​ការ​ទន្ទេញ​មេរៀន​ជីវវិទ្យា​ ​និង​ប្រវត្តិវិទ្យា​ ​ព្យាយាម​រំឭក​ឱ្យ​បាន​រាល់​ថ្ងៃ​រហូតដល់​ថ្ងៃ​ប្រឡង។​

​សម្រាប់​មុខវិជ្ជាជីវវិទ្យា​ ​ទទួលស្គាល់​ថា​ ​មាន​សំណួរ​ច្រើន​ ​ហើយ​មាន​ពាក្យ​បច្ចេកទេស ​ដែល​ធ្វើឱ្យ​ពិបាក​ក្នុង​ការ​ចាំ​ ​ប៉ុន្តែ​កញ្ញា​ ​ឃុន ​ដាលី​ណា ​លើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​ជា​បេក្ខជន​ ព្យាយាម​យល់​ពី​មេរៀន​ឱ្យ​ច្បាស់​សិន ​ចាំ​ទន្ទេញ​ ​ដោយ​អាច​ចូលទៅ​ស្ដាប់​ការ​ពន្យល់​មេរៀន​នីមួយ​ៗ​របស់​លោកគ្រូ​អ្នកគ្រូ​ក្នុង​ ​YouTube​ ​ហើយ​ព្យាយាម​រក​ពាក្យ​គន្លឹះ​ណាមួយ​នៅក្នុង​សំណួរ​-​ចម្លើយ​ ​ដើម្បី​ងាយស្រួល​ចំណាំ​។ ​សំណួរ​ទាំងអស់​មាន​នៅក្នុង​សៀវភៅ​ជីវវិទ្យា​ ​ហើយ​បើ​អាច​ ​ឬ​សល់​ពេល​ ​សូម​ព្យាយាម​ទន្ទេញ​ទាំងអស់​កុំ​រំលង​សំណួរ​ណាមួយ​ ព្រោះ​យើង​មិន​អាច​ទាយ​ដឹង​ថា​ ​វិញ្ញាសា​នឹង​ចេញ​សំណួរ​ណាមួយ​ឡើយ។​

​ដោយឡែក​ ​មុខវិជ្ជា​ប្រវត្តិវិទ្យា​ ​កញ្ញា​ ​ដាលី​ណា ​លើកទឹកចិត្ត​ឱ្យ​ប្អូន​ៗ​បេក្ខជន​សង្ខេប​ព្រឹត្តិការណ៍​គោល​ៗ​ក្នុង​សម័យកាល​នីមួយ​ៗ​ ​ហើយ​យកមក​បំបែក​ជា​មែក​ធាង​សំណួរ​ ​ដើម្បី​ងាយស្រួល​ទន្ទេញ​។ ​ដូច្នេះ​ ​មិន​ថា​ជីវវិទ្យា​ ​ប្រវត្តិវិទ្យា​ ​ឬ​មុខវិជ្ជាណា​ក៏ដោយ​ ​ទោះ​មិន​ចេះ​ឆ្លើយ​ ​ក៏​ត្រូវតែ​ព្យាយាម​សរសេរ​ឱ្យ​បាន​ច្រើន​ ​(​បើ​សល់​ពេល​)។​

និយាយពី​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​វិញ​ ​កញ្ញា​ក៏​មិន​មែន​ជា​សិស្ស​ម្នាក់​ដែល​ចូលចិត្ត​អាន​រឿង​ពេញ​នោះ​ទេ​ ​ហើយ​ជា​បទពិសោធន៍​ ​មុន​ប្រឡង​កញ្ញា​ចូលទៅ​ស្ដាប់​ដំណើរ​រឿង​ក្នុង​ ​Youtube​ ​ហើយ​កំឡុង​ពេល​ស្ដាប់​ ត្រូវ​ចេះ​លួច​គិត​ក្នុង​ចិត្ត​ថា​ «​សាច់រឿង​ត្រង់នេះ​ ​អាច​លើក​ដាក់​ជា​ឧទាហរណ៍​បាន​…»​។ ​មួយវិញទៀត​ ​ក៏​អាច​ទៅ​ស្ដាប់​ការ​សិក្សា​ពី​អក្សរសិល្ប៍​នីមួយ​ៗ​ ​ដោយ​មាន​បង្រៀន​ពី​ចំណុច​ដែល​អាច​លើក​ជា​ឧទាហរណ៍​ក្នុង​អក្សរសិល្ប៍​។ ​ហើយ​កុំ​ភ្លេច​ព្យាយាម​យក​សំណេរ​របស់​គេ​មក​អាន ​ចេះ​ចាប់​យក​តិច​និច​របស់​គេ​ យក​ទៅ​សរសេរ​ក្នុង​សំណេរ ​ដើម្បី​អាច​ទទួលបាន​ពិន្ទុ​ច្រើន​។ ​ជាពិសេស​ ត្រូវ​ហ្វឹកហាត់​សរសេរ​អក្សរ​ឱ្យ​លឿន​ ​និង​មាន​របៀប​។ ​ជាពិសេស​ កុំ​ភ្លេច​មើល​អក្សរសិល្ប៍​ពុទ្ធ​និយម​ឱ្យ​បាន​ ​៥​ទៅ​៧​រឿង​ផងដែរ។​

​អតីត​សិស្ស​និទ្ទេស​ ​A​ ​លំដាប់​ពិន្ទុ ​១០០​ ​រូប​នេះ​ ​បញ្ជាក់​ថា​ ​អំឡុង​ពេល​ប្រឡង​មុខវិជ្ជា​អក្សរសាស្ត្រ​ខ្មែរ​ ​គឺ​ចាំបាច់​ត្រូវ​សរសេរ​សេចក្ដី​ផ្តើម​ និង​សេចក្ដីបញ្ចប់​ឱ្យ​ល្អ ​ព្រោះ​ភាគ​ច្រើន​អ្នក​កែ ​ផ្តោត​ត្រង់​ចំណុច​នេះ​ ​ច្រើន​ជាង​ការ​បកស្រាយ​។​ ត្រង់​ចំណោទ​បញ្ហា​ ​ត្រូវ​ចេះ​ចោទ​សួរ​ឱ្យ​បាន​ត្រឹមត្រូវ​។ ​លើក​ឧទាហរណ៍​មក​បញ្ជាក់​យ៉ាងតិច​បំផុត​ ​៣​ទៅ​៤​រឿង​ ​និង​លើក​សុភាសិត​ ទស្សនៈ ​ពាក្យស្លោក​ ​កំណាព្យ​។ ​ប្រសិនបើ​អត់​ច្បាស់​អ្នកនិពន្ធ​ ​និង​ឆ្នាំ​ ​គួរ​កុំ​ដាក់​អី ​ព្រោះ​បើ​ដាក់​ខុស ​នោះ​គេ​នឹង​ដក​ពិន្ទុ​។ ​ជាពិសេស​ ​ប្រើ​សំនួន​អូសទាញ​ ​នៅ​ចុងបញ្ចប់​កន្លែង​បកស្រាយ​ផង។

ក្នុងការប្រឡងមុខវិជ្ជា​គណិតវិទ្យា ​គីមីវិទ្យា​ ​និង​រូបវិទ្យា​ ​កញ្ញា​ ​ឃុន ​ដាលី​ណា ​ប្រាប់​ថា​ មកដល់​ពេលនេះ​ ​យើង​គ្រាន់តែ​រំឭក​រូប​មន្ត​ ​និង​វិធី​ដោះស្រាយ​របស់​លំហាត់​មួយចំនួន​ដែល​យើង​ភ្លេច​។ ​ពេល​ប្រឡង​ ត្រូវ​អាន​ប្រធាន​ឱ្យ​បាន​យ៉ាងតិច​ ​២​ដង​ ​ហើយ​គណនា​លេខ​មួយ​ៗ​កុំ​ឱ្យ​ខុស​ ត្រូវ​ចេះ​ឧស្សាហ៍​ផ្ទៀងផ្ទាត់​។ ​មួយវិញទៀត​ ​ដើម្បី​ទទួលបាន​និទ្ទេស ​A​ ​រូបវិទ្យា​ ​ត្រូវ​ទន្ទេញ​សំណួរ​ផង​ ព្រោះ​បើ​អត់​ចេះ​សំណួរ​ស្មើនឹង​យើង​បាត់​អស់​១០​ពិន្ទុ​ហើយ។​

និយាយពីការត្រៀមខ្លួនប្រឡងវិញ ​ជា​បទពិសោធន៍​របស់​ កញ្ញា​ ​ឃុន ​ដាលី​ណា ​សម្រាប់​មួយ​យប់​មុន​ថ្ងៃ​ប្រឡង​មកដល់​ ​បេក្ខជន​គួរ​កុំ​សម្រុក​រៀន​ខ្លាំង​ពេក ​ដោយ​សម្រាក​ខ្លះ​ ​រៀន​ខ្លះ​ ​កុំ​ឱ្យ​ឈឺ ​ព្រោះ​ប្អូន​ៗ​ខំ​រៀន​រយៈពេល​ ​១​ឆ្នាំ​ពេញ​ហើយ​។ ​សិស្ស​ប្អូន​ដែល​គេង​ម្នាក់ឯង​ ​កុំ​ភ្លេច​ដាក់​ម៉ោង​រោទិ៍​ ​ឬ​រក​អ្នកណា​ឱ្យ​ជួយ​ដាស់​ផង​ និង​កុំ​ភ្លេច​សម្ភារៈ​ប្រឡង​ និង​កាត​ប្រឡង​។ ​ពេល​ភ័យ​ ត្រូវ​បិទ​ភ្នែក​ហើយ​ដកដង្ហើម​ឱ្យ​វែង​ៗ​ ​ប្រាប់​ខ្លួនឯង​កុំ​ឱ្យ​ភ័យ​ ​ហើយ​សម្រួល​អារម្មណ៍។​

​កំឡុង​ពេល​ប្រឡង ​ជាពិសេស​មុខវិជ្ជា​វិទ្យាសាស្ត្រ​ទាំង​៤​មុខ​ ​កញ្ញា​ ​ឃុន ​ដាលី​ណា ​លើកទឹកចិត្ត​ឱ្យ​បេក្ខជន​ផ្ទៀងផ្ទាត់​ប្រធាន​ ​និង​ចម្លើយ​ម្ដង​ទៀត​ពេល​ធ្វើ​រួចរាល់​។ ​កុំ​អាង​ខ្លួនឯង​ធ្វើ​លឿន​ហើយ​ ​សុខចិត្ត​អង្គុយ​លេង​អត់​ផ្ទៀងផ្ទាត់​ ​ព្រោះថា​ «​ដំរី​ជើង​បួន​គង់​មាន​ភ្លាត់ ​អ្នកប្រាជ្ញ​ចេះ​ស្ទាត់​គង់​មាន​ភ្លេច​»។​

​កញ្ញា​ ​ឃុន ​ដាលី​ណា ​ផ្តាំផ្ញើ​ថា​ ​នៅពេល​ចេញពី​ប្រឡង​ថ្ងៃទី​មួយ​ ​បេក្ខជន​ហាម​ដាច់ខាត​ផ្ទៀងផ្ទាត់​ចម្លើយ​ ​ទោះបី​ដឹងខ្លួន​ថា​ខុស ​ក៏​កុំ​ទាន់​អស់សង្ឃឹម​ ព្រោះថា​ ​គណិតវិទ្យា​កំពុងតែ​រង់ចាំ​យើង​នៅ​ថ្ងៃទី​ពីរ​។ ​កញ្ញា​ ​ដាលី​ណា ​សង្ឃឹម​ថា​ប្អូន​ៗ​ជា​បេក្ខជន​នឹង​អាច​យក​បាន​ ​១២៥​ ​ពិន្ទុ​ពេញ​ពី​មុខវិជ្ជា​មួយ​នេះ។​

​កញ្ញា​ ​ឃុន ​ដាលី​ណា ​ក៏​បាន​លើកទឹកចិត្ត​ប្អូន​ៗ​ជា​បេក្ខជន​កុំ​រៀន​ភ្លេច​បាយ​ភ្លេច​ទឹក​ ​ប្រយ័ត្ន​ឈឺ​មុន​ប្រឡង ​ពោលគឺ​ត្រូវ​ចេះ​មើល​ថែ​សុខភាព​ខ្លួនឯង​ឱ្យ​បាន​ល្អ ​ពេល​យប់​គេង​ឱ្យ​បាន​៨​ម៉ោង​ ​ហើយ​បរិភោគ​អាហារ​ណា​ដែល​ល្អ​ៗ​ និង​មិន​ប៉ះពាល់​ដល់​សុខភាព​ក្រពះ​របស់​យើង​។ ​កញ្ញា​ ​ដាលី​ណា ​ក៏​ជូនពរ​ឱ្យ​ថ្ងៃ​១០​-​១១​សីហា ​ខាងមុខ​នេះ​ ​ប្អូន​ៗ​បេក្ខជន​បាក់ឌុប​ប្រឡង​ទទួលបាន​ជោគជ័យ​ទាំងអស់​គ្នា​ ​និង​ទទួលបាន​និទ្ទេស​ដែល​ខ្លួន​បាន​ប៉ង​ ព្រោះ​និទ្ទេស​ ​A​ ​និង​កាត​លឿង​ ​កំពុងតែ​រង់ចាំ​ប្អូន​ៗ​ទាំងអស់​គ្នា៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា