ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជនអ៊ីជិន ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជនអ៊ីជិន ២០២៥

ក្រុមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជនអ៊ីជិន ២០២៥

ក្រុមនិស្សិត​មក​ពីវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា បានឈ្នះជ័យលាភីលេខ១ នៅក្នុងកម្មវិធីប្រកួតគម្រោង​ ដោយ​ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដោះស្រាយ​បញ្ហាសហគមន៍ “យុវជនអ៊ីជិន” ឆ្នាំ២០២៥ ដែលត្រូវ​ប្រកាស​លទ្ធផល កាលពីថ្ងៃទី៧ កុម្ភៈ ចុងសប្តាហ៍កន្លងទៅនេះ។

Advertisement

“កម្មវិធីយុវជនអ៊ីជិន” ជាកម្មវិធីដែលផ្តួចផ្តើមដោយនាយកដ្ឋានអភិវឌ្ឍកម្មវិធីយុវជន នៃអគ្គនាយកដ្ឋានយុវជន ក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងបង្កើតជាថ្នាលសម្រាប់យុវជន និងអ្នកជំនាញ រួមគ្នាគិត ច្នៃ និងបង្កើត នូវដំណោះស្រាយថ្មីសម្រាប់សហគមន៍ដោយប្រើបច្ចេកវិទ្យាអាយអូធី Machine Learning និងបញ្ញាសិប្បនិម្មិត និងជាថ្នាលមួយបណ្តុះសហគ្រិនឌីជីថលសម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ២០២៥ កម្មវិធីយុវជនអ៊ីជិនមានការចូលរួមពីនិស្សិតចំនួន ១៤៣នាក់ មកពី វិទ្យាស្ថាន និងសាកលវិទ្យាល័យចំនួន១៩។ និស្សិត ១៤៣នាក់បានចូលរួមវគ្គសិក្ខាសាលាបំប៉នសមត្ថភាពចំនួន ២លើក ៖ លើកទី១ ស្តីពីការបង្កើតគំនិតថ្មីនិងសរសេរគម្រោង និងលើកទី២ ស្តីពីការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតគម្រោង។ និស្សិតទាំង ១៤៣នាក់ធ្វើការជាក្រុមក្នុងការបង្កើតគម្រោងប្រកបដោយនវានុវត្តន៍បានចំនួន១៨គម្រោង និងឆ្លងកាត់វគ្គជម្រុះលើកទី១ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីជ្រើសរើសចំនួន ១០គម្រោង។

ជាលទ្ធផល សម្រាប់ឆ្នាំ២០២៥ ក្រុម “SmartBin” មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានឈ្នះ​ជ័យលាភីលេខ១ ខណៈក្រុមជ័យលាភីលេខ២បានទៅលើក្រុម “ធារាសាស្ត្រ” មកពីសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ និងជ័យលាភីទី៣បានទៅក្រុម ”ធុងធុង” មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តម វង ភិរុណ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា កម្មវិធីយុវជនអ៊ីជិន គឺជាថ្នាលមួយសម្រាប់និស្សិត និងអ្នកជំនាញ រួមគ្នា ច្នៃបង្កើត ដើម្បីផ្តល់និស្សិតនូវចំណេះដឹង និងបទពិសោធន៍​ថ្មីៗពីអ្នកជំនាញ ក្នុងការបង្កើតឧបករណ៍ស្វ័យប្រវត្តិ ស្របតាមតម្រូវការរបស់សហគមន៍ លើសពីការសិក្សា​ទ្រឹស្ដីនៅក្នុង​ថ្នាក់រៀន កម្មវិធីនេះបានជំរុញឱ្យសិស្សនិស្សិតចេះសហការគ្នាជាក្រុម ដើម្បីដោះស្រាយបញ្ហា​ជាក់ស្ដែងតាមរយៈ​ការប្រើប្រាស់​បច្ចេកវិទ្យាឌីជីថល។ ឯកឧត្តមបន្តថា ការបង្កើតឱ្យមានការសហការគ្នាជាក្រុមបែបនេះ គឺជាការបើក​ឱកាសឱ្យសិស្សនិស្សិត​ឈានទៅរកការយល់ដឹងកាន់តែច្បាស់អំពីដំណើរការនៃខ្សែច្រវាក់ផលិតកម្ម ការរចនា​គ្រឿង​បង្គុំអេឡិចត្រូនិក និងការសរសេរកម្មវិធីបញ្ជា ដែលសុទ្ធសឹងជាជំនាញរឹង (Hard Skills) មិនអាចខ្វះ​បានក្នុងយុគ​សម័យ​បដិវត្តឧស្សាហកម្ម ៤.០។

ជាមួយ​គ្នានេះ ឯកឧត្តមអនុរដ្ឋលេខាធិការ​ក្រសួងអប់រំ ក៏​បានកោតសរសើរដល់ក្រុមនិស្សិត​ដែលបាន​ចូលរួមប្រកួត ដោយថា ឧបករណ៍គំរូដែលពួកគេធ្វើបាន មិនត្រឹមតែជាលទ្ធផលនៃការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាស្ពានចម្លងពួកគេ​ក្លាយជាសហគ្រិនបច្ចេកវិទ្យា និងជាធនធានដ៏មានតម្លៃក្នុងការចូលរួមចំណែក​សម្រេចឱ្យបាន​នូវចក្ខុវិស័យ​កម្ពុជាឆ្នាំ​២០៣០ និង ២០៥០៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា