គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

គម្រោង «PassKru» ជួយសម្រួលការស្វែងរកឯកសារប្រឡងគ្រូ ជាប់លេខ១ ក្នុងកម្មវិធី Next Gen Engagement Program Batch III

វេទិកាឌីជីថលមួយឈ្មោះថា «PassKru» ដែល​រួម​គ្នា​បង្កើត​ដោយ​និស្សិតឆ្នាំទី៣មួយ​ក្រុម នៃបណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថលកម្ពុជា (CADT) ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាត និងការលំបាកក្នុងការស្វែងរកឯកសារត្រៀមប្រឡងគ្រូបង្រៀន បានឈ្នះជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែង Next Gen Engagement Program Batch III កាលពីពេលថ្មីៗនេះ។

គម្រោង PassKru កើតចេញពីការសហការគ្នារបស់និស្សិតឆ្នើមចំនួន ៦ រូប រួមមាន៖ យុវជន យុន អ៉ីឈាន, រតន៍ សុរាយុធ, សូ ច័ន្ទណុលលី, រិន ឡាយហៀង, យឿង សីហា និង លី ហ៊ីម។ ពួកគេសុទ្ធសឹងជានិស្សិតកំពុង​សិក្សាលើជំនាញផ្នែកបច្ចេកវិទ្យា រួមមាន វិទ្យាសាស្ត្រទិន្នន័យ (Data Science), វិស្វកម្មសូហ្វវែរ (Software Engineering), ទូរគមនាគមន៍ និងបណ្តាញ (Telecommunication and Networking) និងធុរកិច្ចឌីជីថល (Digital Business)។

យុវជន យុន អ៉ីឈាន និស្សិតឆ្នាំទី៣ ផ្នែកវិទ្យាសាស្រ្តទិន្នន័យ និងជាតំណាងក្រុម បានថ្លែងប្រាប់ AMS ថា គំនិតផ្ដួចផ្ដើមបង្កើត PassKru នេះឡើង គឺដោយសារក្រុមសង្កេតឃើញថា ចំនួនបេក្ខជនដាក់ពាក្យប្រឡងគ្រូបង្រៀនមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ប៉ុន្តែបេក្ខជនភាគច្រើនតែងតែជួបប្រទះការលំបាកក្នុងការស្វែងរកប្រភពឯកសារសម្រាប់ត្រៀមខ្លួន។ អ៉ីឈាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងចង់ជួយអ្នកប្រឡងគ្រូទាំងអស់ឱ្យពួកគាត់ត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រឡងនាពេលខាងមុខ» ដោយរំពឹងថា វេទិកានេះនឹងជួយឱ្យអ្នកដែលមានបំណងចង់ក្លាយជាគ្រូបង្រៀន អាចទទួលបានលទ្ធផលល្អ។

សម្រាប់ការបង្កើតវេទិកាឌីជីថល PassKru នេះឡើង យុន អ៉ីឈាន និយាយថា ក្រុមខ្លួនបានចំណាយពេល ៥ សប្ដាហ៍ ក្នុងការរៀបចំគម្រោងនេះ។ ទោះបីជាជួបប្រទះបញ្ហាប្រឈមជាច្រើនមុនពេលធ្វើបទបង្ហាញក្ដី ក៏សមាជិកទាំងអស់បានរួមសាមគ្គី ដោះស្រាយបញ្ហាតាមជំនាញនីមួយៗបានទាន់ពេលវេលា និងធ្វើបទបង្ហាញប្រកបដោយជោគជ័យ រហូតដណ្ដើមបានពានរង្វាន់លេខ១ ដែលជាលទ្ធផលលើសពីការរំពឹងទុក។

ទោះយ៉ាងណាបច្ចុប្បន្ន PassKru នៅមិនទាន់មានលក្ខណៈល្អពេញលេញនៅឡើយទេ ហើយទិសដៅទៅមុខ ក្រុមការងារ PassKru គ្រោងនឹងទាក់ទងអ្នកជំនាញផ្នែកអប់រំ ដើម្បីជួយផ្ទៀងផ្ទាត់ និងត្រួតពិនិត្យលើប្រភពឯកសារ ពិសេសឯកសារផ្លូវការពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីធានាបាននូវភាពសុក្រឹត និងត្រឹមត្រូវកម្រិតខ្ពស់។

ទន្ទឹមនឹងការត្រៀមចូលរួមការប្រកួតប្រជែងដទៃទៀតដើម្បីពង្រីកសក្ដានុពលគម្រោង តំណាងក្រុមរូបនេះក៏បានបង្ហាញបំណងស្វែងរកដៃគូសហការ និងស្ថាប័នវិនិយោគ ដើម្បីជំរុញឱ្យ Platform នេះមានការរីកចម្រើន និងអាចបម្រើផលប្រយោជន៍ដល់អ្នកប្រើប្រាស់ទូទាំងប្រទេស។

ជាចុងក្រោយ យុវជន យុន អ៉ីឈាន ក៏បានផ្ញើសារលើកទឹកចិត្តដល់សិស្ស និស្សិតដែលមានចំណង់ចំណូលចិត្តលើវិស័យបច្ចេកវិទ្យា ឱ្យហ៊ានបញ្ចេញសមត្ថភាពចូលរួមក្នុងការប្រកួតប្រជែងនានា ដោយកុំមានការភ័យខ្លាច តែត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា