គំនិតច្នៃប្រឌិតថ្មី ៖ គ្រូគណិតវិទ្យានៅវិទ្យាល័យព្រែកលៀប ប្រើប្រាស់ AI បង្កើតបទចម្រៀងពន្យល់លំហាត់ ដើម្បីទាក់ទាញសិស្សឱ្យរៀនលែងធុញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គំនិតច្នៃប្រឌិតថ្មី ៖ គ្រូគណិតវិទ្យានៅវិទ្យាល័យព្រែកលៀប ប្រើប្រាស់ AI បង្កើតបទចម្រៀងពន្យល់លំហាត់ ដើម្បីទាក់ទាញសិស្សឱ្យរៀនលែងធុញ

គំនិតច្នៃប្រឌិតថ្មី ៖ គ្រូគណិតវិទ្យានៅវិទ្យាល័យព្រែកលៀប ប្រើប្រាស់ AI បង្កើតបទចម្រៀងពន្យល់លំហាត់ ដើម្បីទាក់ទាញសិស្សឱ្យរៀនលែងធុញ

ការផ្លាស់ប្តូរទម្លាប់នៃការប្រើប្រាស់បណ្តាញសង្គមរបស់យុវជនឱ្យទៅជាប្រយោជន៍ដល់ការសិក្សា កំពុងក្លាយជាបេសកកម្មមួយទៀតរបស់លោកគ្រូ ហេង ជានិច ដែលជាគ្រូបង្រៀនគណិតវិទ្យាថ្នាក់ទី៨ នៃវិទ្យាល័យព្រែកលៀប។ លោកគ្រូបានបង្កើតវិធីសាស្ត្របង្រៀនដ៏ទាក់ទាញមួយ ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ប្រែក្លាយរូបមន្តលំហាត់គណិតវិទ្យាឱ្យទៅជាបទចម្រៀងពន្យល់ខ្លីៗ ដែលធ្វើឱ្យសិស្សានុសិស្សងាយយល់ និងងាយចងចាំ។

Advertisement

លោកគ្រូ ហេង ជានិច បានរៀបរាប់ថា លោកបានចាប់ផ្តើមផលិតមាតិកាអប់រំបែបកម្សាន្តនេះឡើងនៅដើមឆ្នាំ២០២៦។ គោលបំណងធំនៃការបង្កើតវីដេអូពន្យល់លំហាត់ខ្លីៗទាំងនេះ គឺដើម្បីផ្សព្វផ្សាយនៅលើបណ្តាញសង្គម ក្នុងបំណងទាក់ទាញចំណាប់អារម្មណ៍សិស្សឱ្យងាកមកចូលចិត្ត និងចង់ស្វែងយល់ពីមុខវិជ្ជាគណិតវិទ្យាកាន់តែខ្លាំងជាងមុន។

នៅក្នុងដំណើរការផលិត លោកគ្រូបានប្រើប្រាស់បច្ចេកវិទ្យា AI មកជួយរៀបចំទំនុកច្រៀង និងបង្កើតជាសំឡេងច្រៀង ដោយមានការកែសម្រួលអត្ថន័យខ្លឹមសារយ៉ាងលម្អិតពីលោកគ្រូផ្ទាល់ ដើម្បីធានាថាខ្លឹមសារគណិតវិទ្យានោះត្រឹមត្រូវ និងសមស្របទៅនឹងលំហាត់។

លោកគ្រូ ហេង ជានិច មានប្រសាសន៍ថា “ការរៀបចំបង្រៀនសិស្សជាវីដេអូបែបនេះ គឺជួយឱ្យសិស្សមានការចងចាំងាយស្រួលជាងមុន នៅពេលពួកគេបានឮសំឡេងទាក់ទាញ ឬសំឡេងដែលសមស្របគ្នាទៅនឹងលំហាត់។ ជាងនេះទៅទៀត វីដេអូទាំងនេះត្រូវបានយកទៅប្រើប្រាស់ក្នុងវិធីសាស្ត្របង្រៀនបែបត្រឡប់ (Flipped Classroom) ដែលអនុញ្ញាតឱ្យសិស្សអាចស្វ័យសិក្សាដោយខ្លួនឯងនៅផ្ទះមុនចូលរៀន”។

គួរជម្រាបផងដែរថា វីដេអូបង្រៀនគណិតវិទ្យាបែបកម្សាន្តរបស់លោកគ្រូ ហេង ជានិច ត្រូវបានផលិតឡើងសម្រាប់សិស្សានុសិស្សទូទៅ ចាប់ពីកម្រិតបឋមសិក្សារហូតដល់ថ្នាក់ទី១២ ដោយសិស្សានុសិស្ស ក៏​ដូចជា​សាធារណជនអាចស្វែងរកទស្សនាបាននៅលើបណ្តាញសង្គមផ្លូវការចំនួន ៣ រួមមាន ៖ Math-Learner, heng Cheanich Academy និង Learn With Hengcheanich។

ជាចុងក្រោយ លោកគ្រូ ហេង ជានិច ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្សដែលប្រើប្រាស់បណ្ដាញសង្គម គួរគាំទ្រ និងតាមដានទៅលើផេកផ្លូវការណាដែលចែករំលែកចំណេះដឹងឱ្យបានច្រើនជាងប្រភេទការកម្សាន្តដែលនាំឱ្យខ្ជះខ្ជាយពេលវេលាច្រើន។ លើសពីនេះ គួរប្រើប្រាស់បណ្ដាញសង្គម ដើម្បីជួយគាំទ្រដល់ការសិក្សារៀនសូត្ររបស់ខ្លួន៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា