ស្វា​ប្រភេទ​ថ្មី​ដ៏​កម្រ​មួយ​មាន​បបូរមាត់​ពណ៌​ទឹកក្រូច​ ​ទើប​ត្រូវ​រកឃើញ​នៅ​ប្រទេស​កុងហ្គោ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ស្វា​ប្រភេទ​ថ្មី​ដ៏​កម្រ​មួយ​មាន​បបូរមាត់​ពណ៌​ទឹកក្រូច​ ​ទើប​ត្រូវ​រកឃើញ​នៅ​ប្រទេស​កុងហ្គោ​

ស្វា​ប្រភេទ​ថ្មី​ដ៏​កម្រ​មួយ​មាន​បបូរមាត់​ពណ៌​ទឹកក្រូច​ ​ទើប​ត្រូវ​រកឃើញ​នៅ​ប្រទេស​កុងហ្គោ​

​យោង​តាម​ប្រភព​ពី​ ​CNN​ ​Science​ ​បាន​ឱ្យដឹង​ថា​ ​អ្នកវិទ្យាសាស្ត្រ​ទើប​រកឃើញ​ស្វា​ប្រភេទ​ថ្មី​មួយ​ដែល​មាន​លក្ខណៈ​ពិសេស​គឺ​ បបូរមាត់​ពណ៌​ទឹកក្រូច​ និង​មាន​សំឡេង​ស្រែក​គ្រហឹម​ខ្លាំង​របស់​វា​នៅក្នុង​ប្រទេស​កុងហ្គោ​។​

Advertisement

​ស្វា​ប្រភេទ​នេះ​មាន​ឈ្មោះ​វិទ្យាសាស្ត្រ​ថា​ ​Colobus​ ​congoensis​ ​ប៉ុន្តែ​អ្នកស្រុក​ហៅ​ថា​ ​វា​ ​Likweli​។ ​នេះ​គឺជា​ស្វា​ប្រភេទ​ថ្មី​ទី​ប្រាំ​ប៉ុណ្ណោះ​ ​ដែល​ត្រូវបាន​រកឃើញ​នៅ​តំបន់​អាហ្វ្រិក​ក្នុង​រយៈពេល​ ​៧៥​ ​ឆ្នាំ​ចុងក្រោយ​នេះ​។​ ក្រុម​អ្នកស្រាវជ្រាវ​មកពី​សាកលវិទ្យាល័យ​ ​Florida​ ​Atlantic​ ​(​FAU​) ​និង​សាកលវិទ្យាល័យ​ ​City​ ​University​ ​of​ ​New​ ​York​ ​(​CUNY​) ​ពិពណ៌នា​ថា​ ​ស្វា​នេះ​មាន​ទម្ងន់​ប្រហែល​ ​៦.៨​ ​គីឡូក្រាម​ មាន​រោម​ពណ៌​ខ្មៅ​រលោង​ក្រាស់​វែង​ កន្ទុយ​វែង​បោស​ដី​ ​និង​កំណត់​សម្គាល់​ពណ៌​ទឹកក្រូច​លើ​ផ្ទៃ​មុខ​វា​។​

​លើស​ពី​នេះ​ វា​មាន​ទម្រង់​លលាដ៍​ក្បាល​ ធ្មេញ​ ​និង​គ្រោងឆ្អឹង​ខុសប្លែក​ពី​ស្វា​អំបូរ​ ​Colobus​ ​អាហ្វ្រិក​ដទៃ​ទៀត​ទាំងអស់​។ ​តាមរយៈ​ភស្តុតាង​ហ្សែន​បង្ហាញ​ថា​ ​ស្វា​ប្រភេទ​ថ្មី​នេះ​បាន​បំបែក​អំបូរ​ចេញ​ពី​សាច់ញាតិ​ជិតស្និទ្ធ​បំផុត​របស់​វា​កាលពី​ ​៤​ ​ទៅ​ ​៥​ លាន​ឆ្នាំ​មុន​។​

​ដំណើរការ​សិក្សា​ស្វែងរក​ការ​ពិត​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​ ​២០០៨​ ​មក​ម្ល៉េះ​ ​នៅ​ពេល​ដែល​អ្នកស្រាវជ្រាវ​ថត​បាន​រូបភាព​ស្វា​ចម្លែក​នេះ​ជា​លើក​ដំបូង​។ ​បើ​គិត​ចាប់ពី​ឆ្នាំ​ ​២០១៨​ ​ដល់​ ​២០២២​ ក្រុមការងារ​បាន​ប្រទះឃើញ​វា​ចំនួន​ ​១១៤​ ​លើក​មក​ហើយ​ ​និង​ចំណាយ​ពេលវិភាគ​យ៉ាង​លម្អិត​ទៅ​លើ​សំណាក​ក្នុង​សារមន្ទីរ ​គ្រោង​ឆ្អឹង​ ពន្ធុវិទ្យា​ ​ព្រមទាំង​រួមបញ្ចូល​ជាមួយ​ចំណេះដឹង​ផ្នែក​អេកូឡូស៊ី​ពី​ប្រជាជន​ក្នុង​តំបន់​ ​ដើម្បី​បញ្ជាក់​ឱ្យ​ប្រាកដ​ថា​ ​វា​ពិតជា​ស្វា​ប្រភេទ​ថ្មី​ដែល​មិន​ធ្លាប់​កត់ត្រា​ពីមុន​មក​ពិតប្រាកដ​មែន​។​

​អ្នកជំនាញ​ខាង​សិក្សា​ពី​អំបូរ​សត្វ​ស្វា ​លើកឡើង​ថា​ ​ការ​រកឃើញ​នេះ​ពិតជា​កម្រ​ណាស់​ ​ព្រោះ​មាន​តែ​ ​៨​ ​ភូមិ​ប៉ុណ្ណោះ​ក្នុង​ចំណោម​ ​៥២​ ​ភូមិ​នៅក្នុង​តំបន់​នោះ​ដែល​ស្គាល់​ ​និង​អាច​ពណ៌នា​ពី​សត្វ​ស្វា​នេះ​បាន​។ ​មូលហេតុ​ដែល​អ្នកស្រាវជ្រាវ​ចំណាយ​ពេល​រាប់​ឆ្នាំ​ទើប​អាច​កត់ត្រា​ជា​វិទ្យាសាស្ត្រ​បាន​ ​គឺ​ដោយសារតែ​ព្រៃ​ទឹកភ្លៀង​កុងហ្គោ​មាន​ទំហំ​ធំធេង​ពេក ​ហើយ​តំបន់​ភាគ​ច្រើន​មិន​ទាន់​ត្រូវបាន​ចូលទៅ​រុករក​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​ ​ក្រុម​អ្នកស្រាវជ្រាវ​ស្នើ​ឱ្យ​ចាត់​ថ្នាក់​ស្វា ​Likweli​ ​នេះ​ ​ចូល​ជា​ប្រភេទ​សត្វ​កំពុង​រង​ការ​គំរាមកំហែង​ឈាន​ទៅរក​ការ​ដាច់​ពូជ​ ​ដោយសារ​ទី​ជម្រក​របស់​វា​តូច​ក្នុង​រង្វង់​ផ្ទៃដី​ប្រមាណ​ ​១.៧០០​ ​គីឡូម៉ែត្រ​ការ៉េ​ប៉ុណ្ណោះ​ ​ភាគ​ច្រើន​នៅក្នុង​ឧទ្យាន​ជាតិ​ ​Lomami​។ ​សម្រាប់​សត្វ​ព្រៃ​ ​ទំហំ​ផ្ទៃដី​នេះ​ចាត់ទុក​ថា​ជា​ ​ទី​ជម្រក​ដ៏​តូច​ចង្អៀត​បំផុត​ ​ដែល​ធ្វើឱ្យ​ពួកវា​ប្រឈមមុខ​នឹង​ហានិភ័យ​ខ្ពស់​ដូចជា​ ​ការ​ប្រមាញ់​ ​និង​ការ​បាត់បង់​ជម្រក​៕

ប្រែសម្រួល ៖ យឿន ពុធធីតា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា