សាលានៅកម្ពុជាបង្រៀនកុមារពីតំបន់គំនរសំរាម ឈ្នះពានសាលាឈានមុខគេលើពិភពលោកផ្នែក STEM | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សាលានៅកម្ពុជាបង្រៀនកុមារពីតំបន់គំនរសំរាម ឈ្នះពានសាលាឈានមុខគេលើពិភពលោកផ្នែក STEM

សាលានៅកម្ពុជាបង្រៀនកុមារពីតំបន់គំនរសំរាម ឈ្នះពានសាលាឈានមុខគេលើពិភពលោកផ្នែក STEM

សាលា Neeson Cripps Academy របស់អង្គការមូលនិធិកុមារកម្ពុជាដែលផ្តល់ការអប់រំដល់កុមារក្រីក្រនៅតំបន់អតីតគំនរសំរាមក្នុងរាជធានីភ្នំពេញ បានឈ្នះពានរង្វាន់សាលាឈានមុខគេលើពិភពលោកផ្នែក STEM ក្នុងកម្មវិធី Global Schools Prize ឆ្នាំ២០២៦។ នេះបើយោងតាមការប្រកាសរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែឧសភា។

Advertisement

ក្រសួងអប់រំបានឱ្យ​ដឹងថា សាលា Neeson Cripps Academy គឺជាសាលាតែមួយគត់ពីតំបន់អាស៊ីអាគ្នេយ៍ ដែលជាប់ក្នុងចំណោមសាលាល្អបំផុតទាំង១០លើពិភពលោក ដោយត្រូវបានជ្រើសរើសពីពាក្យស្នើសុំប្រមាណ ៣,០០០ មកពី ១១៣ ប្រទេស។

ពិធីអបអរសាទរពានរង្វាន់នេះ ត្រូវបានធ្វើឡើងក្នុងវេទិកាអប់រំពិភពលោក (Education World Forum) នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ដោយ​ក៏​មានវត្តមានរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។

លោក ស្កុត នីសិន ស្ថាបនិក និងនាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា បានលើកឡើងថា ការទទួលស្គាល់នេះ ជាលទ្ធផល នៃកិច្ចខិតខំរួមរបស់គ្រូបង្រៀន បុគ្គលិក និងអ្នកគាំទ្រទាំងអស់។
លោកបាន​បញ្ជាក់ថា ការទទួលបានការទទួលស្គាល់ថា ជាសាលាល្អបំផុតមួយលើពិភពលោក និងល្អបំផុតផ្នែក STEM គឺជាកិត្តិយសដ៏ធំមួយសម្រាប់សាលា និងសហគមន៍។

សូមជម្រាបថា សាលា Neeson Cripps Academy ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ ក្រោមការគាំទ្ររបស់អង្គការមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់ការអប់រំដល់កុមារដែលរស់នៅពឹងផ្អែកលើការរើសសំរាមនៅតំបន់ស្ទឹងមានជ័យ។

សាលានេះមានទីតាំងស្ថិតនៅជិតអតីតទីលានចាក់សំរាមស្ទឹងមានជ័យ ប្រមាណ ៣០០ ម៉ែត្រ ដែលជាតំបន់ធ្លាប់មានប្រជាពលរដ្ឋរស់នៅក្នុងភាពក្រីក្រខ្លាំង ហើយសិស្សជំនាន់ដំបូងជាច្រើនធ្លាប់ប្រកបរបររើសសំរាមដើម្បីជួយគ្រួសារ។

បច្ចុប្បន្ន សាលាមានសិស្សសិក្សាប្រមាណ ៥០០ នាក់ និងអនុវត្តកម្មវិធីសិក្សាផ្អែកលើ STEM និង STEAM ដោយបំពាក់បន្ទប់ពិសោធន៍ទំនើប បច្ចេកវិទ្យាឌីជីថល និងកម្មវិធីអនុវត្តវិទ្យាសាស្ត្រជាក់ស្តែង។

សាលាបានរាយការណ៍ថា អត្រាប្រឡងជាប់ថ្នាក់ទី១២របស់សិស្សមានរហូតដល់ ៩៩ភាគរយ ខណៈ ៣៩ភាគរយនៃសិស្សបញ្ចប់ការសិក្សាបន្តទៅមហាវិទ្យាល័យផ្នែក STEM។

ទោះបីកម្ពុជានៅតែមានអត្រាស្ត្រីចូលរួមក្នុងវិស័យ STEM ទាបបើប្រៀបធៀបនឹងប្រទេសក្នុងតំបន់ក៏ដោយ សាលាបានអះអាងថា ខ្លួនកំពុងខិតខំលើកទឹកចិត្តក្មេងស្រីឱ្យ​ចូលរួមក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកាន់តែច្រើន។

សូមបញ្ជាក់ថា ពានរង្វាន់ Global Schools Prize នឹងត្រូវបានចាត់ទុកថាជាពានរង្វាន់អន្តរជាតិដ៏ធំបំផុតមួយក្នុងវិស័យអប់រំ ដែលផ្តល់ការទទួលស្គាល់ដល់សាលារៀនដែលបង្ហាញពីសមិទ្ធផល និងឥទ្ធិពលវិជ្ជមានលើសិស្ស ដោយមិនគិតពីស្ថានភាពសង្គម និងសេដ្ឋកិច្ច៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា