យុវតី​ជនជាតិ​ចិន​មក​ពី​គ្រួសារ​ក្រីក្រ​ម្នាក់​ ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ ក្រោយ​ប្រឡង​ជាប់​ ​Gaokao​ ​ក្នុង​ពិន្ទុ​ខ្ពស់​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
យុវតី​ជនជាតិ​ចិន​មក​ពី​គ្រួសារ​ក្រីក្រ​ម្នាក់​ ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ ក្រោយ​ប្រឡង​ជាប់​ ​Gaokao​ ​ក្នុង​ពិន្ទុ​ខ្ពស់​

យុវតី​ជនជាតិ​ចិន​មក​ពី​គ្រួសារ​ក្រីក្រ​ម្នាក់​ ទទួលបាន​អាហារូបករណ៍​ពី​សាកលវិទ្យាល័យ​ល្បី​ៗ​ ក្រោយ​ប្រឡង​ជាប់​ ​Gaokao​ ​ក្នុង​ពិន្ទុ​ខ្ពស់​

​យុវតី​ជនជាតិ​ចិន​អាយុ​ ​១៨​ ​ឆ្នាំ​ម្នាក់​ មក​ពី​គ្រួសារ​កសិករ​ក្រីក្រ​នៅ​ខេត្ត​ហឺណាន ​បាន​ក្លាយជា​ចំណាប់អារម្មណ៍​ទូទាំង​ប្រទេស​ បន្ទាប់ពី​ទទួលបាន​ ​៦៩៩​ ​ពិន្ទុ​ ​ក្នុង​ចំណោម​ ​៧៥០​ ​ពិន្ទុ ​នៅក្នុង​ការ​ប្រឡង​កៅ​ខោវ ​(​Gaokao​) ​ឆ្នាំ​២០២៦​ ​ដែល​ជួយ​ឱ្យ​នាង​ទទួលបាន​ការ​ផ្តល់​ជូន​អាហារូបករណ៍​ពេញលេញ​ពី​សាកលវិទ្យាល័យ​កំពូល​ពីរ​របស់​ចិន ​គឺ​ ​សាកលវិទ្យាល័យ​ ​Tsinghua​ ​និង​ ​សាកលវិទ្យាល័យ​ ​Peking​។​

Advertisement

​យោង​តាម​សារព័ត៌មាន​ ​VN​ ​Express​ ​យុវតី ​ហាន ​យ៉ា​ពីង ​(​Han​ ​Yaping​) ​បាន​ធំធាត់​ក្នុង​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​។​ ម្តាយ​របស់​នាង​បាន​ទទួល​រង​ជំងឺ​រលាក​សន្លាក់​ឆ្អឹង​ខ្នង​អស់​រយៈពេល​ជាង​ ​១០​ឆ្នាំ​ ​ខណៈ​ឪពុក​ប្រកបរបរ​កសិកម្ម​ ​និង​ធ្វើ​ការ​សំណង់​ ​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​ និង​ឱ្យ​កូនស្រី​ទាំង​ពីរ​បាន​បន្ត​ការ​សិក្សា​។​

​នៅក្នុង​ស្ថានភាព​លំបាក​នេះ​ ហាន ​យ៉ា​ពីង ​មិន​ដែល​ចូលរៀន​ថ្នាក់​បំប៉ន ​ឬ​ថ្នាក់​បន្ថែម​ដូច​សិស្ស​ភាគ​ច្រើន​នៅ​ចិន​ឡើយ​។ ​នាង​សិក្សា​ដោយ​ខ្លួនឯង​ តាមរយៈ​ការ​ខ្ចី​ឯកសារ​ពី​មិត្តភក្តិ ​និង​កត់ត្រា​លំហាត់​ដែល​មិន​ទាន់​យល់​។ ​នាង​ក៏​មិន​មាន​ស្មាតហ្វូន​ប្រើប្រាស់​ដែរ ​ខណៈ​ប្រាក់​ចាយ​ប្រចាំ​សប្តាហ៍​ដែល​ឪពុក​ផ្តល់ឱ្យ​ ​ភាគ​ច្រើន​ត្រូវបាន​នាង​សន្សំ​ទុក​ ​ដើម្បី​ជួយ​ទិញ​ថ្នាំ​ព្យាបាល​ម្តាយ​។​

​ក្រោយ​ប្រកាស​លទ្ធផល​ប្រឡង ​សាកលវិទ្យាល័យ​ ​Tsinghua​ ​និង​ ​Peking​ ​បាន​ទាក់ទង​នាង​ និង​ផ្តល់​អាហារូបករណ៍​ពេញលេញ​ ​ព្រមទាំង​ការ​គាំទ្រ​ចំណាយ​សម្រាប់​ការ​រស់នៅ​។ ​ហាន ​យ៉ា​ពីង ​មាន​គម្រោង​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ ​ហើយ​បន្ត​ធ្វើការ​ក្រៅ​ម៉ោង​ ​ដើម្បី​ជួយ​ទ្រទ្រង់​គ្រួសារ​។

​ក្នុង​បទសម្ភាសន៍​មួយ​ នាង​បាន​និយាយ​ថា​ ​«​ប្រសិនបើ​អ្នក​មិន​លំបាក​ក្នុង​ការ​សិក្សា​ទេ ​អ្នក​នឹង​ជួប​ការ​លំបាក​ក្នុង​ជីវិត​» ​ដែល​ជា​សារ​លើកទឹកចិត្ត​ដល់​សិស្ស​ដទៃ​ឱ្យ​ខិតខំ​ប្រឹងប្រែង​សម្រេច​គោលដៅ​របស់​ខ្លួន​។​

​យោង​តាម​ក្រសួង​អប់រំ​ចិន​ ​សិស្ស​ប្រមាណ​ ​១២,៩​ ​លាន​នាក់​ ​បាន​ចុះឈ្មោះ​ប្រឡង​ ​Gaokao​ ​ឆ្នាំ​២០២៦​។ ​ទោះ​ចំនួន​បេក្ខជន​បាន​ថយចុះ​បន្តិច​ពី​ឆ្នាំ​មុន​ក៏ដោយ​ ​ការ​ប្រឡង​នេះ​នៅតែ​ជា​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ដែល​មាន​បេក្ខជន​ចូលរួម​ច្រើន​ជាង​គេ​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​សូម​បញ្ជាក់​ថា​ ​Gaokao​ ​គឺជា​ការ​ប្រឡង​ចូល​សាកលវិទ្យាល័យ​ថ្នាក់​ជាតិ​របស់​ប្រទេស​ចិន​ ​ដែល​ត្រូវបាន​ចាត់ទុក​ថា​ជា​ចំណុច​សម្រេច​អនាគត​សិក្សា​របស់​សិស្ស​។ ​ជារៀងរាល់​ឆ្នាំ​ សិស្ស​រាប់​លាន​នាក់​ត្រូវ​ប្រឡង​ ​Gaokao​ ​ដើម្បី​មាន​ឱកាស​ចូលរៀន​នៅ​សាកលវិទ្យាល័យ​ ​ខណៈ​ស្ថាប័ន​ឧត្តម​សិក្សា​ល្បី​ៗ​ជ្រើសរើស​តែ​បេក្ខជន​ដែល​មាន​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ប៉ុណ្ណោះ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា