គម្រោង "មាតា-MEADA" ជួយស្រ្តីមានផ្ទៃពោះ ដោយប្រើ Chatbot ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គម្រោង "មាតា-MEADA" ជួយស្រ្តីមានផ្ទៃពោះ ដោយប្រើ Chatbot ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥

គម្រោង "មាតា-MEADA" ជួយស្រ្តីមានផ្ទៃពោះ ដោយប្រើ Chatbot ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥

គម្រោងអាជីវកម្មបែបឌីជីថល “មាតា-MEADA” ដែល​ត្រូវ​បង្កើត​ឡើង​ដោយក្រុមយុវជន​មានសមាជិក​៦រូប ក្នុងបំណងជួយដោះស្រាយបញ្ហាសុខភាព​ដល់ស្រ្តីមានផ្ទៃពោះ បានឈ្នះជ័យលាភីលេខ១ ក្នុងការប្រកួត​កម្មវិធីយុវជន២១ ឆ្នាំ២០២៥។

Advertisement

លោក ហ៊ាង លីហ័ង និស្សិតផ្នែកវេជ្ជបណ្ឌិត ឆ្នាំទី៥ នៃវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រុមរបស់ខ្លួនជ្រើសរើសបង្កើតគម្រោងអាជីវកម្មបែបឌីជីថល “មាតា-MEADA” ក្នុងទម្រង់ជាតេឡេក្រាមឆាតបត (Telegram Chatbot) មកប្រកួតក្នុងកម្មវិធីយុវជន២១ ព្រោះមើលឃើញថា ស្រ្តីមានផ្ទៃពោះនៅប្រទេសកម្ពុជាជាច្រើន កំពុងជួបបញ្ហាប្រឈមទៅលើសុខភាព។ ដូច្នេះ ទើបក្រុមចង់ប្រើប្រាស់ចំណេះជំនាញដែលមានស្រាប់ទៅជួយដោះស្រាយបញ្ហានេះ។

គម្រោងអាជីវកម្មបែបឌីជីថល “មាតា-MEADA” ជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីយុវជន២១ ឆ្នាំ២០២៥

លោក លីហ័ង បន្ថែមថា តាមរយៈការសិក្សាស្រាវជ្រាវ គេរកឃើញថា ស្រ្តី ៤២,២ភាគរយ បានខកខានក្នុង​ការណាត់ជួបពិនិត្យផ្ទៃពោះជាមួយគ្រូពេទ្យលើសពីមួយដង។ បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល ឆ្នាំ២០២៤ ទន្និន័យបង្ហាញថា មានស្រ្តីរហូតដល់ ១៥៤នាក់ ក្នុង ១រយពាន់កំណើតរស់ បានបាត់បង់ជីវិត ដែលនេះជាអត្រាមរណភាពមាតា។ លោក ហ៊ាង លីហ័ង សង្ឃឹមថា “មាតា-MEADA” នឹងផ្ដល់នូវដំណោះស្រាយជូនដល់ស្រ្តីមានផ្ទៃពោះ តាមរយៈមុខងាររំលឹកថ្ងៃពិនិត្យផ្ទៃពោះ ឬចាក់វ៉ាក់សាំងផ្សេងៗ​, កម្មវិធីប្រចាំថ្ងៃសម្រាប់ស្រ្តីមានផ្ទៃពោះ និងចំណេះដឹងផ្សេងៗទៀត ដើម្បីអាចធានាបាននូវសុខមាលភាពស្រ្តីក្នុងអំឡុងពេលមានផ្ទៃពោះ។

សម្រាប់ការជ្រើសរើសបង្កើតជាតេឡេក្រាមឆាតបត សម្រាប់កម្មវិធី លីហ័ង បកស្រាយថា ព្រោះតែក្រុមខ្លួន​យល់ឃើញថា មានភាពងាយស្រួល ពិសេសមិនតម្រូវឱ្យអ្នកប្រើប្រាស់ទាញយកកម្មវិធីអេប (App) ពោលគឺអាចប្រើប្រាស់នៅក្នុងតេឡេក្រាមផ្ទាល់តែម្ដង។ លីហ័ង បន្តថា ចាប់តាំងពីថ្ងៃប្រកួតរហូតមកដល់ពេលនេះ “មាតា-MEADA” បានចុះឈ្មោះអ្នក​ប្រើប្រាស់ជាង៥រយនាក់ហើយ។

«ខ្ញុំសង្ឃឹមថា “មាតា-MEADA” នឹងជួយដល់ស្រ្តីតាមរយៈមុខងាររំលឹកពីថ្ងៃកំណត់ត្រូវទៅពិនិត្យផ្ទៃពោះជាមួយគ្រូពេទ្យ»

ជាមួយគ្នានេះ លោក ហ៊ាង លីហ័ង ក៏បានបង្ហាញពី​អារម្មណ៍សប្បាយចិត្ត ដែលក្រុម​ទទួលបានលទ្ធផលមួយនេះ និងស័ក្តសមជាមួយការខិតខំប្រឹងប្រែង។ លីហ័ង ក៏​បាន​ឱ្យ​ដឹងដែរថា ការចូលរួមក្នុងកម្មវិធីយុវជន២១ ក្រុមខ្លួនបានជួបការលំបាកជាច្រើន​ដែរ ដោយសារសមាជិកក្រុមភាគច្រើនជានិស្សិតពេទ្យ ប៉ុន្តែការយល់ដឹងអំពីបច្ចេកវិទ្យា ក៏ដូចជាអាជីវកម្មនៅមានកម្រិត ដែលទាមទារពេលវេលាច្រើនដើម្បីយល់ដឹងបន្ថែម ទើបអាចសម្របខ្លួនបាន។ លើសពីនេះ សមាជិកក្រុម រៀនជំនាញឯកទេសផ្សេងគ្នា មិនធ្លាប់ស្គាល់គ្នាពីមុនមក ដែលមានការលំបាកខ្លះក្នុងការធ្វើការងារជាក្រុម។ ប៉ុន្តែដោយកម្មវិធីយុវជន២១ បានផ្ដល់ជាវគ្គបណ្ដុះបណ្ដាល ដើម្បីបេក្ខជនប្រកួតអាចអភិវឌ្ឍខ្លួន បណ្ដុះសមត្ថភាព និងជំនាញទន់ ទើបអាចឱ្យធ្វើការងារជាក្រុមជាមួយគ្នាបានដោយរលូនប្រកបដោយប្រសិទ្ធភាព។

និស្សិតផ្នែកវេជ្ជបណ្ឌិត ឆ្នាំទី៥ រូបនេះ រំពឹងថា “មាតា-MEADA” នឹងអាចផ្ដល់ភាពងាយស្រួលដល់ស្រ្តីមានផ្ទៃពោះ ស្វែងយល់ពីរបៀបថែរក្សាសុខភាពឱ្យបានត្រឹមត្រូវ។ លីហ័ង ធានាថា “មាតា-MEADA” ជាទម្រង់កម្មវិធីឌីជីថលមួយដែលអាចទុកចិត្តបាន ព្រោះសមាជិកក្រុមសុទ្ធតែជាវេជ្ជបណ្ឌិតជំនាញ ខាងឱសថការី ខាងឆ្មប និងគិលានុបដ្ឋាក រួមគ្នារៀបចំ និងផ្ទៀងផ្ទាត់ជាមួយសៀវភៅរបស់គណៈកម្មការផ្សេងៗដូចជា ក្រសួងសុខាភិបាល អង្គការសុខភាពពិភពលោក ដើម្បីធានាព័ត៌មានទាំងអស់ពិតប្រាកដ អាចទុកចិត្តបាន និងធានាសុវត្ថិភាព៕

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ | Ms. Van Kimsal

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ  ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា