កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យអាកាសធាតុបង្កដោយបាតុភូត El Niño | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យអាកាសធាតុបង្កដោយបាតុភូត El Niño

កុមារប្រមាណ ១,៣ លាននាក់នៅកម្ពុជា ប្រឈមនឹងហានិភ័យអាកាសធាតុបង្កដោយបាតុភូត El Niño

អង្គការយូនីសេហ្វប្រចាំនៅកម្ពុជាបានព្រមានថា កុមារកម្ពុជាប្រមាណ ១,៣លាននាក់ អាចប្រឈមនឹងផលប៉ះពាល់ពីបាតុភូត El Niño (អែលនីញ៉ូ) ដែលត្រូវបានព្យាករណ៍ថា អាចបង្កឱ្យមានការប្រែប្រួលអាកាសធាតុធ្ងន់ធ្ងរ នៅរដូវប្រាំងខាងមុខនេះ។

តាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម រដូវវស្សា​ប្រចាំឆ្នាំ២០២៦ នឹងបញ្ចប់ត្រឹមសប្តាហ៍ទី៣ នៃខែតុលា ហើយ​បាតុភូត El Niño នឹងស្ថិត​នៅក្នុងកម្រិត ១០០% រហូត​ដល់ខែកុម្ភៈ ឆ្នាំ២០២៧។

El Niño គឺជាបាតុភូតអាកាសធាតុធម្មជាតិមួយដែលកើតឡើងដោយសារសីតុណ្ហភាពផ្ទៃសមុទ្រប៉ាស៊ីហ្វិកកើនឡើងក្តៅជាងធម្មតា។ បាតុភូតនេះបង្កឱ្យមានការប្រែប្រួលរបបទឹកភ្លៀង និងសីតុណ្ហភាពនៅទូទាំងពិភពលោក ដែលបណ្តាលឱ្យតំបន់ខ្លះជួបវិបត្តិគ្រោះរាំងស្ងួត និងការកើនឡើងកម្ដៅខ្លាំង ខណៈតំបន់ខ្លះទៀតជួបប្រទះការធ្លាក់ភ្លៀងគំហុក និងគ្រោះទឹកជំនន់។

ការប្រែប្រួលអាកាសធាតុដ៏ធ្ងន់ធ្ងរទាំងនេះ អាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពទឹក ស្បៀងអាហារ ជីវភាពរស់នៅ និងសេវាចាំបាច់នានាដែលកុមារត្រូវការពឹងផ្អែកជាប្រចាំ។

យោងតាមការប៉ាន់ប្រមាណ កុមារជាង ៣៤៧លាននាក់ នៅក្នុងប្រទេសជិត ១០០ជុំវិញពិភពលោក អាចប្រឈមនឹងស្ថានភាពអាកាសធាតុស្ងួត ឬសើមខុសពីធម្មតា ក្នុងនោះ កុមារកម្ពុជាប្រមាណ ១,៣លាននាក់ ក៏ស្ថិតក្នុងចំណោមកុមារដែលអាចរងផលប៉ះពាល់ផងដែរ។

ក្រៅពីនេះ សាលារៀនចំនួន ៣ ៨៧២ខ្នង និងមណ្ឌលសុខភាពចំនួន ៤០១កន្លែង នៅកម្ពុជា ក៏កំពុងស្ថិតក្នុងហានិភ័យពីគ្រោះធម្មជាតិ រួមមាន គ្រោះរាំងស្ងួតធ្ងន់ធ្ងរ ទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត។ ចំនួននេះស្មើនឹងប្រមាណមួយភាគបីនៃសាលារៀន និងមណ្ឌលសុខភាពទាំងអស់នៅទូទាំងប្រទេស។

យ៉ាងណាក៏ដោយ សម្រាប់ក្រសួងធនធានទឹក និងឧតុនិយម ចំពោះបាតុភូត El Niño នៅរដូវប្រាំងដែលនឹងមក​ដល់នៅខែវិច្ឆិកាខាងមុខនេះ ក្រសួងអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ចូលរួម​ក្នុងការ​ប្រើប្រាស់​ទឹកដោយ​សន្សំសំចៃ និង​ចូលរួមថែរក្សា​ប្រភពទឹក​ទុក​សម្រាប់​រដូវប្រាំង​ដោយ​ស្មារតី​ទទួលខុសត្រូវ និង​ប្រុងប្រយ័ត្ន​ខ្ពស់៕

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា | Mr. Sek Sathya

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា