ADB ៖ ប្រទេសអាស៊ាន៤ កំពុងប្រឈមគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ៖ ប្រទេសអាស៊ាន៤ កំពុងប្រឈមគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

ADB ៖ ប្រទេសអាស៊ាន៤ កំពុងប្រឈមគម្លាតជំនាញក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា វិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) នៅឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម កំពុងប្រឈមនឹងគម្លាតជំនាញកម្លាំងពលកម្ម ខណៈវិស័យនេះកំពុងវិវត្តយ៉ាងឆាប់រហ័សតាមការរីកចម្រើននៃបច្ចេកវិទ្យា។

របាយការណ៍មានចំណងជើង «Bridging the Divide: An ASEAN Fintech Skills Framework for Indonesia, the Philippines, Singapore, and Viet Nam» ដែលរៀបចំដោយ ADB សហការជាមួយ Global Fintech Institute (GFI) ក្នុងឆ្នាំ២០២៦ ប៉ាន់ប្រមាណថា ប្រទេសទាំង៤ មានគម្លាតជំនាញបច្ចេកទេសប្រមាណ ៤៨% និងគម្លាតជំនាញទន់ប្រមាណ ៤៦%។

តាមរបាយការណ៍ ចំណេះដឹងមូលដ្ឋានអំពីសេវាហិរញ្ញវត្ថុ គឺជាជំនាញដែលវិស័យឧស្សាហកម្មត្រូវការខ្ពស់បំផុតនៅក្នុងប្រទេសទាំង៤។ នេះបង្ហាញពីសារៈសំខាន់នៃការរួមបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុជាមួយជំនាញបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការកម្លាំងពលកម្មក្នុងវិស័យ Fintech។

លោក David LEE Kuo Chuen សាស្ត្រាចារ្យផ្នែកបច្ចេកវិទ្យាហិរញ្ញវត្ថុ និង Blockchain នៅសាកលវិទ្យាល័យសង្គមវិទ្យាសិង្ហបុរី (SUSS) និងជាអ្នកប្រឹក្សាសំខាន់មួយរូបក្នុងការរៀបចំរបាយការណ៍នេះ បានលើកឡើងថា ការអភិវឌ្ឍ Fintech មិនមែនពឹងផ្អែកតែលើបច្ចេកវិទ្យា ឬទុននោះទេ ប៉ុន្តែធនធានមនុស្សក៏ជាកត្តាសំខាន់ផងដែរ។

លោកបានបញ្ជាក់ថា «Fintech development is ultimately not only about technology or capital. It is also about people» មានន័យថា ការអភិវឌ្ឍ Fintech ជាចុងក្រោយ មិនមែនមានតែបច្ចេកវិទ្យា ឬទុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជារឿងរបស់មនុស្សផងដែរ។

លោកបន្តថា កម្លាំងពលកម្មត្រូវមានសមត្ថភាពបច្ចេកទេស ការយល់ដឹងអំពីបទប្បញ្ញត្តិ សមត្ថភាពសម្របខ្លួន និងការវិនិច្ឆ័យរបស់មនុស្ស ដើម្បីរួមចំណែកកសាងប្រព័ន្ធហិរញ្ញវត្ថុដែលគួរឱ្យទុកចិត្ត និងមានបរិយាបន្ន។

លោក David ក៏សង្ឃឹមថា ក្របខណ្ឌជំនាញនេះនឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល វិស័យឧស្សាហកម្ម និងស្ថាប័នអប់រំ ព្រមទាំងគាំទ្រដល់ការកសាងកម្លាំងពលកម្ម Fintech នៅអាស៊ាន ដែលមានភាពធន់ និងត្រៀមខ្លួនសម្រាប់អនាគត។

ADB បានឱ្យដឹងថា ឧបសគ្គចំពោះការបង្កើនជំនាញរបស់បុគ្គលិក រួមមានកម្មវិធីបណ្តុះបណ្តាលដែលមិនទាន់ស្របតាមតម្រូវការឧស្សាហកម្ម ឱកាសបណ្តុះបណ្តាលមានកម្រិត បន្ទុកការងារ និងប្រព័ន្ធលិខិតសម្គាល់ជំនាញដែលពិបាកតាមទាន់ការផ្លាស់ប្តូរបច្ចេកវិទ្យា។

របាយការណ៍ក៏បានកត់សម្គាល់ថា ស្តង់ដារជំនាញនៅក្នុងតំបន់នៅមានភាពបែកខ្ញែក ដែលអាចរារាំងការចល័តកម្លាំងពលកម្មឆ្លងដែន និងធ្វើឱ្យការទទួលស្គាល់ជំនាញរបស់បុគ្គលពីប្រទេសមួយទៅប្រទេសមួយទៀតមានភាពស្មុគស្មាញ។

ដើម្បី​ដោះស្រាយបញ្ហានេះ ADB បានណែនាំឱ្យអាស៊ានបង្កើតយន្តការសម្រាប់ការចល័តកម្លាំងពលកម្មឆ្លងដែន ដោយដោះស្រាយបញ្ហាដូចជា បទប្បញ្ញត្តិទិដ្ឋាការដែលមិនស្របគ្នា និងភាពមិនស៊ីសង្វាក់គ្នានៃការទទួលស្គាល់គុណវុឌ្ឍិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា