ADB ​៖​ ស្ត្រី​កម្ពុជា​ចូលរៀន​ជំនាញ​ ST​EM ​តិច​ជាង​បុរស​ ​លើកលែងតែ​វិទ្យាសាស្ត្រ​សុខាភិបាល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ADB ​៖​ ស្ត្រី​កម្ពុជា​ចូលរៀន​ជំនាញ​ ST​EM ​តិច​ជាង​បុរស​ ​លើកលែងតែ​វិទ្យាសាស្ត្រ​សុខាភិបាល​

ADB ​៖​ ស្ត្រី​កម្ពុជា​ចូលរៀន​ជំនាញ​ ST​EM ​តិច​ជាង​បុរស​ ​លើកលែងតែ​វិទ្យាសាស្ត្រ​សុខាភិបាល​

ការ​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ វិស្វកម្ម ​និង​គណិតវិទ្យា ​(​STEM​)​ ​របស់​និស្សិត​កម្ពុជា ​ជាពិសេស​ស្ត្រី ​ត្រូវ​បាន​ជះឥទ្ធិពល​ដោយ​កត្តា​ផ្ទាល់ខ្លួន ​និង​កត្តា​រចនាសម្ព័ន្ធ​សង្គម​ ​ខណៈ ​«​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​» ​គឺ​ជា​កត្តា​សំខាន់​បំផុត​ដែល​និស្សិត​ទាំង​បុរស​ ​និង​ស្ត្រី​លើកឡើង។

​យោង​តាម​របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ​(​ADB​)​ ​ស្តីពី​ភាព​ខុសគ្នា​រវាង​យេនឌ័រ​ក្នុង​ការ​អប់រំ​ ​និង​ការងារ​ ST​EM ​នៅ​កម្ពុជា​ ​(​GEND​ER ​DYNA​MI​CS A​ND D​ISP​ARI​TI​ES ​IN ​CAMB​ODIA​’S S​CI​EN​CE​,​ T​E​CHNOLOGY​,​EN​GINE​ERING​,​ A​ND M​ATHEMATI​CS SE​CTOR​)​ ​ចុះ​ផ្សាយ​ថ្មី​ៗ​នេះ​ថា​ ​ការ​ចុះ​ឈ្មោះ​ចូលរៀន​ជំនាញ​ ST​EM ​របស់​ស្ត្រី​នៅតែ​មាន​កម្រិត​ទាប បើ​ប្រៀបធៀប​នឹង​បុរស​ បើ​ទោះបី​ចំនួន​ស្ត្រី​ចូលរៀន​ថ្នាក់​ឧត្តម​សិក្សា​សរុប​មាន​ការ​កើនឡើង​យ៉ាង​ច្រើន​ក៏​ដោយ។

​របាយការណ៍​បញ្ជាក់​ថា​ ​ស្ត្រី​មាន​ត្រឹម​ប្រមាណ​ ១៧​%​ ​នៃ​និស្សិត​ STEM ​នៅ​កម្រិត​ឧត្តមសិក្សា​ ​ដែល​ធ្វើឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍​ដែល​មាន​គម្លាត​យេនឌ័រ​ក្នុង​ការ​សិក្សា​ ST​EM ​ខ្ពស់។

​ភាព​ខុសគ្នា​នេះ​កាន់តែ​ច្បាស់​នៅក្នុង​ជំនាញ​វិស្វកម្ម ​និង​បច្ចេកវិទ្យា​ព័ត៌មាន​ ​និង​ទំនាក់ទំនង​ ​(​I​CT​)​ ​ដែល​ជា​ជំនាញ​សំខាន់​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល ​និង​សេដ្ឋកិច្ច​បៃតង​របស់​កម្ពុជា។​

​ដោយ​ផ្អែក​លើ​ទិន្នន័យ​ពី​ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០១៩ ​ក្នុង​ក្រុម​អាយុ​វ័យ​ក្មេង​ពី​ ​១៨ ​ដល់​២៥​ឆ្នាំ​ ​ស្ត្រី​ដែល​ចូលរួម​ក្នុង​វិស័យ​វិស្វកម្ម ​និង​ I​CT ​មាន​ប្រមាណ​តែ​ ៥​%​ ​ខណៈ​បុរស​មាន​ដល់​ ​២២​%។

​ទោះជា​យ៉ាងណា​ ករណី​ខុសគ្នា​ត្រូវ​បាន​សង្កេតឃើញ​ក្នុង​ជំនាញ វិទ្យាសាស្ត្រ​សុខាភិបាល ​ដែល​ស្ត្រី​មាន​ការ​ចូលរួម​ខ្ពស់​ជាង​បុរស​។ ​ដូច្នេះ ​ជា​រួម​ ​ការ​ចូលរៀន​ជំនាញ​ STEM ​របស់​ស្ត្រី​ទាប​ជាង​បុរស​ ​លើកលែងតែ​វិស័យ​សុខាភិបាល។

​«​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​» ​ជា​កត្តា​សំខាន់​

​ADB ​រកឃើញ​ថា​ ​សម្រាប់​ទាំង​បុរស​ ​និង​ស្ត្រី​ ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន ​គឺ​ជា​មូលហេតុ​ចម្បង​បំផុត​ដែល​ជំរុញ​ឱ្យ​ពួកគេ​សម្រេចចិត្ត​សិក្សា​ជំនាញ​ ST​EM។​

​ប៉ុន្តែ​ បុរស​មាន​លទ្ធភាព​លើកឡើង​ពី​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​ជា​កត្តា​ជំរុញ​ការ​ជ្រើសរើស​ S​T​EM ​ខ្ពស់​ជាង​ស្ត្រី​ប្រមាណ ៨​ពិន្ទុ​ភាគរយ​។ ​ទោះ​មាន​គម្លាត​នេះ​ក៏​ដោយ​ ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​នៅតែ​ជា​កត្តា​សំខាន់​សម្រាប់​ស្ត្រី​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ STEM។​

​របាយការណ៍​ពន្យល់​ថា​ ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​អាច​កើត​ចេញ​ពី​ការ​ទទួល​បាន​បទពិសោធន៍​ ​និង​ការ​ប៉ះពាល់​ជាមួយ​វិស័យ​ STEM ​តាំងពី​ការ​អប់រំ​ដំបូង ​ដូចជា​សកម្មភាព​ពាក់ព័ន្ធ​នឹង​ S​T​EM ​និង​គម្រោង​សិក្សា​ផ្សេង​ៗ។

​ទោះជា​យ៉ាងណា​ ​ADB ​បញ្ជាក់​ថា​ ​នៅ​មិន​ទាន់​ច្បាស់​ថា​ ​តើ​ចំណាប់អារម្មណ៍​ផ្ទាល់ខ្លួន​នេះ​ត្រូវ​បាន​បង្កើតឡើង​ដោយ​កត្តា​ផ្ទៃក្នុង​ ​កត្តា​ខាង​ក្រៅ​ ​និង​កត្តា​ប្រជាសាស្ត្រ​យ៉ាង​ដូចម្តេច​នោះ​ទេ​។ ​ដូច្នេះ​ ​ត្រូវការ​ការ​សិក្សា​បន្ថែម ​ដើម្បី​ស្វែងយល់​ឱ្យ​កាន់​តែ​ស៊ីជម្រៅ​អំពី​កត្តា​សង្គម ​និង​រចនាសម្ព័ន្ធ​ដែល​ជួយ​បង្កើត​ចំណាប់អារម្មណ៍​របស់​សិស្ស ​និង​និស្សិត​ក្នុង​ការ​ជ្រើសរើស​ជំនាញ​ទាំងនេះ។

​ADB ​បាន​សង្កត់ធ្ងន់​ថា​ ​ទោះ​បី​ការ​ចុះ​ឈ្មោះ​ចូលរៀន​ថ្នាក់​ឧត្តម​សិក្សា​របស់​ស្ត្រី​កម្ពុជា​មាន​ការ​កើនឡើង​ក៏​ដោយ​ ​កំណើន​នេះ​មិន​ទាន់​បាន​ប្រែក្លាយទៅជា​កំណើន​សមាមាត្រ​នៃ​ការ​ចូលរៀន​ជំនាញ​ STEM ​នៅឡើយ​ទេ។

​ការ​ខ្វះខាត​ស្ត្រី​ក្នុង​វិស័យ​ STEM ​ជាពិសេស​វិស្វកម្ម ​និង​ I​CT ​ក៏​អាច​ក្លាយជា​បញ្ហា​ប្រឈម​សម្រាប់​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​កម្លាំង​ពលកម្ម​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​សេដ្ឋកិច្ច​ឌីជីថល ​និង​បៃតង​ដែល​កំពុង​រីកចម្រើន​ផងដែរ។

​ឆ្លើយតប​នឹង​ការ​លើកឡើង​របស់​របាយការណ៍​ ​ADB ​អ្នក​នាំពាក្យ​ក្រសួង​អប់រំ​ ​លោក​ស្រី ​ឃួន​ វិច្ឆិកា​ ​បាន​ប្រាប់​ AMS ​ថា ​លោក​ស្រី​សុំ​មិន​អត្ថាធិប្បាយ​របាយការណ៍​ខាង​លើ​ ​តែ​លោក​ស្រី​បាន​ពន្យល់​ពី​ទិដ្ឋភាព​ជាក់ស្តែង​ក្នុង​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​២០២៦ ​កន្លងទៅ​ថ្មី​ៗ​នេះ​ថា​ ​ក្នុង​ចំណោម​បេក្ខជន​ដែល​ជ្រើសរើស ថ្នាក់​វិទ្យាសាស្ត្រ​ ​មាន​បេក្ខជន​ជា​នារី​ច្រើន​ជាង​បេក្ខជន​ជា​បុរស៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា