ក្រោយ​ជាប់​និទ្ទេស​ A ​លំដាប់​ពិន្ទុ​១០០ ​៖​ ​ឪពុក​បង្ហើប​ពី​ទម្លាប់​រៀន​របស់​កូន​តាំងពី​តូច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រោយ​ជាប់​និទ្ទេស​ A ​លំដាប់​ពិន្ទុ​១០០ ​៖​ ​ឪពុក​បង្ហើប​ពី​ទម្លាប់​រៀន​របស់​កូន​តាំងពី​តូច

ក្រោយ​ជាប់​និទ្ទេស​ A ​លំដាប់​ពិន្ទុ​១០០ ​៖​ ​ឪពុក​បង្ហើប​ពី​ទម្លាប់​រៀន​របស់​កូន​តាំងពី​តូច

ក្រោយ​ទទួល​បាន​លទ្ធផល​និទ្ទេស​ A ​លំដាប់​ពិន្ទុ ​១០០​ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​(​បាក់ឌុប​ឆ្នាំ​២០២៦​)​ ​ឪពុក​របស់​យុវជន​ សេន​ កេតរ៍​ស័ក​ធ​និន បាន​បង្ហើប​ពី​ការ​ខិតខំ​សិក្សា​របស់​កូនប្រុស​ថា​ ​រូប​គេ​ជា​សិស្ស​ពូកែ​តាំងពី​តូច ​និង​បាន​រៀន​ត្រៀម​មុខវិជ្ជា​ថ្នាក់​ទី​១២​ តាំង​ពី​ចូលរៀន​ថ្នាក់​ទី​១០។

​យុវជន​ សេន​ កេតរ៍​ស័ក​ធ​និន ជា​សិស្ស​និទ្ទេស​ A ​លំដាប់​ពិន្ទុ​ ​១០០​.​០០០ ​មក​ពី​សាលារៀន​អារីហ្សូន​ ​សាខា​ខេត្ត​សៀមរាប។

​លោក​ សែន ​សារី ​ឪពុក​របស់​យុវជន​រូប​នេះ ​បាន​ប្រាប់​ AMS ​ថា ​លោក​មាន​អារម្មណ៍​រំភើប​ ​និង​សប្បាយរីករាយ​ជា​ខ្លាំង ​នៅពេល​ឃើញ​កូន​ទទួល​បាន​លទ្ធផល​ប្រឡង​ដ៏​ល្អ​ប្រសើរ ​បន្ទាប់ពី​កូនបាន​ខិតខំ​រៀនសូត្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ។​

​លោក​បាន​ឱ្យ​ដឹង​ថា​ ធនិន ជា​សិស្ស​ពូកែ​តាំងពី​នៅ​តូច​មក​ម្ល៉េះ ​ហើយ​បាន​សង្វាត​រៀន​ត្រៀម​មុខវិជ្ជា​ថ្នាក់​ទី​១២​ ​តាំង​ពី​ចូល​ថ្នាក់​ទី​១០​។​ ​ការ​ត្រៀមខ្លួន​នេះ​ធ្វើឡើង​តាមរយៈ​ការ​សិក្សា​នៅ​សាលារៀន​អារីហ្សូន ការ​ស្វ័យសិក្សា​ ​និង​រៀន​បន្ថែម​ជាមួយ​គ្រូ។

​ការ​ខិតខំ​រៀន​តាំងពី​ថ្នាក់​ទី​១០​នេះ​ ​ត្រូវ​បាន​ឪពុក​ចាត់ទុក​ថា​ ​ជា​ផ្នែក​មួយ​នៃ​ការ​រៀបចំ​ខ្លួន​របស់​កូន​សម្រាប់​ការ​ប្រឡង​ថ្នាក់​ទី​១២ ​និង​ជួយ​ឱ្យ​រូប​គេ​ទទួល​បាន​លទ្ធផល​ខ្ពស់​នៅ​ពេល​ប្រឡង។

​ដោយឡែក​ ​យុវជន​ ​សេន កេតរ៍​ស័ក​ធ​និន បាន​ឱ្យ​ដឹង​ថា​ ​រូប​គេ​មាន​គម្រោង​បន្ត​ការ​សិក្សា​លើ​ជំនាញ​វិស្វកម្ម​អេឡិចត្រូនិក​ ​នៅ​រាជធានី​ភ្នំពេញ​ ​ឬ​ស្វែងរក​ឱកាស​អាហារូបករណ៍​ទៅ​សិក្សា​ជំនាញ​នេះ​នៅ​ក្រៅ​ប្រទេស។

​យុវជន​រូប​នេះ​បញ្ជាក់​ថា​ ​មូលហេតុ​ដែល​ជ្រើសរើស​ជំនាញ​វិស្វកម្ម​អេឡិចត្រូនិក​ ​គឺ​ដោយសារ​រូប​គេ​ស្រលាញ់​ជំនាញ​នេះ​ ​និង​យល់ឃើញ​ថា​ ​ជំនាញ​នេះ​នឹង​មាន​ទីផ្សារ​ការងារ​ល្អ​នា​ពេល​អនាគត។

​សម្រាប់​ការ​ជ្រើសរើស​ជំនាញ​សិក្សា​បន្ត​ ​លោក​ សែន ​សារី ​បាន​បញ្ជាក់​ថា​ ​លោក​គាំទ្រ​កូនក្នុង​ការ​ជ្រើសរើស​ជំនាញ​តាម​ចំណង់​ចំណូលចិត្ត​ ​និង​បំណង​របស់​កូន ​ដើម្បី​ជួយ​ឱ្យ​កូន​មាន​អនាគត​ល្អ​ប្រសើរ។

​សូម​ជម្រាប​ថា​ បេក្ខជន​ដែល​ទទួល​បាន​និទ្ទេស​ A ​ក្នុង​ការ​ប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​ ​មាន​ចំនួន​ ​២​,​០២២​នាក់​។ ​បេក្ខជន​ទទួល​បាន​និទ្ទេស A ​ក៏​កំពុង​ត្រៀម​ទទួល​រង្វាន់​លើកទឹកចិត្ត​ពីសំណាក់​រាជ​រដ្ឋាភិបាល​ ​អាជ្ញាធរ​ដែនដី ​និង​សប្បុរស​ជន​ជា​បន្តបន្ទាប់​ ​ក្រោយ​ខិតខំ​ប្រឡង​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា