“​AI​ ​មិន​ត្រូវ​ធ្វើឱ្យ​មនុស្ស​គិត​ដូច​ម៉ាស៊ីន​ទេ​” ​អ្នកជំនាញ​អំពាវនាវ​ឱ្យ​លើកកម្ពស់​ សតិ ​បញ្ញា​ ​និង​ករុណា​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
“​AI​ ​មិន​ត្រូវ​ធ្វើឱ្យ​មនុស្ស​គិត​ដូច​ម៉ាស៊ីន​ទេ​” ​អ្នកជំនាញ​អំពាវនាវ​ឱ្យ​លើកកម្ពស់​ សតិ ​បញ្ញា​ ​និង​ករុណា​

“​AI​ ​មិន​ត្រូវ​ធ្វើឱ្យ​មនុស្ស​គិត​ដូច​ម៉ាស៊ីន​ទេ​” ​អ្នកជំនាញ​អំពាវនាវ​ឱ្យ​លើកកម្ពស់​ សតិ ​បញ្ញា​ ​និង​ករុណា​

​ខណៈ​បញ្ញា​សិប្បនិម្មិត​ ​(​AI​) ​កំពុង​វិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​ និង​មាន​សមត្ថភាព​កាន់តែ​ខ្ពស់​ក្នុង​ការ​គិត​ ​រៀបចំ​ផែនការ​ និង​ធ្វើ​សកម្មភាព​ដោយ​ស្វ័យប្រវត្តិ​ ​អ្នកជំនាញ​បាន​អំពាវនាវ​ឱ្យ​ការ​អភិវឌ្ឍ​ ​និង​ការ​ប្រើប្រាស់​ ​AI​ ​ផ្អែក​លើ​ប្រាជ្ញា ​សីលធម៌​ ​ការ​ទទួលខុសត្រូវ​ និង​មេត្តា​ករុណា ​ដើម្បី​ធានា​ថា​ ​បច្ចេកវិទ្យា​នេះ​បម្រើ​ផលប្រយោជន៍​មនុស្សជាតិ​ ​មិន​មែន​គ្រាន់តែ​បង្កើន​សមត្ថភាព​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​។​

Advertisement

​ការ​លើកឡើង​នេះ​ ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ស្តីពី​ «​ចេតនា ​និង​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​៖ ​ឆន្ទៈ​មនសិការ​ និង​ការ​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​» ​ដែល​រៀបចំ​ដោយ​សាកលវិទ្យាល័យ​ខេមតិច ​(​CamTech​ ​University​) ​សាកលវិទ្យាល័យ​បញ្ញាសាស្ត្រ​កម្ពុជា​ ​(​PUC​) ​និង​ ​AI​ ​Forum​ ​កាលពី​ថ្ងៃទី​៨​ ​ខែកក្កដា ​ឆ្នាំ​២០២៦​។​

​លោក​បណ្ឌិត​ ​ឆែម ​សិរី​វត្ថិ ​សហ​ស្ថាបនិក ​និង​ជា​ប្រធាន​ ​AI​ ​Forum​ ​មានប្រសាសន៍​ថា​ ​AI​ ​កំពុង​ផ្លាស់ប្តូរ​ពី​ការ​ធ្វើជា​ឧបករណ៍​ទៅជា​ប្រព័ន្ធ​ដែល​អាច​សម្រេចចិត្ត​ ​និង​អនុវត្ត​សកម្មភាព​មួយចំនួន​ដោយ​ខ្លួនឯង​ ​ដែល​នាំឱ្យ​កើតមាន​សំណួរ​សំខាន់​ៗ​អំពី​ការ​ទទួលខុសត្រូវ​ផ្នែក​សីលធម៌​ ​និង​អភិបាលកិច្ច​នៃ​បច្ចេកវិទ្យា​។​

​លោក​បាន​លើកឡើង​ថា​ «​ចំណេះដឹង​» ​ជា​មូលដ្ឋាន​សម្រាប់​ការ​បង្កើត​ថ្មី ​ខណៈ​ «​ប្រាជ្ញា​» ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​វិនិច្ឆ័យ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ​ហើយ​ «​មេត្តា​» ​ផ្តល់​គោលបំណង​ឱ្យ​ការ​បង្កើត​ថ្មី​ទាំងនោះ​បម្រើ​ផលប្រយោជន៍​រួម​របស់​សង្គម​។

​លោក​បាន​បន្ត​ថា​ ​«​ទោះបី​ ​AI​ ​កំពុង​ផ្លាស់ប្តូរ​ពិភពលោក​យ៉ាង​ឆាប់រហ័ស​ក៏ដោយ​ ​បច្ចេកវិទ្យា​តែ​មួយ​មុខ​មិន​គ្រប់គ្រាន់​នោះ​ទេ​។ ​ភាព​ជា​អ្នកដឹកនាំ​ សីលធម៌​ ​ទស្សនវិជ្ជា​ ​និង​គុណ​តម្លៃ​រួម​របស់​មនុស្សជាតិ​ ​នៅតែ​ជា​គ្រឹះ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ ​ហើយ​ជា​គុណ​តម្លៃ​ដែល​ម៉ាស៊ីន​មិន​អាច​ជំនួស​បាន​»​។​

​លោក​ក៏​បាន​លើកឡើង​ថា​ ​កម្ពុជា​មាន​ឱកាស​រួមចំណែក​ក្នុង​ការ​កំណត់​អនាគត​ ​AI​ ​តាមរយៈ​ការ​រួមបញ្ចូល​ទស្សនវិជ្ជា​ព្រះពុទ្ធ​ជាមួយ​ក្រមសីលធម៌​បច្ចេកវិទ្យា ​ដើម្បី​បង្ហាញ​ថា​ ​អនាគត​របស់​ ​AI​ ​មិន​អាស្រ័យ​តែ​លើ​អ្វី​ដែល​ម៉ាស៊ីន​អាច​ធ្វើ​បាន​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​អាស្រ័យ​លើ​ការ​សម្រេចចិត្ត​ ​គុណ​តម្លៃ​ ​និង​ជម្រើស​របស់​មនុស្ស​ផងដែរ​។​

​សាស្ត្រាចារ្យ​បណ្ឌិត​ ​ឃៀង ​សុធី ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមតិច

​សាស្ត្រាចារ្យ​បណ្ឌិត​ ​ឃៀង ​សុធី ​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ខេមតិច ​បាន​លើកឡើង​ថា​ ​ការ​អប់រំ ​និង​ការ​អភិវឌ្ឍ​ ​AI​ ​គួរ​ផ្អែក​លើ​គោលការណ៍​សំខាន់​ បី ​គឺ​ សតិ ​បញ្ញា​ ​និង​ករុណា​។​ លោក​បញ្ជាក់​ថា​ ​បច្ចេកវិទ្យា​គួរ​ត្រូវបាន​ប្រើប្រាស់​ដើម្បី​កាត់បន្ថយ​ទុក្ខលំបាក​របស់​មនុស្ស​ មិន​មែន​បង្កើន​ទុក្ខ​នោះ​ឡើយ​ ​ហើយ​ ​AI​ ​គួរ​ជួយ​ឱ្យ​មនុស្ស​កាន់តែ​មាន​មេត្តា​ករុណា​ ​និង​ដោះស្រាយ​បញ្ហា​សង្គម ​ដោយ​មិន​ធ្វើឱ្យ​មនុស្ស​គិត​ដូច​ម៉ាស៊ីន ​ព្រោះ​សមត្ថភាព​ក្នុង​ការ​វិនិច្ឆ័យ​ សីលធម៌​ ​និង​ក្តី​មេត្តា​ ​នៅតែ​ជា​ចំណុច​ដែល​មនុស្ស​មាន​លើស​ម៉ាស៊ីន​។​

​សូម​ជម្រាប​ថា​ ​សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​បញ្ញវន្ត ​អ្នកស្រាវជ្រាវ​ ​អ្នករៀបចំ​គោលនយោបាយ​ ​អ្នកជំនាញ​ផ្នែក​បញ្ញា​សិប្បនិម្មិត​ ​និង​តំណាង​ស្ថាប័ន​អប់រំ​ជាច្រើន​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ផ្នែក​សីលធម៌​ ​និង​ទស្សនវិជ្ជា​នៃ​ ​Agentic​ ​AI​ ​ព្រមទាំង​ស្វែងរក​ទិសដៅ​អភិវឌ្ឍ​ ​AI​ ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា