គ្រឿងស្រវឹងអាច​បណ្តាល​ឱ្យ​កើតជំងឺជាង២រយប្រភេទ, អ្នកជំនាញជំរុញ​ឱ្យ​ពន្លឿន​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម​នៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
គ្រឿងស្រវឹងអាច​បណ្តាល​ឱ្យ​កើតជំងឺជាង២រយប្រភេទ, អ្នកជំនាញជំរុញ​ឱ្យ​ពន្លឿន​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម​នៅកម្ពុជា

គ្រឿងស្រវឹងអាច​បណ្តាល​ឱ្យ​កើតជំងឺជាង២រយប្រភេទ, អ្នកជំនាញជំរុញ​ឱ្យ​ពន្លឿន​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​គ្រឿងស្រវឹង និងភេសជ្ជៈផ្អែម​នៅកម្ពុជា

លោកវេជ្ជបណ្ឌិត មុំ គង់ ប្រធានអង្គការចលនាដើម្បីសុខភាពកម្ពុជា បានជំរុញឱ្យរាជរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្ដីព្រាងច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមនៅកម្ពុជា ដើម្បីកាត់បន្ថយផលប៉ះពាល់លើសុខភាព សេដ្ឋកិច្ច និងសង្គម ជាពិសេសការពារកុមារ និងយុវជនកម្ពុជា។

Advertisement

នៅក្នុងបទសម្ភាសជាមួយ AMS លោកវេជ្ជបណ្ឌិត មុំ គង់ មានប្រសាសន៍ថា ការសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការហាមឃាត់ការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របផលិតផលលើភេសជ្ជៈមានជាតិស្ករ ភេសជ្ជៈប៉ូវកម្លាំង និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ តទៅ គឺជាការចាប់ផ្តើមដ៏ល្អក្នុងការការពារធនធានមនុស្សរបស់កម្ពុជា ដែលជាគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ក្នុងនាមជាអ្នកធ្វើការក្នុងវិស័យសុខភាពសាធារណៈ លោកចង់ឃើញសេចក្ដីព្រាងច្បាប់នេះ ត្រូវបានអនុម័តឱ្យបានឆាប់ ដើម្បីធ្វើជាមូលដ្ឋានច្បាប់សម្រាប់អនុវត្តវិធានការកាត់បន្ថយផលប៉ះពាល់ នៃគ្រឿងស្រវឹង និងភេសជ្ជៈផ្អែមទៅលើប្រជាពលរដ្ឋ។

លោកថា «ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង មិនមែនជាការហាមឃាត់ការផឹក ឬការផលិតគ្រឿងស្រវឹងទាំងស្រុងនោះទេ ប៉ុន្តែមានគោលបំណងធ្វើឱ្យការប្រើប្រាស់ស្ថិតក្នុងក្របខណ្ឌដែលអាចគ្រប់គ្រងបាន និងកាត់បន្ថយផលប៉ះពាល់ដល់សង្គម»។

លោកវេជ្ជបណ្ឌិត មុំ គង់ លើកឡើងថា គ្រឿងស្រវឹងអាចបណ្ដាលឱ្យកើតជំងឺជាង២០០ប្រភេទ ហើយក៏ជាមូលហេតុសំខាន់ នៃគ្រោះថ្នាក់ចរាចរណ៍ អំពើហិង្សាក្នុងគ្រួសារ អំពើហិង្សាផ្លូវភេទ និងបញ្ហាសណ្ដាប់ធ្នាប់សង្គមផ្សេងៗ។

លោកវេជ្ជបណ្ឌិតបន្ថែមថា ការចំណាយលើគ្រឿងស្រវឹង មិនត្រឹមតែប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែការចំណាយលើការព្យាបាលជំងឺ និងការដោះស្រាយការខូចខាតពីគ្រោះថ្នាក់ចរាចរណ៍ មានទំហំធំជាងការចំណាយទិញគ្រឿងស្រវឹងយ៉ាងច្រើន។

ពាក់ព័ន្ធនឹងគោលដៅកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ លោកបានគូសបញ្ជាក់ថា ការកសាងមូលធនមនុស្ស គឺជាកត្តាសំខាន់បំផុត ខណៈសុខភាពល្អជាផ្នែកមួយដែលមិនអាចខ្វះបាន។ លោកថា ការប្រើប្រាស់គ្រឿងស្រវឹងប៉ះពាល់ដោយផ្ទាល់ដល់សុខភាពផ្លូវកាយ សុខភាពផ្លូវចិត្ត និងសមត្ថភាពការងាររបស់ប្រជាពលរដ្ឋ។

សម្រាប់លោកវេជ្ជបណ្ឌិត មុំ គង់ វិធានការហាមឃាត់រង្វាន់តាមក្រវិលកំប៉ុង មិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយរាជរដ្ឋាភិបាលគួរអនុវត្តវិធានការបន្ថែម ស្របតាមអនុសាសន៍របស់អង្គការសុខភាពពិភពលោក ដូចជា ការដំឡើងអាករពិសេសលើគ្រឿងស្រវឹង និងការហាមឃាត់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង។

លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ការដំឡើងពន្ធលើគ្រឿងស្រវឹង នឹងជួយកាត់បន្ថយការប្រើប្រាស់ និងបង្កើនចំណូលជូនរដ្ឋ ដែលអាចយកទៅពង្រឹងវិស័យសុខាភិបាល និងសេវាថែទាំសុខភាពសាធារណៈឱ្យកាន់តែប្រសើរឡើង៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា