មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ

មិនគួរឱ្យជឿ ! យុវជនអាមេរិកមានសញ្ញាបត្របណ្ឌិត ដាក់ពាក្យរកការងារជាង ២៣០០ កន្លែង តែនៅតែគ្មានការងារធ្វើ

យុវជនអាមេរិកម្នាក់ ដែលមានសញ្ញាបត្របណ្ឌិតផ្នែកវិស្វកម្មគីមីពីសាកលវិទ្យាល័យ Princeton សហរដ្ឋអាមេរិកនិងមានស្នាដៃស្រាវជ្រាវ ដែលត្រូវបានគណៈកម្មាធិការរង្វាន់ណូបែលលើកសរសើរ បានដាក់ពាក្យស្វែងរកការងារជាង ២៣០០ កន្លែង ចាប់តាំងពីបញ្ចប់ការសិក្សានៅឆ្នាំ២០២៤ ប៉ុន្តែរហូតមកដល់ពេលនេះ នៅតែមិនទទួលបានការងារធ្វើជាអចិន្ត្រៃយ៍ឡើយ។

យោងតាមសារព័ត៌មាន The Wall Street Journal, លោក Jack Weis អាយុ ៣០ ឆ្នាំ រស់នៅទីក្រុង Salt Lake City សហរដ្ឋអាមេរិក បានដាក់ពាក្យស្វែងរកការងារជាច្រើនប្រភេទ ចាប់ពីការស្រាវជ្រាវផ្នែកឱសថ និងការងារនៅមន្ទីរពិសោធន៍ជាតិ រហូតដល់វិស្វកម្មកម្មវិធីកុំព្យូទ័រ និងការរៀបចំអាហារ។ បច្ចុប្បន្ន លោកកំពុងរស់នៅជាមួយឪពុកម្តាយ ខណៈបន្តស្វែងរកឱកាសការងារ។

លោក Weis បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ Rice ដោយទទួលបានចំណាត់ថ្នាក់កិត្តិយសខ្ពស់បំផុត មុនពេលបន្តការសិក្សាថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Princeton។ ការស្រាវជ្រាវរបស់លោកផ្តោតលើគោលការណ៍គីមីដែលពាក់ព័ន្ធនឹងការកកើតទឹកកក និងអន្តរកម្មរវាងម៉ូលេគុល ហើយត្រូវបានគណៈកម្មាធិការណូបែលលើកឡើងក្នុងការប្រកាសជ័យលាភីរង្វាន់ណូបែលផ្នែករូបវិទ្យាឆ្នាំ២០២៤។

ទោះមានប្រវត្តិសិក្សាល្អប្រសើរ និងជំនាញឯកទេសក៏ដោយ លោក Weis នៅតែជួបការលំបាកក្នុងការស្វែងរកតំណែងស្រាវជ្រាវ និងឱកាសស្រាវជ្រាវក្រោយបញ្ចប់ថ្នាក់បណ្ឌិត។ ពាក្យស្នើសុំការងារជាច្រើនមិនទទួលបានការឆ្លើយតប ខណៈពាក្យខ្លះទៀតត្រូវបានបដិសេធ ដែលធ្វើឱ្យលោកត្រូវពង្រីកការស្វែងរកការងារទៅកាន់វិស័យក្រៅជំនាញរបស់ខ្លួន។

ឪពុករបស់លោក គឺលោកវេជ្ជបណ្ឌិត John Weis បានប្រាប់ The Wall Street Journal ថា គ្រួសារមិនដែលនឹកស្មានថា លោកនឹងជួបការលំបាកបែបនេះឡើយ ដោយសារលោកមានសមត្ថភាពខ្ពស់ ចូលចិត្តជួយអ្នកដទៃ និងមានចំណេះដឹងទូលំទូលាយ។

បញ្ហានេះឆ្លុះបញ្ចាំងពីការលំបាកក្នុងទីផ្សារការងារសហរដ្ឋអាមេរិក ដែលអ្នកស្វែងរកការងារមួយចំនួនត្រូវប្រឈមនឹងការប្រកួតប្រជែងខ្លាំង និងការមិនទទួលបានការឆ្លើយតបពីនិយោជក។

ការស្ទង់មតិលើអ្នកស្វែងរកការងារប្រហែល ២១៨ នាក់ ដែលរៀបចំដោយក្រុមហ៊ុន Andrew Hudson’s Jobs List, Inc. បានបង្ហាញថា ៦១% នៃអ្នកឆ្លើយតបមានការព្រួយបារម្ភចំពោះការដែលនិយោជកមិនឆ្លើយតបនឹងពាក្យស្នើសុំការងារ។ បញ្ហាផ្សេងទៀតរួមមាន ការរើសអើងដោយសារអាយុ ការប្រកួតប្រជែងខ្ពស់ និងការបង្ហោះប្រកាសការងារដែលអាចមិនមានពិតប្រាកដ។

បច្ចុប្បន្ន លោក Weis កំពុងពិចារណាផ្លាស់ប្តូរអាជីព ដោយបានចុះឈ្មោះប្រឡង LSAT ដែលជាការប្រឡងសម្រាប់អ្នកចង់ចូលរៀននៅសាលាច្បាប់ ក្នុងខែវិច្ឆិកាខាងមុខ ដើម្បីពិចារណាថា តើគួរបន្តការសិក្សាផ្នែកច្បាប់ និងចាប់ផ្តើមអាជីពថ្មីដែរឬទេ។

ករណីនេះបង្ហាញថា ការមានសញ្ញាបត្រខ្ពស់ និងជំនាញឯកទេស មិនតែងតែធានាថាអ្នកស្វែងរកការងារនឹងទទួលបានតំណែងសមស្របនឹងសមត្ថភាពរបស់ខ្លួននោះទេ ខណៈការប្រកួតប្រជែង និងការលំបាកក្នុងដំណើរការជ្រើសរើសបុគ្គលិកនៅតែជាបញ្ហាប្រឈមសម្រាប់អ្នកស្វែងរកការងារមួយចំនួន៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា