អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា

អម្រឹត ចុះអនុស្សរណៈគាំទ្រពិព័រណ៍សៀវភៅ ក្នុងទិវាជាតិអំណាន រយៈពេល៣ឆ្នាំ ដើម្បីលើកកម្ពស់វប្បធម៌ នៃការអាននៅកម្ពុជា

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីគាំទ្រការរៀបចំពិព័រណ៍សៀវភៅ ក្នុងឱកាសអបអរសាទរទិវាជាតិអំណាន ថ្ងៃទី១១ ខែមីនា សម្រាប់រយៈពេល៣ឆ្នាំជាប់គ្នា ពីឆ្នាំ២០២៧ រហូតដល់ឆ្នាំ២០២៩។ កិច្ចសហការនេះបង្ហាញពីការបន្តចូលរួមរបស់អម្រឹតក្នុងការលើកកម្ពស់វិស័យអប់រំ ជំរុញវប្បធម៌នៃការអាន និងរួមចំណែកកសាងសង្គមចំណេះដឹងនៅកម្ពុជា។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ បានប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំនៃនាយកដ្ឋានអភិវឌ្ឍកម្មវិធីសិក្សា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអម្រឹត និងតំណាងអង្គការពាក់ព័ន្ធនឹងវិស័យអំណាន។

លោក ដុស ឌីន អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត បានមានប្រសាសន៍ថា ការគាំទ្រពិព័រណ៍សៀវភៅក្នុងទិវាជាតិអំណាន គឺជាការរួមចំណែករបស់អម្រឹតក្នុងការលើកកម្ពស់ការអប់រំ និងការអភិវឌ្ឍសង្គម តាមរយៈការជំរុញឱ្យប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជន ចាប់អារម្មណ៍លើការអាន និងការស្វែងយល់ចំណេះដឹងថ្មីៗ។

លោកបានលើកឡើងថា បើប្រៀបធៀបនឹងជំនាន់មុន បច្ចុប្បន្នអ្នកសិក្សាមានលទ្ធភាពទទួលបានសៀវភៅ និងឯកសារសិក្សាកាន់តែច្រើន។ ដូច្នេះ ការបង្កើតឱកាស និងការលើកទឹកចិត្តឱ្យកុមារ និងយុវជនប្រើប្រាស់ធនធានទាំងនេះ ដើម្បីពង្រីកចំណេះដឹង គឺមានសារៈសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស។

លោកបានបញ្ជាក់ថា ការចូលរួមឧបត្ថម្ភក្នុងរយៈពេល៣ឆ្នាំនេះ គឺជាការចូលរួមតាមលទ្ធភាពរបស់អម្រឹត ក្នុងការគាំទ្រសកម្មភាពដែលផ្តល់ផលប្រយោជន៍ដល់សង្គម និងរួមជាមួយក្រសួងអប់រំ ដើម្បីជំរុញឱ្យទិវាជាតិអំណានកាន់តែមានភាពទាក់ទាញ និងទទួលបានការចូលរួមកាន់តែទូលំទូលាយ។

ជាមួយគ្នានេះ ឯកឧត្តម យិន ធី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណដល់អម្រឹត ដែលបានចូលរួមគាំទ្រការរៀបចំពិព័រណ៍សៀវភៅសម្រាប់រយៈពេល៣ឆ្នាំខាងមុខ។ ឯកឧត្តមបានលើកឡើងថា ទិវាជាតិអំណានទទួលបានការគាំទ្រកាន់តែច្រើនពីសាធារណជនជារៀងរាល់ឆ្នាំ ហើយការចូលរួមពីដៃគូឯកជន គឺជាកម្លាំងចលករមួយក្នុងការជួយឱ្យការរៀបចំព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងសម្រេចបានតាមគោលបំណង។

ដោយឡែក ឯកឧត្តម សុខ ឬទ្ធី ប្រធានអគ្គនាយកគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ នៃក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការសាទរចំពោះការសម្រេចចិត្តរបស់អម្រឹត ក្នុងការចូលរួមជាអ្នកឧបត្ថម្ភធំសម្រាប់ទិវាជាតិអំណានរយៈពេល៣ឆ្នាំជាប់គ្នា។

ឯកឧត្តមបានបញ្ជាក់ថា ការគាំទ្រជាបន្តបន្ទាប់នេះ នឹងជួយផ្តល់ភាពកក់ក្តៅដល់ក្រុមការងាររៀបចំ និងជួយបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍសកម្មភាពផ្សព្វផ្សាយការអាន ព្រមទាំងទាក់ទាញសាធារណជនឱ្យចូលរួមស្វែងរក និងទទួលបានចំណេះដឹងតាមរយៈសៀវភៅកាន់តែច្រើន។

លោក ហុក សុទ្ធិ អគ្គនាយកអង្គការស៊ីប៉ា (Sipar) ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះការគាំទ្ររបស់អម្រឹត ដោយរំពឹងថា កិច្ចសហការនេះនឹងរួមចំណែកជួយឱ្យពិព័រណ៍សៀវភៅទទួលបានជោគជ័យ និងទាក់ទាញអ្នកចូលរួមកាន់តែច្រើន។ លោកបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំទីតាំង និងសកម្មភាពឱ្យបានសមស្រប ដើម្បីបង្កើតបរិយាកាសល្អសម្រាប់អ្នកចូលរួមគ្រប់វ័យ។

ការគាំទ្រនេះស្របនឹងគោលបំណងរបស់ទិវាជាតិអំណាន ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី១១ ខែមីនា ដោយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបណ្តុះទម្លាប់អាន លើកកម្ពស់វប្បធម៌នៃការអាន និងការសរសេរ ព្រមទាំងផ្សារភ្ជាប់ការអានទៅនឹងការអភិវឌ្ឍចំណេះដឹងក្នុងសង្គម។ កម្មវិធីនេះរួមមានការតាំងពិព័រណ៍សៀវភៅ ការប្រកួតប្រជែងអំណាន និងសិក្ខាសាលាផ្សេងៗពាក់ព័ន្ធនឹងការអប់រំ។

ក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្តល់សេវាហិរញ្ញវត្ថុតាមរយៈបណ្តាញសាខា និងប្រព័ន្ធឌីជីថល អម្រឹតបន្តផ្តោតលើការផ្តល់សេវាដែលឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ព្រមទាំងចូលរួមក្នុងសកម្មភាពគាំទ្រការអភិវឌ្ឍសង្គមតាមលទ្ធភាពរបស់ខ្លួន។

តាមរយៈកិច្ចសហការរយៈពេល៣ឆ្នាំនេះ អម្រឹត និងក្រសួងអប់រំ យុវជន និងកីឡា រំពឹងថា នឹងបន្តពង្រឹងកិច្ចសហការក្នុងការលើកកម្ពស់វប្បធម៌អំណាន និងបង្កើតឱកាសឱ្យកុមារ យុវជន និងសាធារណជនទទួលបានចំណេះដឹងកាន់តែទូលំទូលាយ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមកម្ពុជាប្រកបដោយចីរភាព៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា