ត្រឹម​អាយុ​៩​ឆ្នាំ​ កុមារី ​មិញ​ជូ ​ចេះ​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​បង្ហាញ​ពី​សក្តានុពល​អនាគត​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹម​អាយុ​៩​ឆ្នាំ​ កុមារី ​មិញ​ជូ ​ចេះ​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​បង្ហាញ​ពី​សក្តានុពល​អនាគត​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​

ត្រឹម​អាយុ​៩​ឆ្នាំ​ កុមារី ​មិញ​ជូ ​ចេះ​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​បង្ហាញ​ពី​សក្តានុពល​អនាគត​ក្មេងស្រី​ក្នុង​វិស័យ​ឌីជីថល​

​សៀមរាប​ ​៖ ​ខណៈ​កុមារ​ជាច្រើន​នៅ​វ័យ​ ​៩​ ​ឆ្នាំ​ចំណាយ​ពេល​លេង​ហ្គេម ​តែ​សម្រាប់​កុមារី ​យិន ​មិញ​ជូ ​សិស្ស​ថ្នាក់​ទី​៤​ ​នៃ​សាលា​បឋមសិក្សា​កេស​រារាម ​ខេត្ត​សៀមរាប​ ​កំពុង​រៀន​សរសេរ​កូដ ​និង​បង្កើត​ហ្គេម​ដោយ​ខ្លួនឯង​ ​និង​មិត្ត​រួម​ក្រុម​របស់​នាង​។ ​តាមរយៈ​កម្មវិធី​ ​Game​ ​Changers​ ​Coalition​ ​ដែល​គាំទ្រ​ដោយ​អង្គការ​ ​UNICEF​ ​នាង​បាន​អភិវឌ្ឍ​ជំនាញ​ឌីជីថល ​ការ​គិត​បែប​ច្នៃប្រឌិត​ ​និង​សមត្ថភាព​ដោះស្រាយ​បញ្ហា​តាំងពី​វ័យ​ក្មេង​។​

Advertisement

​មិញ​ជូ ​និង​មិត្ត​រួម​ក្រុម​ ​Girl​ ​Digital​ ​មិន​ត្រឹមតែ​រៀន​សរសេរ​កូដ​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​រៀន​បង្កើត​ហ្គេម ​ធ្វើ​ការងារ​ជា​ក្រុម​ និង​ហ្វឹកហាត់​ការ​ធ្វើ​បទបង្ហាញ​ប្រកបដោយ​ទំនុកចិត្ត​។ ​ជំនាញ​ទាំងនេះ​បាន​ជួយ​ឱ្យ​ពួកគេ​បង្កើត​ហ្គេម​ដំបូង​របស់​ខ្លួន​ និង​ចូលរួម​ការ​ប្រកួត​ ​National​ ​Game​ ​Jam​ ​Cambodia​ ​កាលពី​ខែធ្នូ ​ឆ្នាំ​២០២៥​ ​ដែល​រៀបចំ​ដោយ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​សហការ​ជាមួយ​ ​UNICEF​ ​ដោយ​ទទួលបាន​រង្វាន់​លើកទឹកចិត្ត​។​

​អង្គការ​ ​UNICEF​ ​ចាត់ទុក​កុមារី​ដូចជា​ ​មិញ​ជូ ​ជា​ ​«​ទំពាំង​ស្នង​ឫស្សី​» ​ដែល​អាច​ក្លាយជា​កម្លាំង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​ឌីជីថល​របស់​កម្ពុជា​នា​ពេល​អនាគត​។ ​សម្រាប់​អង្គការ​នេះ​ ការ​ផ្តល់​ឱកាស​ឱ្យ​កុមារី​រៀន​ជំនាញ​ឌីជីថល ​និង​ ​STEAM​ ​តាំងពី​វ័យ​ក្មេង​ ​គឺជា​ការ​វិនិយោគ​លើ​ធនធាន​មនុស្ស​ដែល​នឹង​ជួយ​ប្រទេស​ឆ្ពោះ​ទៅរក​សេដ្ឋកិច្ច​ឌីជីថល​។

​លោក​ ​ប៉ាត់ ​អ៊ុន ​នាយក​រង​សាលា​បឋមសិក្សា​កេស​រារាម ​បាន​ប្រាប់​ ​AMS​ ​ថា​ ​បច្ចុប្បន្ន​សាលា​មាន​កុមារី​ជាង​ ​២៥​នាក់​បាន​និង​កំពុង​សិក្សា​ជំនាញ​ឌីជីថល ​ដោយ​រៀន​សរសេរ​កូដ ​បង្កើត​ហ្គេម ​ធ្វើ​ការងារ​ជា​ក្រុម​ និង​អភិវឌ្ឍ​សមត្ថភាព​ដោះស្រាយ​បញ្ហា​។​

​លោក​បន្ត​ថា​ ​មិញ​ជូ ​និង​កុមារី​ដទៃ​ទៀត​ ​មិន​ត្រឹមតែ​បង្ហាញ​សមត្ថភាព​លេចធ្លោ​ក្នុង​វិស័យ​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ថែមទាំង​មាន​លទ្ធផល​សិក្សា​ល្អ​នៅក្នុង​ថ្នាក់​ផងដែរ​។​

ពួកគាត់​ជា​ក្មេងស្រី​តូច​ៗ​ ​ប៉ុន្តែ​រៀន​ពូកែ​ ​និង​ឆ្លាតវៃ​លើ​ជំនាញ​ឌីជីថល​។ ​គ្រូបង្រៀន​អ្វី​ ​ពួកគាត់​ឆាប់​ចាប់​បាន​ និង​យល់​។ ​ខ្ញុំ​សង្ឃឹម​ថា​ ​ពួកគាត់​នឹង​មាន​អនាគត​ល្អ​ និង​អាច​ក្លាយជា​ធនធាន​មនុស្ស​សំខាន់​សម្រាប់​ប្រទេសជាតិ​

​ការ​ចាប់អារម្មណ៍​របស់​ក្មេងស្រី​លើ​ការ​សរសេរ​កូដ​ក៏​កំពុង​កើនឡើង​ផងដែរ​។ ​លោកស្រី​ ​ជីន ​ដាលីន ​អ្នកដឹកនាំ​គម្រោង​ ​Sisters​ ​of​ ​Code​ ​បាន​ប្រាប់​ ​AMS​ ​ថា​ ​ចំនួន​កុមារី​ដាក់ពាក្យ​ចូលរួម​កម្មវិធី​ ​Sisters​ ​of​ ​Code​ ​Ambassadors​ ​បាន​កើនឡើង​ជារៀងរាល់​ឆ្នាំ​ ​ដែល​ឆ្លុះបញ្ចាំង​ពី​ការ​កើនឡើង​នៃ​ការ​ចាប់អារម្មណ៍​របស់​ក្មេងស្រី​លើ​វិស័យ​បច្ចេកវិទ្យា​។​

​ស្រប​ពេល​ពិភពលោក​ប្រារព្ធ ​ទិវា​ជំនាញ​យុវជន​អន្តរជាតិ​ ​(​International​ ​Youth​ ​Skills​ ​Day​) ​រឿងរ៉ាវ​របស់​ ​មិញ​ជូ ​បាន​បង្ហាញ​ថា​ ​អាយុ​មិន​មែន​ជា​ឧបសគ្គ​ក្នុង​ការ​រៀន​បច្ចេកវិទ្យា​នោះ​ទេ​។ ​ផ្ទុយទៅវិញ​ ​ប្រសិនបើ​កុមារ​ទទួលបាន​ឱកាស​ ការ​ណែនាំ​ និង​ការ​គាំទ្រ​ត្រឹមត្រូវ​ ​ពួកគេ​អាច​ក្លាយជា​អ្នកបង្កើត​បច្ចេកវិទ្យា​ ​មិន​មែន​គ្រាន់តែ​ជា​អ្នកប្រើប្រាស់​បច្ចេកវិទ្យា​ប៉ុណ្ណោះ​ឡើយ​។​

​សម្រាប់​ ​មិញ​ជូ ​ការ​សរសេរ​កូដ​គឺ​លើស​ពី​ការ​រៀន​មុខវិជ្ជាថ្មី​មួយ​។ ​វា​ជា​ច្រក​ទ្វារ​ដែល​បើក​ឱកាស​ឱ្យ​ក្មេងស្រី​តូច​ម្នាក់​អាច​ស្រមៃ ​ច្នៃប្រឌិត​ ​និង​ប្រែក្លាយ​គំនិត​របស់​ខ្លួន​ឱ្យ​ក្លាយជា​ការ​ពិត​ តាមរយៈ​បច្ចេកវិទ្យា​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា