ត្រឹម​កម្ពស់​ ​៩០​ ​សង់ទីម៉ែត្រ ​យុវតី​ ង៉ែត ​សេដ្ឋា ​មិន​តូចចិត្ត​នឹង​វាសនា ​ជំនះ​រៀន​រហូតដល់​បញ្ចប់​បរិញ្ញាបត្រ​ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រឹម​កម្ពស់​ ​៩០​ ​សង់ទីម៉ែត្រ ​យុវតី​ ង៉ែត ​សេដ្ឋា ​មិន​តូចចិត្ត​នឹង​វាសនា ​ជំនះ​រៀន​រហូតដល់​បញ្ចប់​បរិញ្ញាបត្រ​

ត្រឹម​កម្ពស់​ ​៩០​ ​សង់ទីម៉ែត្រ ​យុវតី​ ង៉ែត ​សេដ្ឋា ​មិន​តូចចិត្ត​នឹង​វាសនា ​ជំនះ​រៀន​រហូតដល់​បញ្ចប់​បរិញ្ញាបត្រ​

​ថ្វីបើ​មាន​កម្ពស់​ត្រឹម​ ​៩០​ ​សង់ទីម៉ែត្រ ​និង​កើត​មក​ជាមួយ​សភាព​រាងកាយ​ខុសពី​មនុស្ស​ទូទៅ​ក៏ដោយ​ ​កញ្ញា​ ង៉ែត ​សេដ្ឋា ​មិន​ដែល​អនុញ្ញាតឱ្យ​ពិការ​ភាព ​ឬ​ភាព​ក្រីក្រ​កំណត់​អនាគត​របស់​ខ្លួន​ឡើយ​។ ​ដោយ​មាន​ការ​តស៊ូ ​និង​ការ​តាំងចិត្ត​ ​យុវតី​វ័យ​ ​២៦​ ​ឆ្នាំ​រូប​នេះ​ ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​ដៃ​ ​ពី​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ​ ​ហើយ​សង្ឃឹម​ថា​ ​នឹង​ទទួលបាន​ឱកាស​ការងារ​ដែល​សមស្រប​នឹង​សមត្ថភាព​របស់​ខ្លួន​។​

Advertisement

​មាន​ស្រុក​កំណើត​នៅ​ភូមិ​បន្ទាយ​ឆ្មា ​ឃុំ​បន្ទាយ​ឆ្មា ​ស្រុក​ថ្ម​ពួក ​ខេត្ត​បន្ទាយមានជ័យ ​សេដ្ឋា ​បាន​ឱ្យដឹង​ថា​ ​នាង​កើត​មក​មាន​រាងកាយ​តូច​ពី​កំណើត​ ​ដោយ​គ្រូពេទ្យ​បាន​បញ្ជាក់​ថា​ ​ជា​ស្ថានភាព​ពី​កំណើត​ ​មិន​មែន​កើតឡើង​នៅ​ពេល​ក្រោយ​ឡើយ​។​

​សេដ្ឋា ​រៀបរាប់ប្រាប់​ ​AMS​ ​ថា​ ​«​ថ្មី​ៗ​នេះ​ ​ខ្ញុំ​ទើប​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​ ​និង​បច្ចេកវិទ្យា ​ជំនាញ​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​ដៃ​ ​ពី​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​។ ​ខ្ញុំ​ឃើញ​គេ​ស្លៀកពាក់​ស្អាត​បាត​ ​មាន​ការងារ​ធ្វើ​។ ​ដោយសារ​រូបរាង​ខ្ញុំ​តូច​ ​ខ្ញុំ​មិន​ដឹង​ថា​គួរ​រៀន​ជំនាញ​អ្វី​ទើប​សាកសម ​ទើប​សម្រេចចិត្ត​ជ្រើសរើស​ជំនាញ​នេះ​ ​ដោយ​សង្ឃឹម​ថា​នឹង​អាច​មាន​ការងារ​សមរម្យ​ដូច​គេ​ដែរ​»​។​

​យុវតី​រូប​នេះ​បាន​បន្ត​ថា​ ​នាង​ធំ​ធាត់​ក្នុង​គ្រួសារ​ក្រីក្រ ​និង​ជា​កូន​ច្បង​ក្នុង​ចំណោម​បងប្អូន​បី​នាក់​។ ​ក្នុង​គ្រួសារ​ មាន​តែ​នាង​ម្នាក់​ប៉ុណ្ណោះ​ដែល​មាន​សភាព​រាងកាយ​បែប​នេះ​។ ​ទោះបីជា​យ៉ាងណា​ ​នាង​មិន​ដែល​បន្ទោស​វាសនា ​ឬ​បោះបង់​ក្តីស្រមៃ​របស់​ខ្លួន​ឡើយ​។​

​«​ខ្ញុំ​មិន​តូចចិត្ត​នឹង​វាសនា​ទេ​។ ​បើ​កើត​មក​បែប​នេះ​ហើយ​ ​មាន​តែ​តស៊ូ​បន្ត​ទៅ​មុខ​។ ​ខ្ញុំ​មិន​ចង់​បោះបង់​ការ​សិក្សា​ទេ​ ​ហើយ​ខំប្រឹង​រៀន​រហូតដល់​បាន​បរិញ្ញាបត្រ​»​

​សេដ្ឋា ​បាន​ទទួលស្គាល់​ថា​ ​ផ្លូវ​ទៅកាន់​ភាព​ជោគជ័យ​មិន​មែន​ងាយស្រួល​ឡើយ​។ ​កាល​សិក្សា​នៅ​វិទ្យាល័យ​បន្ទាយ​ឆ្មា ​នាង​ធ្លាប់​មាន​អារម្មណ៍​អន់ចិត្ត​ ​និង​គិត​ចង់​បោះបង់​ការ​សិក្សា​ ​ព្រោះតែ​រូបរាង​ខុសប្លែក​ពី​មិត្ត​រួម​ថ្នាក់​។ ​ប៉ុន្តែ​ ​ក្តីស្រឡាញ់​ចំពោះ​ការ​សិក្សា​ ​និង​បំណង​ចង់​មាន​អាជីព​មួយ​ ​បាន​ជំរុញ​ឱ្យ​នាង​បន្ត​ខិតខំ​រហូតដល់​បញ្ចប់​ការ​សិក្សា​។​

​សម្រាប់​សេដ្ឋា ​ការ​ទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​មិន​មែន​ជា​ទីបញ្ចប់​នៃ​ការ​តស៊ូ​នោះ​ទេ​ ​ប៉ុន្តែ​ជា​ចំណុច​ចាប់ផ្តើម​នៃ​ដំណើរ​ជីវិត​ថ្មី​ ​ដែល​នាង​សង្ឃឹម​ថា​ ​នឹង​អាច​បង្ហាញ​សមត្ថភាព​ និង​រស់​នៅ​ដោយ​ឯករាជ្យ​ដូច​មនុស្ស​គ្រប់​រូប​។​

​លោក​ វ៉ាង​ ​សុវណ្ណ ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ​បាន​មានប្រសាសន៍​ថា​ ​លោក​បាន​មើលឃើញ​ពី​ការ​ខិតខំប្រឹងប្រែង​របស់​ ​សេដ្ឋា ​ពេញ​មួយ​អំឡុង​ពេល​សិក្សា​។ ​ទោះបី​មាន​ពិការ​ភាព​ពី​កំណើត​ក៏ដោយ​ ​នាង​មិន​ដែល​បោះបង់​ការ​សិក្សា​ ​ហើយ​បាន​តស៊ូ​រហូត​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​។​

​លោក​បាន​បន្ត​ថា​ ​ការ​តស៊ូ​របស់​សេដ្ឋា ​គឺជា​គំរូល្អ​មួយ​សម្រាប់​ជន​មាន​ពិការ​ភាព​ផ្សេង​ទៀត​ ​ឱ្យ​បន្ត​ការ​សិក្សា​ ​ខិតខំប្រឹងប្រែង​ និង​កសាង​អនាគត​របស់​ខ្លួន​តាមរយៈ​ការ​អប់រំ​។

​សូម​ជម្រាប​ថា​ ​កាលពី​ថ្ងៃទី​២៣​ ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​ឧប​នាយក​រដ្ឋមន្ត្រី​ ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា ​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​កម្រិត​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ នៃ​សាកលវិទ្យាល័យ​ជាតិ​មាន​ជ័យ ​ដែល​មាន​និស្សិត​ជ័យលាភី​សរុប​ប្រមាណ​ ​១,០៦៧​ ​នាក់​។​ ក្នុង​ចំណោម​នោះ​ ​ក៏​មាន​កញ្ញា​ ង៉ែត ​សេដ្ឋា ​ផងដែរ​។​

​ក្នុង​ឱកាស​នោះ​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​បាន​លើកទឹកចិត្ត​ដល់​និស្សិត​ជ័យលាភី​ទាំងអស់​ ​ឱ្យ​បន្ត​សិក្សា​ ​និង​អភិវឌ្ឍ​សមត្ថភាព​របស់​ខ្លួន​ ​ដោយ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​ «​ការ​សិក្សា​ពេញ​មួយ​ជីវិត​» ​និង​យក​ចំណេះដឹង​ដែល​ទទួលបាន​ទៅ​ចូលរួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា