AUF គ្រោងដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅភ្នំពេញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
AUF គ្រោងដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅភ្នំពេញ

AUF គ្រោងដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅភ្នំពេញ

ទីភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF) គ្រោងដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលជាការបង្ហាញពីទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង AUF និងរាជរដ្ឋាភិបាលកម្ពុជា។ នេះបើតាមការបញ្ជាក់របស់សាស្ត្រាចារ្យ Slim KHALBOUS នាយកប្រតិបត្តិនៃទីភ្នាក់ងារសាកលវិទ្យាល័យនៃប្រទេសប្រើប្រាស់ភាសាបារាំង (AUF)។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសវេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិក (CSFAP) លើកទី១ ដែលប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងរាជធានីភ្នំពេញ។

សាស្ត្រាចារ្យ Slim KHALBOUS មានប្រសាសន៍ថា លោកនឹងរួមជាមួយឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ប្រកាសអំពីការដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ AUF នៅកម្ពុជា។ លោកចាត់ទុកការវិវត្តនេះថា ជាសក្ខីភាពបង្ហាញពីទំនុកចិត្តរវាង AUF និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងជាការទទួលស្គាល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងស្ថាប័នទាំងពីរ។

លោកបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាង AUF និងកម្ពុជា ជាពិសេសជាមួយក្រសួងការបរទេស និងក្រសួងអប់រំ យុវជន និងកីឡា មានភាពល្អប្រសើរ និងស៊ីសង្វាក់គ្នា។ ជាក់ស្តែង ការរៀបចំវេទិកាអន្តរជាតិនេះបានយ៉ាងល្អប្រសើរ គឺជាសក្ខីភាពបញ្ជាក់ពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមការងាររបស់ AUF និងក្រសួងពាក់ព័ន្ធ។

វេទិកាវិទ្យាសាស្ត្រហ្វ្រង់កូហ្វូនអាស៊ី-ប៉ាស៊ីហ្វិកលើកទី១នេះ មានអ្នកចុះឈ្មោះចូលរួមជាង៤០០នាក់ មកពីប្រទេសចំនួន៣០ និងតំណាងឱ្យសាកលវិទ្យាល័យចំនួន១៦០ នៅទូទាំងពិភពលោក។

វេទិកានេះមានសមាសភាគសំខាន់ៗចំនួន៣ រួមមាន មហាសន្និបាតស្តីពីការអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា សន្និសីទសាកលវិទ្យាធិការ និងប្រធានសាកលវិទ្យាល័យមកពីតំបន់អាស៊ីប៉ាស៊ីហ្វិក និងសន្និសីទអន្តរជាតិស្តីពីប្រធានបទវិទ្យាសាស្ត្រផ្សេងៗ ដោយផ្តោតលើវិស័យសុខភាព និងការទូតវិទ្យាសាស្ត្រ។

ពាក់ព័ន្ធនឹងលទ្ធផលរំពឹងទុកពីវេទិកានេះ សាស្ត្រាចារ្យ Slim KHALBOUS បានលើកឡើងថា សមិទ្ធផលសំខាន់មួយសម្រាប់កម្ពុជា គឺការរៀបចំផែនទីបង្ហាញផ្លូវរួមគ្នា សម្រាប់កំណែទម្រង់វិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

លោកបានបញ្ជាក់ថា បន្ទាប់ពីដំណើរការពិគ្រោះយោបល់យ៉ាងទូលំទូលាយដែលបានអនុវត្តក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមក AUF នឹងសហការជាមួយក្រសួងពាក់ព័ន្ធ និងអ្នកជំនាញអន្តរជាតិ ដើម្បីរៀបចំឯកសារគោលនយោបាយណែនាំមួយ ដែលកំណត់ទិសដៅ និងគោលការណ៍សំខាន់ៗសម្រាប់កំណែទម្រង់វិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

ក្រៅពីនេះ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្ររវាងប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហគមន៍ប្រើប្រាស់ភាសាបារាំងនៅទូទាំងពិភពលោក។

លោកបានអំពាវនាវឱ្យអ្នកវិទ្យាសាស្ត្រចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងសហគមន៍ហ្វ្រង់កូហ្វូន ដោយសង្កត់ធ្ងន់ថា អ្នកវិទ្យាសាស្ត្រមានតួនាទីសំខាន់ក្នុងការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងមិត្តភាពរវាងប្រជាជាតិ។

លោកបានបន្ថែមថា ក្នុងបរិបទនៃការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោកនាពេលបច្ចុប្បន្ន ការទូតវិទ្យាសាស្ត្រកំពុងដើរតួនាទីកាន់តែសំខាន់ ហើយពិភពលោកត្រូវការវិទ្យាសាស្ត្រ សន្តិភាព និងអព្យាក្រឹតភាពក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ។

ទាក់ទងនឹងស្ថានភាពស្រាវជ្រាវវិទ្យាសាស្ត្រនៅកម្ពុជា និងតំបន់អាស៊ីប៉ាស៊ីហ្វិក សាស្ត្រាចារ្យ Slim KHALBOUS បានយល់ឃើញថា សាកលវិទ្យាល័យនៅក្នុងតំបន់បានចាប់ផ្តើមអភិវឌ្ឍសកម្មភាពស្រាវជ្រាវវិទ្យាសាស្ត្រយ៉ាងសកម្មក្នុងរយៈពេលមិនយូរប៉ុន្មាននេះ។ ដូច្នេះ ការរៀបចំរចនាសម្ព័ន្ធ និងការពង្រឹងប្រព័ន្ធស្រាវជ្រាវឱ្យកាន់តែមានប្រសិទ្ធភាព គឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់។

លោកបានកត់សម្គាល់ថា បញ្ហាប្រឈមមួយដែលត្រូវដោះស្រាយ គឺការស្រាវជ្រាវមួយចំនួននៅមិនទាន់មានទំនាក់ទំនងជិតស្និទ្ធគ្រប់គ្រាន់ជាមួយស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន វិស័យធុរកិច្ច និងតម្រូវការរបស់សង្គមនៅឡើយទេ។

ហេតុនេះ AUF មានគោលបំណងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីជំរុញការផ្លាស់ប្តូរទិសដៅនៃការស្រាវជ្រាវ ពីការស្រាវជ្រាវបែបសិក្សាសុទ្ធសាធនៅក្នុងរង្វង់សាកលវិទ្យាល័យ ទៅជាការស្រាវជ្រាវដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សង្គម និងអាចផ្តល់ដំណោះស្រាយដែលមានផលជះជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គម។

លោកបានបង្ហាញជំនឿថា មហិច្ឆតានេះនឹងត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់នៅក្នុងផែនទីបង្ហាញផ្លូវសម្រាប់កំណែទម្រង់វិស័យអប់រំឧត្តមសិក្សា និងការស្រាវជ្រាវនៅកម្ពុជា។

សូមជម្រាបថា ការពង្រឹងកិច្ចសហប្រតិបត្តិការរវាង AUF និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងការដាក់ការិយាល័យប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៅរាជធានីភ្នំពេញ ត្រូវបានរំពឹងថា នឹងបើកឱកាសកាន់តែទូលំទូលាយសម្រាប់កម្ពុជាក្នុងការតភ្ជាប់បណ្តាញសាកលវិទ្យាល័យ ការផ្លាស់ប្តូរចំណេះដឹង និងការស្រាវជ្រាវជាមួយបណ្តាប្រទេសក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងលើកកម្ពស់តួនាទីរបស់កម្ពុជាក្នុងសហគមន៍វិទ្យាសាស្ត្រហ្វ្រង់កូហ្វូននៅលើឆាកអន្តរជាតិ៕

លោកស្រី សែន ដាវិត | Mrs. Sen David

លោកស្រី សែន ដាវិត | Mrs. Sen David

ជីវប្រវត្តិ ៖ លោកស្រី សែន ដាវិតបានបញ្ចប់ការសិក្សាផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច។ លោកស្រីមានបទពិសោធន៍ជាអ្នកសារ​ព័ត៌មាន ក្នុងផ្នែកបោះពុម្ព វិទ្យុ និងជាអ្នក​រាយការណ៍ព័ត៌មានទូរទស្សន៍។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា